កម្ពុជា-នយោបាយ

​គណបក្ស​ប្រជាជន​បន្ថែម​គណៈ​អចិន្ត្រៃយ៍​ថ្មី​៧​រូប ខណៈ​ឥស្សរ​ជន​មួយ​ចំនួន​នៃ​ថ្នាក់​កំពូល​នេះ​បាន​ទទួល​មរណៈ​ភាព​

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @Internet

គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈអចិន្ត្រៃយ៍​របស់​ខ្លួន​បន្ថែម​ចំនួន​៧​រូប​ទៀត ​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណៈអចិន្ត្រៃយ៍ បាន​កើន​ឡើង​រហូត​ដល់​៣៧​រូប​។ ​ការ​ជ្រើសរើស​គណៈអចិន្ត្រៃយ៍​បន្ថែម​នេះ ​គឺ​ធ្វើ​ឡើង ​ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ​ដែល​ជា​ថ្ងៃ​បញ្ចប់​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ 

ផ្សាយពាណិជ្ជកម្ម

សមាជិក​គណៈ​អ​ន្ត្រៃ​យ៍​ថ្មី​ ដែល​អង្គ​សន្និបាត​គណ​បក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​ចំនួន​ប្រាំ​ពីរ​រូប ​នៅ​ព្រឹក​នេះ​ រួមមាន ​លោក ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​លោក​ ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​លោក វង្ស​ ពិ​សេន ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ​លោក ​សៅ សុខា ​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក ​ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការរង ​និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ​និង​លោក ​ឥត សារ៉ាត់ ​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

ជាការ​កត់សម្គាល់ ការជ្រើសតាំង​សមាជិក​ថ្មី​បញ្ចូល​ទៅក្នុង​គណៈអចិន្ត្រៃយ៍​គណ​បក្ស​ប្រជាជន​នៅពេលនេះ គឺធ្វើឡើង​ដើម្បី​បំពេញបន្ថែម សមាជិក​មួយចំនួន ដែល​បានទទួល​មរណៈភាព​ក​ន្ល​ង​មក ​និង​បាន​កើន​ឡើង​លើស​ពី​មុន​ចំនួន​៣​រូប​។

ដោយឡែក​ក្នុង​ចំណោម ​សមាជិក​គណៈអចិន្ត្រៃយ៍​ថ្មី​ទាំង​៧​រូប ​ដែល​ត្រូវ​បាន​ជ្រើស​តាំង​នេះ គឺ​មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី​៣​រូប ​និង​ជា​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​៤​រូប​។ ​ជាង​នេះ​ទៅ​ទៀត ​ក្នុង​ចំណោម​សមាជិក​គណៈអចិន្ត្រៃយ៍​ទាំង​៣៧​រូប ​ដែល​ជា​ក្បាល​ម៉ាស៊ីន​ខ្ពស់​បំផុត​របស់​គណបក្ស​កាន់​អំណាច​នេះ ​ត្រូវ​គេ​កត់​សម្គាល់​ថា ​លោក ​ហ៊ុន ម៉ា​ណែ​ត ​កូនប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​គឺ​ជា​សមាជិក​ដែល​មាន​អាយុ​តិច​ជាងគេ ​និង​ជា​យុវជន​បន្ត​វេន ​ដែល​សាធារណៈជន ​និង​បណ្តាញ​ផ្សព្វផ្សាយ​ចោទសួរ ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​អនាគត​។

សូម​បញ្ជាក់​ថា ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ ​អាណត្តិ​ទី​៥ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ ​គឺ​ធ្វើ​ឡើង​ជា​ទៀងទាត់ ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​នយោបាយ​កន្លង​មក ​ព្រមទាំង​កំណត់​ទិសដៅ​នយោបាយ ​សម្រាប់​ពេល​ខាង​មុខ ​ក្នុង​នោះ​ក៏មាន​ការ​ពិភាក្សា​ត្រួត​ពិនិត្យ ​ការងារ​បច្ចុប្បន្ន​រប​ស់​គណបក្ស ​តើ​មាន​អ្វីខ្លះ​ដែល​សម្រេច​បាន​ជោគជ័យ ​អ្វីខ្លះ​ដែល​នៅ​សេស​សល់ អ្វីខ្លះ​ជា​បញ្ហា​ប្រឈម ​និង​អ្វីដែល​ត្រូវ​កែ​លម្អ​។ ​នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI