កម្ពុជា-នយោបាយ

​គណបក្ស​កាន់​អំណាច​នាំ​មុខ​ដាច់​ក្នុ​ង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ខណៈ​បក្ស​ផ្សេង​ទៀត​បាន​សំឡេង​តិច​តួច​

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @REUTERS

លទ្ធ​ផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី៣ ដែល​បិទ​បញ្ចប់​ម្សិល​មិញ​ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​លើស​លប់ ហើយ​ក៏​នឹង​ឈាន​ទៅ​គ្រប់​គ្រង​អាសនៈ​ស្ទើរ​ទាំង​ស្រុង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ​។ ប៉ុន្តែ​តំណាង​គណ​បក្ស​មួយ​ ដែល​ទំនង​ជា​មិន​ទទួល​អាសនៈ​ទាល់​តែ​សោះ បាន​ស្នើ​ទៅ​ គ.ជ.ប ឱ្យ​មាន​តំណាង​គណបក្ស​ចម្រុះ​នៅ​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​បង្ហាញ​ពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​។ 

ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធ​ផល​បឋម​ដែល​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​កាល​ពី​យប់​ថ្ងៃទី២៦ ខែ​ឧសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បាន​ទទួល​សំឡេង​លើស​លប់ ទាំង​នៅ​ថ្នាក់​រាជ​ធានី ខេត្ត និង​ថ្នាក់​ក្រុង ស្រុក ខណ្ឌ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា អាណត្តិ​ទី៣។​

ចំណែក​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​ទទួល​បាន​សំឡេង​ខ្លះ​ដែរ ​តែ​នៅ​ដាច់​ឆ្ងាយ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​គ្រា​ដែល​គណ​បក្ស​ចំនួន៤ទៀត មាន​ខ្លះ​មិន​ទទួល​បាន​សំឡេង​ទាល់​តែ​សោះ​។

សូម​ជម្រាប​ថា គណបក្ស​ដែល​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣​នេះ មាន គណ​បក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ គណ​បក្ស​សញ្ជាតិ​កម្ពុជា គណ​បក្ស​ខ្មែរ​សាធារណ​រដ្ឋ គណ​បក្ស​យុវជន​កម្ពុជា និង​គណ​បក្ស​ឆន្ទៈ​ខ្មែរ​។

គណ​បក្ស​ឆន្ទៈ​ខ្មែរ​ ដែល​ទំនង​ជា​មិន​ទទួល​បាន​អាសនៈ​សោះ បាន​ស្នើ​ទៅ គ.ជ.ប ជួយ​រៀប​ចំ​ឱ្យ​មាន​តំណាង​គណបក្ស​ចម្រុះ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ មូល​ហេតុ​ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​បែប​នេះ ត្រូវ​បាន​លោក តុល ប្រាសាទ ដែល​ជា​តំណាង​គណបក្ស អះអាងថា ដើម្បី​ជំរុញ​ឱ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ជាង​មុន​។ លោក​បន្ត​ថា គណបក្ស​លោក​មិន​មាន​អង្គ​បោះ​ឆ្នោត​ទេ ប៉ុន្តែ​នៅ​តែ​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ គឺ​ដើម្បី​បង្ហាញ​ថា​មាន​គណបក្ស​នយោបាយ​ចម្រុះ​នៅ​ថ្នាក់​មូល​ដ្ឋាន​។

សូម​បញ្ជាក់​ថា អាសនៈ ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣​នេះ គឺ​មាន​ចំនួន​សរុប​៤១១៤​អាសនៈ ក្នុង​នោះ ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត មាន​ចំនួន ៥៥៩អាសនៈ និង ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​៣៥៥៥​អាសនៈ​។ ​ដោយ​ឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច​ដែល​មាន​សំឡេង​តាម​ពីក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​អាសនៈ​ខ្លះ​ក្នុង​ចំណោម​អសនៈ​ទាំង​៤១១៤​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI