កម្ពុជា-នយោបាយ

គណបក្ស​ប្រឆាំង នឹង​ដក​រូប​ថត​លោក​សម រង្ស៊ី​ចេញ​ពី​ស្លាក​សញ្ញា​គណបក្ស

រូបថត​លោក សម រង្ស៊ី​បាន​បន្ត​ប្រើ​ប្រាស់​នៅ​ក្នុង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
រូបថត​លោក សម រង្ស៊ី​បាន​បន្ត​ប្រើ​ប្រាស់​នៅ​ក្នុង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ

លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា គណបក្ស​នឹង​ដក​រូប​ថត​លោក សម រង្ស៊ី ចេញ​ពី​ស្លាក​គណបក្ស​របស់​ខ្លួន នៅ​ពេល​​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន។ ការ​ថ្លែង​បែប​នេះ គឺ​ក្រោយ​ដែល​លោក​ចាក​ចេញពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា នេះ។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា

បើ​ទោះ​បី​ជា គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ប្តេជ្ញា​ថា​នឹង​មិន​ផ្លាស់​ប្តូរ​រូប​ថត​លោកសម រង្ស៊ី​ក៏​ដោយ តែ​នៅ​ពេល​នេះ រូប​ថត​របស់​លោក​ត្រូវ​បាន​គណបក្ស​សម្រេច​ដក​ចេញ​ពី​ស្លាក​សញ្ញា​គណបក្ស នៅ​ពេល​ដែល​រដ្ឋសភា អនុម័ត​ខ្លឹម​សារ​ថ្មី​នៃ​ច្បាប់​គណបក្ស​នយោបាយ​នា​ពេល​ខាង​មុខ។ ដោយ​សារ​តែ​ខ្លឹម​សារ​ថ្មី ដែល​បាន​បន្ថែម ក្នុង​ច្បាប់​ស្តីពី គណបក្ស​នយោបាយ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ យក​រូបភាព សំឡេង និង​ឯកសារ​លាយ​លក្ខណ៍​អក្សរ​បុគ្គល​ណា ដែល​មាន​ឈ្មោះ​ជា​អ្នកទោស​ឬ​ទណ្ឌិត ទៅ​ប្រើ​ប្រាស់​ឡើយ។ បើ​គណបក្ស​ណា​ប្រព្រឹត្ត នឹង​ត្រូវ​តុលាការ​រំលាយ​គណបក្ស នេះ​បើ​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ថ្មី។

លោក​អេង ឆៃអ៊ាង​បាន​ថ្លែង​ថា​ បើ​សិន​ជា​គណបក្ស​បន្ត​ប្រើ​ប្រាស់​រូប​លោក​សម រង្ស៊ី គណបក្ស​នឹង​បរាជ័យ ហើយ​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​បាន ដោយ​សារ​ការ​រំលាយ​ពី​តុលាការ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បង្ខំ​ចិត្ត​ដក​រូប​របស់​លោក សម រង្ស៊ី ដែល​ឈរ​កាន់​ដៃ​ជាមួយ​លោក កឹម សុខា​ដែល​ជា​ប្រធាន​បក្ស​ប្រឆាំង​បច្ចុប្បន្ន។ ទោះ​បី​ជា​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ពេញ​ចិត្ត​នូវ​ច្បាប់​ថ្មី​ដែល​តាក់​តែង​ឡើង​ដោយ​គណបក្ស​កាន់​អំណាច។

សម្រាប់​គណបក្ស​ប្រឆាំង រូបថត​នេះ គឺ​ជា​និមិត្ត​រូប​នៃ​ការ​សាមគ្គី​មិន​បែក​បាក់​រវាង​លោក​ សម រង្ស៊ី និង​លោក កឹម សុខា។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​ថត​លោក​សម រង្ស៊ី ត្រូវ​បាន​គណបក្ស​យក​ទៅ​ប្រើ​ប្រាស់​នៅ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស នៅ​តាម​ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា ហើយ​ថ្មីៗ​នេះ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​ក៏​បាន​ប្រើ​ប្រាស់ សម្លេង​សារ​នយោបាយ​របស់​លោក​ សម រង្ស៊ី​ផង​ដែរ ​ក៏​ប៉ុន្តែ​សារ​ជា​សម្លេង​នេះ ក្រោយ​មក​ត្រូវ​បាន​ហាម​ឃាត់​ដោយ គ.ជ.ប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI