អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​ពេល​គណបក្ស​កាន់​អំណាច​ត្រូវ​អារ​កាត់​សាច់​ស្អុយ ដើម្បី​រក្សា​ប្រជាប្រិយភាព

សំឡេង ០៤:១៨
លោក​ហ៊ុន សែន ស្វាគមន៍​ដោយ​ក្រុម​កាយរិទ្ធ នៅ​ក្នុង​ពិធី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៧ មករា ឆ្នាំ​២០១៣
លោក​ហ៊ុន សែន ស្វាគមន៍​ដោយ​ក្រុម​កាយរិទ្ធ នៅ​ក្នុង​ពិធី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៧ មករា ឆ្នាំ​២០១៣ AFP
ដោយ៖ អ៊ឹម រចនា
២៩ នាទី

នៅ​ក្នុង​សំណុំ​រឿង​វាយ​ប្រហារ​តំណាង​រាស្ត្រពីរ​រូប​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់ ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​​ឲ្យ​បាន​​ បើ​ទោះ​បី​ជា​អ្នក​ប្រព្រឹត្ត​នោះ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​។ មែន​ទែន​ទៅ តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ដាក់​ទោសទណ្ឌ​មន្ដ្រី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ខុស​ឡើយ​។ តើ​វា​ដល់​ពេល​ហើយ​ឬ ដែល​គណបក្សនេះ ​ត្រូវ​អារកាត់​សាច់​ស្អុយ​របស់​ខ្លួន ដើម្បី​រក្សា​ប្រជាប្រិយភាព? ហើយ​ថា​តើ​ការ​អារ​កាត់​សាច់​ស្អុយ​នេះ ពិត​ជា​អាច​ថែ​រក្សា​ប្រជាប្រិយភាព​ឲ្យ​គណបក្ស​កាន់​អំណាច ឈាន​ទៅ​ឈ្នះ​ឆ្នោត​អាណត្តិ​ក្រោយ​ទៀតឬ​យ៉ាង​ណា​? 

ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​ដ៏​សាហាវ​ឃោរឃៅ​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​​ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង លោក គង់ សភា កាល​ពី​ដើ​សប្ដាហ៍​នេះ បាន​ទទួល​រង​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សំណាក់ស្ថាប័ន​ជាតិ​និង​អន្ដរជាតិ។ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង ក៏​បាន​ថ្កោល​ទោស​នូវ​អំពើ​ហិង្សា​នេះ​ដែរ និង​ថែម​ទាំង​បាន​ហៅ​​អំពើ​ហិង្សា​នោះ​ថា ជា​ទង្វើ​ថោក​ទាប​ថែម​ទៀត​ផង​។ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់ ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​​ឲ្យ​បាន​​ បើ​ទោះ​បី​ជា​អ្នក​ប្រព្រឹត្ត​នោះ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ក៏​ដោយ ឬ​ជា​អ្នក​ណា​ក៏​ដោយ​។

សេចក្ដី​ថ្លែងការណ៍​របស់ប្រមុខ​រដ្ឋាភិបាល​នៅ​ក្នុង​សំណុំ​រឿង​នេះ បាន​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ថា តើ​វា​ដល់​ពេល​ហើយ​ឬ ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​ហ៊ាន​អារ​កាត់​សាច់​ស្អុយ​របស់​ខ្លួន ដើម្បី​ថែ​រក្សា​ប្រជាប្រិយភាព?

មែន​ទែន​ទៅ នេះ​មិន​មែន​រឿង​ថ្មី​​ទេ ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច គម្រាម​ដាក់​ទោស​ទណ្ឌ​​ចំពោះ​មន្ដ្រី ឬ​អ្នក​គាំទ្រ​​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​។ បន្ទាប់​ពី​ធ្លាក់​អាសនៈ​ពី​៩០​មក​នៅ​ត្រឹម​៦៨ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន និង​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ឆ្លុះ​កញ្ចក់​ដុះ​ក្អែល​សម្អាត​ខ្លួនថែម​ទៀត​ផង​។ កំណែ​ទម្រង់​ការងារ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។ មន្ដ្រី​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​អំណាច ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ខុស​នឹង​ច្បាប់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​ផង​ដែរ​។ ដើម្បី​ការពារ​ប្រជាប្រិយភាព​របស់​ខ្លួន គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ញញើត​នឹង​ដាក់​ទោសទណ្ឌ​មន្ដ្រី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ខុស​ឡើយ​។

ការ​អារ​កាត់​សាច់​ស្អុយ​របស់​គណបក្ស​កាន់​អំណាច ត្រូវ​​អ្នក​វិភាគ​នយោបាយ​ផ្ដល់​តម្លៃ​ថា អាច​រួម​ចំណែក​ស្ដារ​ប្រជាប្រិយភាពរបស់​គណបក្ស​នេះ​បាន​ខ្លះ​នៅ​លើ​ឆាក​នយោបាយ។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នេះ ត្រូវ​រក្សា​ភាព​រ៉ឹងប៉ឹង​បំផុត នៅ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដូច​ដែល​បាន​សន្យា​។ គោលការណ៍​ច្បាប់ ដាច់​ខាត​ត្រូវ​តែ​គ្រប​ដណ្ដប់​លើ​មនោសញ្ចេតនា​។ មន្ដ្រី​ប្រព្រឹត្ត​ខុស​ច្បាប់​ត្រូវ​តែ​ដក​គ្រវាត់​ចោល ហើយ​ផ្ដល់​ឱកាស​ឲ្យ​មន្ដ្រី​ដែល​មាន​សមត្ថភាព​។

ជាការ​ពិត​ ការ​អារ​កាត់​សាច់​ស្អុយ​​​នេះ​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ធានា​នូវ​ជ័យ​ជំនះ​ផ្ដាច់​មុខ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឡើយ​។ បើ​តាម​អ្នក​វិភាគ មាន​ការងារ​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​បាន បើ​ចង់​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។

ការងារ​នោះ​ត្រូវ​ចាប់​ផ្ដើម​ពី​មន្ដ្រី​ថ្នាក់​លើ ដែល​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ឥរិយាបថក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មាន​ភាព​ស្អាត​ស្អំ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ ធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​បក្ស​។ ទន្ទឹម​គ្នានេះ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ត្រូវ​ធ្វើ​គ្រប់​កម្រិត ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​​។ ការងារ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ពុក​រលួយ​នេះ ទាមទារ​ឲ្យ​ដើរ​ស្រប​គ្នានឹង​ការ​​ផ្ដល់​រង្វាន់​ដល់​មន្ដ្រី​រាជការ​។ មន្ដ្រី​រាជការ​ដែល​ល្អ ត្រូវ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្កើន​ប្រាក់​ខែ​។

ជាមួយ​គ្នា​នោះ គណបក្ស​ប្រជាជន ចាំ​បាច់​ត្រូវ​តែ​អប់រំ​មន្ដ្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បម្រើ​ប្រជាជន​បាន​ត្រឹម​ត្រូវ ចៀសវាង​ការ​មិន​អើ​ពើ មិន​ខ្វាយ​ខ្វល់​ចំពោះ​​ប្រជាជន​មូលដ្ឋាន​ក្រោមការ​គ្រប់​គ្រង​របស់​ខ្លួន​។ ជា​ថ្នូរ​មក​វិញ មន្ដ្រី​ថ្នាក់​ក្រោម​គ្រប់​រូប ត្រូវ​តែ​ទទួល​បាន​នូវ​ប្រាក់​ខែ​ច្រើន​ជាង​មុន ដើម្បី​ជីវភាព​ល្អ​​ប្រសើរ​ជាង​មុន។

ទាំង​នេះ​គឺជា​វិញ្ញាសារ​សាក​ល្បង​សម្រាប់​គណបក្ស​ប្រជាជន ដើម្បី​​​ជួយ​ស្ដារ​មុខ​មាត់​ និង​ប្រជាប្រិយភាព​ សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។ ​ភាព​ស្ទាក់ស្ទើរណាមួយ​ដែល​បង្អាក់​កំណែ​ទម្រង់​ទាំង​នេះ នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​ដឹក​នាំ​ ក៏​ដូច​ជា​ប្រជាប្រិយភាព​របស់​គណបក្ស​ទាំង​មូល​។ យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្ត​តែង​តែ​ពិបាក​ជាង​ទ្រឹស្តី​។ មាន​តែ​ឆន្ទៈ​ពិត​ប្រាកដ​ទេ ទើប​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច សម្រេចការងារ​ទាំង​នេះ​បាន​។ ​ ប៉ុន្តែ​ប្រសិន​បើ​អនុវត្ត​បាន គណបក្ស​កាន់​អំណាច​នេះ នឹង​អាច​មាន​ទឹក​មាត់​ប្រៃ​ខ្លះ ដើម្បីឃោសនា​រក​សំឡេង​ឆ្នោត​នា​អាណត្តិ​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ