កម្ពុជា

គណបក្ស​ប្រជា​ជន​នឹង​ពិភាក្សា​បញ្ហា​ដី​ធ្លី ​ពង្រឹង​ស្មារតី​សកម្ម​ជន និង​​បញ្ចូល​ឈាម​ថ្មី

លោក ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្ស និង​លោក​នាយ​ក​រដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស​​ដែលធ្វជា​ប្រ​ធាន​មហាសន្និ​បាត នៅថ្ងៃ​ទី៣០ មករា​
លោក ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្ស និង​លោក​នាយ​ក​រដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស​​ដែលធ្វជា​ប្រ​ធាន​មហាសន្និ​បាត នៅថ្ងៃ​ទី៣០ មករា​ © siv channa

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើកិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ មករា​នៅមជ្ឈមណ្ឌល​កោះពេជ្យ។ នេះ​គឺជា​កិច្ច​ប្រជុំ​លើក​ទី​៣៩​ដើម្បី​ដាក់​ទិស​ដៅ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧។ កិច្ច​ប្រជុំ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​១៥០០នាក់ នេះ​នឹង​ពិភាក្សា​ស្តី​ពី​ទំនាស់​ដី​ធ្លី ការ​ពង្រឹង​សមាជិក​ភាព និង​ការ​ដាក់​បញ្ចូល​ឈាម​ថ្មី​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​

ផ្សាយពាណិជ្ជកម្ម

បញ្ហា​ជម្លោះ​ដីធ្លី បញ្ហា​អយុត្តិធម៌​ដោយ​ការ​បំពារបំពាន ការ​ពង្រឹង​ស្មារតី​សកម្មជន​គណបក្ស​បន្ទាប់​ពីបាត់បង់​សំឡេង​គាំ​ទ្រ​ក្រោយ​ការ​បោះ​ឆ្នោត រួម​ទាំង​ការ​ដាក់​បញ្ចូល​បេក្ខភាព​យុវជន​និង​នារី​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​២០១៧។ ទាំង​នេះ​គឺ​ជា​ប្រធាន​បទ​សំខាន់ៗ​សម្រាប់​កិច្ច​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ដែល​នឹង​ប្រព្រឹត្តិ​ចាប់​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១០​មករា​នេះ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យគណបក្សកាន់អំណាចបានសង្កត់ធ្ងន់ថា ប្រធានបទទាំងនេះ គឺដើម្បីពង្រឹង បង្កើនប្រសិទ្ធភាព​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥។ ជា​ការ​ពង្រឹង​​​ព្រោះ​​ថា ទំនាស់​​ដី​​ធ្លី ​គឺ​​ជា​​អាយុ​​ជីវិត​​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​សង្គម។ ដោយ​ឡែក​ប្រធាន​បទ​នៃ ការពង្រឹង​សតិអារម្មណ៍​របស់​សមាជិក​គណ​បក្ស​វិញ លោក សុខ ឥសាន បាន​បញ្ជាក់​ថា គឺ​ជា​ការ​ពង្រឹង​សតិ​អារម្មណ៍​សមាជិក​បក្ស​ទាំង៥​លាន ៥សែន​ឡើង​វិញ​ព្រោះ​ថា​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​កន្លង​ទៅ សមាជិក​សឹង​ពាក់​កណ្តាល​មិន​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ខ្លួន​ឡើយ​។ បើ​តាម​លោក​សុខ ឥសាន​ នោះ គឺ​ជា​ការ​បោះ​ឆ្នោត​ព្រមាន​គណបក្ស​ប្រជាជន​ខ្លួន​ឯង​ចំពោះ​បញ្ហា​ចន្លោះ​ប្រហោង​កន្លង​ទៅ។ 

ចំពោះ​ប្រធាន​បទ​យុវជន និង​បេក្ខភាព​នារី​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​វិញ លោក​សុខ ឥសាន បាន​បន្ថែម​ថា នេះ​គឺ​ជាយុទ្ធ​សាស្ត្រ​របស់​គណបក្ស​ដើម្បី​ចាក់​បញ្ចូល​ឈាម​ថ្មី​នៅ​ក្នុង​កិច្ច​ការ​ងារ ដើម្បី​ធ្វើ​កិច្ចការ​ជួស​សមាជិក​បក្ស​ចាស់ៗ​ដែល​នឹង​អាច​ចូល​និវត្តន៍​នៅ​ពេល​ខាង​មុខ។ 

បើតាម​កម្ម​វិធី​ដែល​វិទ្យុ​បារាំង​ទទួល​បាន មេ​ដឹក​នាំ​គណបក្ស​ទាំង​បួន​រូប​នឹង​ចូល​រួម។ លោក ហេង សំរិន ដែល​ជា​ប្រធានស្តីទី​គណបក្ស​នឹង​ឡើង​សន្ទរ​កថា​បើក​កិច្ច​ប្រជុំ បន្ទាប់​មក​គឺ​លោក សាយ ឈុំ អនុ​ប្រធាន​គណបក្ស​និង​ជាប្រធាន​ព្រឹទ្ធសភា​នឹង​ឡើង​ថ្លែង​សន្ទរកថា​លទ្ធផល​នយោបាយ​បូក​សរុប​ការងារ​ពី​សន្និបាត​៣៨ និង ៣៩ បន្ទាប់​មក​ទៀត​គឺ​លោក ស ខេង អនុ​ប្រធាន​បក្ស និង​ជារដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ នឹង​ឡើង​ថ្លែង​សន្ទរកថា​ពី​ផែនការ​ការងារ​សម្រាប់​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ចុង​ក្រោយ​គឺ​ជាសន្ទរក​ថា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​​​​​​​​​​​​បក្ស នឹង​បូក​សរុប​ការងារ​ចុងក្រោយ និងផ្តល់​អនុសាសន៍។​

គួ​រំ​លឹក​ថា ​ក្នុង​ចំណោម​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​មហា​សន្និបាត​ទាំង​១ពាន់​៥រយ​នាក់​នៅ​ថ្ងៃ​ទី​៩ មករា​នេះ គឺ​មាន​សមាជិក​គណៈកម្មាធិកា​កណ្តាល​ចំនួន​៥៤៥ និង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​មក​ពីឃុំ​សង្កាត់ សុ្រកខណ្ឌ និងខេត្ត។

បើទោះ​បីជា​បែប​ណា​ក៏​ដោយ​កិច្ច​ប្រជុំ​សន្និ​បាត​ដែល​មាន​សមាជិក​ចូល​រួម​ប្រមាណ​១ពាន់​៥រយនាក់​លើក​ទី៣៩​នេះ គឺ​មិន​លើក​យក​បញ្ហា​រស៊ើប​ស្តី​ពី​បញ្ហា​ព្រំដែន និង​បញ្ហា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នោះទេ​។ នេះបើតាមលោក សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI