អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គណបក្ស​ប្រជាជន​ឈរ​នៅ​លេខ​រៀង​នាំ​មុខ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ព្រឹទ្ធសភា

ការ​ចាប់​លេខ​រៀង គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨
ការ​ចាប់​លេខ​រៀង គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ @សហការី
ដោយ៖ អេង គីមហុង
១៣ នាទី

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ។ ក្នុង​នោះ​គណបក្ស​ប្រជាជន​ទទួល​បាន​លេខ​រៀង​ទី​១ និង​លេខ​រៀង​បន្ត​បន្ទាប់​ទៀត​បាន​ទៅ​លើ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ផ្សាយពាណិជ្ជកម្ម

បើ​តាម គ.ជ.ប ការ​ចាប់​លេខ​រៀង គណបក្ស​នយោបាយ​នេះ ធ្វើ​ឡើង​តាម​ប្រការ​៥.១២ នៃ​បទ​បញ្ជា​និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ។ ដំណើរ​ការ​ចាប់​ឆ្នោត​នោះ​មាន​ការ​ចូល​រួម​ពី​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ និង​លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប ដោយ​ក្នុង​នោះ​គណបក្ស​ប្រជាជន​ទទួល​បាន​លេខ​រៀង​ទី​១ តាម​ពី​ក្រោយ​ដោយ​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​លេខ​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត​នៅ​លេខ​រៀង​ទី​៤។ ហើយ​គណបក្ស​ប្រជាជន និង​ហ៊្វុនស៊ិនប៉ិច បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​គ្រប់​មណ្ឌល​ទាំង​អស់​នៅ​ទូទាំង​ប្រទេស គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ឈរ​ឈ្មោះ​នៅ​៧​មណ្ឌល គណបក្ស​យុវជន​កម្ពុជា​ឈរ​ឈ្មោះ​៣​មណ្ឌល។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ ពិត​ជា​មែន​ការ​បោះ​ឆ្នោត​អសកល តែ​ដំណើរ​ការ​រៀប​ចំ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ការ​បោះ​ឆ្នោត​សកល​ដែរ ដោយ​ផ្ដើម​ចេញ​ពី​ការ​បោះ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដំណើរ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​និង​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត ការ​ឃោសនា​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត។

សូម​រំលឹក​ថា ការ​បោះ​ឆ្នោត ព្រឹទ្ធសភា គឺ​ជា​ការ​បោះ​ឆ្នោត​អសកល មាន​តែ​តំណាង​រាស្រ្ត​១៥៣​រូប និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​១១,៥៧២​ជា​អ្នក​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នេះ សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ មាន​ចំនួន​៦២​រូប ដែល​ចំនួន​កើន​១​រូប។ តាម​គម្រោង គ.ជ.ប គ្រោង​ប្រើ​ប្រាស់​ថវិកា ២​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ព្រឹទ្ធសភា​នេះ ។

ជា​ការ​កត់​សម្គាល់ ដំណើរ​ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយ។ ដែល​មូលហេតុ​នេះ​បណ្ដាល​ឲ្យ​គ.ជ.ប​ប្រឈម​នឹង​ការ​ផ្អាក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ