កម្ពុជា-សង្គម

​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ចាប់​ឃុំ​ខ្លួន​បុរស​ម្នាក់​រឿង​បង្ហោះ​សារ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​និង​នាយក​រដ្ឋ​មន្រ្តី​

លោក គឹម បញ្ញា ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនបណ្ដោះអាសន្ន ពីបទជេរប្រមាថអង្គព្រះមហាក្សត្រ
លោក គឹម បញ្ញា ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនបណ្ដោះអាសន្ន ពីបទជេរប្រមាថអង្គព្រះមហាក្សត្រ @FB

សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ព្រហស្បិ៍​ម្សិល​មិញ​នេះ បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​បុរស​ម្នាក់​ឈ្មោះ គឹម បញ្ញា នៅ​ក្នុង​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ ជេរ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ និង​បទ​ល្មើស​៣ផ្សេង​ទៀត​។ ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឱ្យ​លោក​គឹម បញ្ញា ក្លាយ​ជា​ជន​ទី៥​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​យុវជន​ម្នាក់​ត្រូវ​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​៣ឆ្នាំ ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ កាល​ពី​ដើមឆ្នាំ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

លោក គឹម បញ្ញា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ចាប់​ខ្លួន​បាន​នៅ​ក្នុង​សង្កាត់​បាវិត ក្រុងបាវិត ខេត្ត​ស្វាយ​រៀង​កាល​ពីថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ​២០១៩។ លោក​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​បង្ហោះ​សារ​ជា​ច្រើន​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ក្នុង​ខ្លឹមសារ​ជេរប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង ថ្នាក់​ដឹក​នាំ​ផ្សេងៗ​ទៀត​។ នៅ​ពេល​នេះ លោក​គឹម បញ្ញា ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយ​រៀង​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយ​រៀង ដើម្បី​ដំណើរ​ការ​នីតិ​វិធី​ស៊ើប​អង្កេត​។

តុលាការ​ខេត្ត​ស្វាយ​រៀង បាន​ចោទ​ប្រកាន់​លោក​គឹម បញ្ញា ចំនួន៤ បទ​ល្មើស គឺ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បទ​ជេរ​ប្រមាថ​ជា​សាធារណៈ បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សូម​កត់​សម្គាល់​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោកគឹម​ បញ្ញានេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​កាត់​ទោស​យុវជន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥លាន​រៀល កាល​ពី​អំឡុង​ខែមករា ដើម​ឆ្នាំ​២០១៩​នេះ ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​។ បើ​រាប់​ត្រួសៗ​ទៅ សំណុំ​រឿង​លោក​គឹម បញ្ញានេះ គឺ​ជា​ករណី​ទី៥​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​។ ករណី​ទីមួយ កើត​ឡើង​ទៅ​លើ​នាយក​សាលា​បឋម​សិក្សា​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ដែល​បាន​សរសេរ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជុំវិញ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ករណី​ទីពីរ គឺ​លើ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​មុខ​របរ​ជា​ជាង​កាត់​សក់​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈ​ករណី​ទីបី គឺ​ទៅ​លើ​លោក​សម រង្ស៊ី ប្រធាន​ស្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។

អ្នក​ទាំង​នេះ សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​តាម​មាត្រា​ស្ទួន​៤៣៧​ថ្មី​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ដែល​បាន​ធ្វើ​វិសោធនកម្ម​កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​ទៅ​។ តាម​រយៈ​មាត្រា​ថ្មី​នេះ ជន​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី ២លានរៀល ទៅ ១០​លាន​រៀល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI