អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រជាជន​បាន​ដាក់​បញ្ជី​បេក្ខជន​ទៅ​គជប​ដើម្បី​ទទួល​យក​អាសនៈ​នៅ​សល់

ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដោយម៉ូតូ នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃផ្តើមឃោសនាដំបូង ទី២៧ មិថុនា។
ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដោយម៉ូតូ នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃផ្តើមឃោសនាដំបូង ទី២៧ មិថុនា។ RFI/ស៊ីវ​ចាន់ណា
ដោយ៖ អេង គីមហុង
១៧ នាទី

គជប បាន​អះ​អាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បញ្ជី​បេក្ខជនមក​គជប​រួច​ហើយ ដើម្បី​ទទួល​យក​អាសនៈ​នៅ​សល់​ចំនួន១១ នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ចំនួន​៥រួមមាន៖ បាត់ដំបង កំពង់ចាម តាកែវ ភ្នំពេញ និងព្រៃវែង។ បើតាម គជបគណបក្ស​ដទៃ​ដែល​ចង់​ទទួក​យក​អាសនៈ​ដែល​នៅ​សល់​នេះ ត្រូវ​ផ្ដល់​ព័ត៌មាន​មក​កាន់គជប។

ផ្សាយពាណិជ្ជកម្ម

ទោះ​បី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ទៅ​គជប​ដើម្បី​ទទួល​យក​​អាសនៈ​ចំនួន​១១​ដែល​នៅ​សល់​រួច​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា អាស​នៈ​​ចំនួន​១១​នេះ​ត្រូវបាន​ទៅ​គណបក្ស​ប្រជាជន​ទាំង​អស់​នោះ​ទេ។ បើ​តាម​ការ​ពន្យល់​របស់​លោក លោក សោម សូរីដា អគ្គលេខាធិការរង នៃ​គណៈកម្មាការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប, អាសនៈ​ទាំង​១១​នេះ នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​៣ផ្សេង​ទៀត​ដែល​ទទួល​បាន​អាសនៈ​រួច​ហើយ​ផង​ដែរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក សោម សូរីដា បន្ថែមថា ​ក្នុង​ករណី​គណបក្ស​៣​ដែល​ទទួល​បាន​អាសនៈ​នៅសល់​នេះ មិន​បាន​ផ្ដល់​ព័ត៌មាន​មក គ.ជ.ប ទេ, គ.ជ.ប​នឹង​ធ្វើ​ការ​បែង​ចែក​អាសនៈ​ទៅឲ្យ​គណបក្ស​៣នេះ​ទៅ​តាម​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត​នៅ​ឆ្នាំ២០១៣។ ដូច​គ្នា​ដែរ ទោះ​ជា​គណបក្ស​ប្រជាជន​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក៏​ដោយ ក៏ គ.ជ.ប នឹង​នៅ​តែ​ធ្វើ​ការ​បែងចែក​អាសនៈ​ចំនួន​១១​ទៅ​ឲ្យ​គណបក្ស​នេះ​ដោយ​ស្វ័យ​ប្រវត្តិដោយ​ផ្អែក​ទៅ​តាម​លទ្ធផល​បោះឆ្នោត និង​សន្លឹក​ឆ្នោត​ដែល​ពួកគេ​ទទួល​បាន​នា​ពេលកន្លង​មក។ នេះ​បើ​តាម​លោក សោម សូរីដា។

សូមបញ្ជាក់ថា ការ​បែង​ចែក​អាសនៈ​ដែល​នៅ​សល់​ទៅ​ឲ្យ​គណបក្ស​៤​នេះ​ធ្វើ​ឡើងដោយ​ផ្នែក​ទៅ​តាម​មាត្រា​១៣៨​ស្ទួន​កថាខណ្ឌ​ខាង​ក្រោយ នៃ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ មាត្រា​១៣៨​ស្ទួន​នោះ​ចែងថា ក្នុង​ករណី​គ្មាន​គណបក្ស​ណា​ទទួល​យក​អាសនៈ​ដែល​នៅ​ទំនេរ អាសនៈ​នោះ​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្សដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​នេះ កើន​ឡើង​ដល់​៤​គណបក្ស​ហើយ គឺ​គណបក្ស​ប្រជាជនកម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណ​បក្សសញ្ជាតិ​កម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជា​ការ​កត់​សម្គាល់ ដំណើរការ​បែង​ចែក​អាសនៈ​ចំនួន​១១​ដែល​នៅ​សល់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បដិសេធ​មិន​ទទួល​យក​អាសនៈ​ដែល​ច្បាប់​ចែក​ឲ្យ​ និង​ស្រប​ពេល​ដែល​សភា​គ្រោង​ប្រកាស​សុពល​ភាព​ទទួល​ស្គាល់​ជា​ផ្លូវ​ការ បេក្ខជន​តំណាងរាស្ត្រ​ចំនួន​៤៤​រូប មក​ពី​គណបក្ស​នយោ​បាយ​​ចំនួន​៣ ដែល​ព្រម​ទទួល​យក​អាសនៈ​រួច​រាល់​ហើយ​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សោម សូរីដា អះអាងថា ដំណើរ​ការ​សភា​មិន​ប៉ះពាល់​ដល់ការងារ​របស់​គ.ជ.ប​ក្នុង​ការ​ត្រៀម​ចែក​អាសនៈ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ទេ។

គួររម្លឹកថា តាម​រយៈ​ការ​បែង​ចែក​អាសនៈ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិន​ទទួល​បាន​អាសនៈ៤១ ហើយ​ព្រះម្ចាស់​នរោត្តមរណឬទ្ធ ទ្រង់​ក្លាយ​ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ជំនួស​លោក កឹម សុខា ។ ចំណែក​គណ​បក្ស​សញ្ជាតិកម្ពុជា​ទទួល​បាន​អាសនៈ២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទទួលបាន​១​អាសនៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ