ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​ពេល​​ប្រព័ន្ធ​​ដោះស្រាយ​​រដ្ឋ​​ទន់​ខ្សោយ ​“​វប្បធម៌​​អន្តរាគមន៍”​ នៅតែ​មាន​​អត្ថិភាព​

សំឡេង ០៤:២៨
នៅ​ពេល​​ប្រព័ន្ធ​​ដោះស្រាយ​​រដ្ឋ​​ទន់​ខ្សោយ ​“​វប្បធម៌​​អន្តរាគមន៍”​ នៅតែ​មាន​​អត្ថិភាព​
នៅ​ពេល​​ប្រព័ន្ធ​​ដោះស្រាយ​​រដ្ឋ​​ទន់​ខ្សោយ ​“​វប្បធម៌​​អន្តរាគមន៍”​ នៅតែ​មាន​​អត្ថិភាព​ © ស៊ីវ​ ចាន់ណា

“វប្បធម៌​អន្តរាគមន៍” នៅតែ​ជាទី​ពេញនិយម​របស់​ប្រជាព​​លរដ្ឋ​ខ្មែរ នៅពេលដែល​ពួកគេ​រត់ទៅរក​សេវាកម្ម ឬ​ការដោះស្រាយ​លើ​បញ្ហា​អ្វីមួយ។ វប្បធម៌​អន្តរាគមន៍ ពីលើ​ចុះក្រោម តែងតែ​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់ ជាង​ការដោះស្រាយ​ពីក្រោម​ឡើងទៅ​លើ។ ដូច្នេះ តើ“វប្បធម៌​អន្តរាគមន៍” នេះ អាច​លុបបំបាត់​ចេញពី​សង្គម​កម្ពុជា​នៅពេលណា?

ផ្សាយពាណិជ្ជកម្ម

   

មិនថាតែ​បញ្ហា​តូច ឬ​ធំ​ទេ ប្រជាពលរដ្ឋ​ខ្មែរ តែងមាន​ទម្លាប់​មួយ គឺរ​ត់រក​កិច្ច​អន្តរាគមន៍​ពី បុគ្គល រឺ​ស្ថាប័ន​មានអំណាច​ណាមួយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា។ បើ​មិន​ដូច្នេះ​ទេ ពួកគេ គឺ​ពិបាក​នឹង​ដោះស្រាយ​ណាស់ បើ​ទោះ​ដោះស្រាយបាន ក៏ត្រូវ​ចំណាយ​ថវិការ និង​ពេលវេលា​យូរ​ដែរ។ តែបើ​មានការ​អន្តរាគមន៍​ពី​បុគ្គល រឺ​ស្ថាប័ន​ណាមួយ​ដែលមាន​អំណាច​ហើយ​នោះ គេ​អាច​ដោះស្រាយ​បញ្ហា​នោះបាន​ដោយ​ងាយ បើទោះបីជា​បញ្ហា​នោះ ធំ​ប៉ុន​ភ្នំ​ក៏ដោយ។

ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​បញ្ហា​ជម្លោះដីធ្លី គេ​តែងតែ​ឃើញ​រត់ទៅរក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ឬ​ពី​ស្ថាប័ន​ជាតិកំពូលៗ ក៏​ព្រោះតែ​បាត់បង់​ជំនឿ​ទៅលើ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​ថ្នាក់មូលដ្ឋាន។ អ្នក​ដែលមាន​បញ្ហា​ក្តីក្តាំ​នៅក្នុង​តុលាការ ក៏​តែងតែ​រត់ទៅរក កិច្ច​អន្តរាគមន៍​ពី​ប្រធាន រឺ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ បើទោះបីជា​បានដឹង​ខ្លួនឯង​ជាស្រេច​ថា បាន​ប្រព្រឹត្ត​ខុស ឬ​មិនបាន​ប្រព្រឹត្តិ​ខុស​ក្តី បើ​មិន​ដូច្នេះ​ទេ ការដោះស្រាយ​នឹងត្រូវ​ពន្យា​ពេល​ម្តង​ហើយ​ម្តងទៀត រហូតដល់​មានការ​ចំណាយ​ថវិការ​និង ពេលវេលា​ច្រើន​ថែមទៀត។

ចំណែកឯ​អ្នកស្វែងរក​សេវាកម្មផ្សេងៗ នៅតាម​ស្ថាប័នរដ្ឋ ដូចជា ការធ្វើ​លិខិត​ឆ្លង ដែន, ការធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតស្នាមផ្សេងៗ គេ​ច្រើនតែ​រត់ទៅរក​អន្តរាគមន៍​ពី​មនុស្ស​ដែល​បាន​ស្គាល់គ្នា ឬ​ពី​មនុស្ស​ដែលជា​ប្រធាន​ស្ថាប័ន​នោះ​តែម្តង ដើម្បី​ឲ្យ​ការងារ​នោះ ដំណើរការ​កាន់តែ​លឿន។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​សម្រាប់​អ្នក​ដែលមាន​អ្នក​ជួយ​អន្តរាគមន៍ នោះ​គឺជា​ប្រជាពលរដ្ឋ។ ការស្វែងរក​កិច្ច​អន្តរាគមន៍ គឺ​ដើម្បី​ឲ្យ​ការដោះស្រាយ​បញ្ហា​របស់ខ្លួន កាន់តែ​ឆាប់ និង​ចំណាយពេល​កាន់តែ​តិច។ តែ​ផ្ទុយទៅវិញ បើ​គេ​ព្យាយាម​ដោះស្រាយ​តាមរយៈ​ខ្សែបណ្តោយ ឬ​ទៅតាម​ដំណើរការ​នីតិវិធី ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់​កាលនោះ គេ​ត្រូវ​ប្រើពេល​វេលា​យូ និង​ចំណាយ​ថវិការ​អស់​កាន់តែច្រើន ហើយ​ស្រួល​មិន​ស្រួល​ដោះស្រាយ​មិន​ចេញ​ថែម​ទៀតផង។

ជា​ឧទាហរណ៍ នៅពេលថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អន្តរាគមន៍ អា​កាត់​ទៅលើ​នីតិវិធី​ស្មុគស្មាញ និង​ប្រកបដោយ​ការិយាធិបតេយ្យ​ជាច្រើន ជុំវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ការអន្តរាគមន៍​ពីលើ​ចុះក្រោម​បែបនេះ គឺ​មិនមាន​ការជំទាស់ ហើយ​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ផ្ទាល់ នឹង​ចំ​បញ្ហា​ថែម​ទៀតផង។ ក៏ប៉ុន្តែ បើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ដោះស្រាយ​ពីក្រោម​ឡើង​ទៅលើ ទំនងជា​មិន​ងាយស្រួល​បែបនេះ​ទេ។ ព្រោះថា ចង់​មិន​ចង់ នីតិវិធី​នៃ​ការដោះស្រាយ​ពីក្រោម​ទៅលើ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ដំណាក់។ ជាទូទៅ ការអន្តរាគមន៍​ពី​ថ្នាក់លើ​ទៅ គឺ​ច្រើន​តែងតែ​ទទួលបាន​លទ្ធផល​ល្អ ជាជាង ការដោះស្រាយ​ពីក្រោម​ឡើង​ទៅលើ។

តើ​ហេតុអ្វី បានជា​ប្រទេស​កម្ពុជា ទាល់​តែមាន​អន្តរាគមន៍ ទើប​មានការ​ដោះស្រាយបាន? នេះ​គឺជា​អ្វីដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​គិត ជាពិសេស​មន្ត្រីរាជការ​ដែលមាន​ភារកិច្ច​ក្នុង​ការផ្តល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ។

បញ្ហា​ធំ​មួយ គឺ​ត្រង់​ថា មកពី​ទំលាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ថា​បាន។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​តែងតែ​រត់រ​កសាច់​ញត្តិ បងប្អូន រឺ​មិត្ត​ភ័​ក្រ ឬ​បក្ខពួក​របស់ខ្លួន ឲ្យ​ជួយ​ដោះស្រាយ​លើ​បញ្ហា​អ្វីមួយ ជាជាង​ការរត់​រក​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ជាក់ស្តែង សូម្បីតែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ក្តី។ នៅ​កម្ពុជា​មិន​ថា ពីមុន ឬ​បច្ចុប្បន្ននេះ​ទេ អ្នក​ដែលមាន​ខ្នងបង្អែក តែងតែ​ទូរ​សព្ទ័​ឆ្វាត់ឆ្វែង រត់​រក​អន្តរាគមន៍ ជំនួស​ឲ្យ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​ដោយ​សន្តិវិធី។ ចំណែកឯ​អ្នក​ខ្លះទៀត សូម្បីតែ​ខ្លួន​ខុស​ទាំងស្រុង​ហើយ ក៏​បែរ​ទៅជា​រក​អន្តរាគមន៍ ដើម្បី​យកឈ្នះ​ទាំង​បំពាន​ទៅលើ​គូទំនាស់​ម្ខាង​ទៀត​បានដែរ។ រីឯ​អ្នកមានអំណាច​ខ្លះ​វិញ ក៏​មិន​ញញើត​នឹង​ចូលធ្វើ​អន្តរាគមន៍​ទាំង​បំពាន​ដែរ បើទោះបីជា​ដឹងថា កូនចៅ​របស់ខ្លួន​ជា​អ្នក​ខុស​ក៏ដោយ។

មានរឿង​ខ្លះទៀត អ្នក​ដែលមាន​ខ្នងបង្អែក ក៏​អាច​យកឈ្នះ​ទៅលើ​គូទំនាស់​របស់ខ្លួន​បាន បើទោះបីជា​គូទំនាស់​ម្ខាង​ទៀត មានប្រៀប​ខាង​ផ្លូវច្បាប់​តែ​គ្មាន​ខ្នងបង្អែក។
ប៉ុន្តែ​យ៉ាងណាក៏ដោយ ទំលាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការយក​វប្បធម៌​អន្តរាគមន៍​មក​ដោះស្រាយ​បញ្ហា​នេះ គេ​អាច​ផ្លាស់ប្តូរ​បានទេ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​មួយទៀត​នោះ គឺ​បញ្ហា​នៃ​ប្រព័ន្ធ​ស្រាយ​របស់​រដ្ឋ​នៅមានកំរិត​នៅឡើយ។ ប្រព័ន្ធ​ដោះស្រាយ​របស់​រដ្ឋ ដែល​នៅតែមាន​ការិយាធិបតេយ្យ​ច្រើន ហើយ​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពិបាក​ក្នុងការ​ទទួលយក ហើយ​ផ្ទុយទៅវិញ ពួកគាត់​បាន​រត់ទៅរក​ការអន្តរាគមន៍​ទៅវិញ។

តែ​យ៉ាងណាក៏ដោយ វប្បធម៌​អន្តរាគមន៍​បែបនេះ មិនគួរ​ឲ្យ​មាន​ទៀត​នោះទេ នៅក្នុង​សង្គម​កម្ពុជា ផ្ទុយទៅវិញ គេ​គួរតែ​ងាក​មក​ពង្រឹង​យន្តការ​ដោះស្រាយ​របស់រ​ដ្ឋ​វិញ គឺជា​ការប្រសើរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI