អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​សង្គម​ស៊ីវិល​ពីរ ប្រកាស​មិន​ដាក់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ ក្រោយ​បិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត

រូបភាព​ចាស់៖ សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នៃ​អង្គការ ខុមហ្រ្វែល
រូបភាព​ចាស់៖ សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នៃ​អង្គការ ខុមហ្រ្វែល
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ បាន​ប្រកាស​មិន​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេតការណ៍​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជាតិ ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាង​មុខ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថា នៅ​មាន​អង្គការ​សមាគម​ជា​ច្រើន​ទៀត កំពុង​រៀប​ចំ​ដាក់​ពាក្យ​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សំខាន់ៗ​ទាំង​ពីរ​នោះ រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) និង​អង្គការ​និចហ្វិច ដោយ​បាន​លើក​មូលហេតុ​ថា បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​ការ​បិទ​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ក្លា​នោះ​ទេ។

តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក អង្គការ​ខុមហ្រ្វែល​បាន​អះអាង​ថា អង្គការ​របស់​ខ្លួន​បាន​សម្រេច​មិន​ចូល​រួម​ក្នុង​ការ​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​ឡើយ ដោយ​ថា រដ្ឋាភិបាល​បាន​ព្រមាន​ទៅ​លើ​បន្ទប់​ស្ថានការណ៍ ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​មាន​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ។ បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជិត​៤០​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្រោយ​ពី​ការ​បោះ​ឆ្នោត-សង្កាត់​ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ភ្ជាប់​ថា ជា​មូលដ្ឋាន​បញ្ជា​ឲ្យ​មាន «បដិវត្តន៍​ពណ៌» នៅ​កម្ពុជា។

ដោយ​ឡែក លោក សំ គន្ធាមី ប្រធាន​អង្គការ​និចហ្វិច​បាន​ថ្លែង​ថា អង្គការ​របស់​លោក ក៏​នឹង​មិន​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​លើក​នេះ​ដែរ ដោយ​សារ​ថា ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ នឹង​គ្មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​នោះ​ទេ បើ​ទោះ​បី​ជា​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត​ក្តី។

ការ​ប្រកាស​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​ពីរ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល គ.ជ.ប. បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​កាល​ពី​ថ្ងៃ​ទី​ ១៤ ឧសភា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​ឈ្មោះ​ តែ​គ្មាន​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ឡើយ។ សម្រាប់​អង្គការ Comfrel ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ច្រើន និង​ក្រុម​សង្គម​ស៊ីវិល​ឯករាជ្យ។ ប៉ុន្តែ​អ្វី​ដែល​រិត​តែ​ចាំ​បាច់​បំផុត គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ស្រប​ច្បាប់។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មិន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ពីរ​នេះ​ឡើយ។ បើ​តាម​លោក ឌឹម សុវណ្ណារុំ នៅ​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត កំពុង​ត្រៀម​ខ្លួន​និង​បាន​កំពុង​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​ខាង​មុខ។

សូម​បញ្ជាក់​ថា ការ​ទទួល​ចុះ​ឈ្មោះ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ បាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ទៅ​ដល់​ថ្ងៃ​ទី ​២៥ ខែ​កក្កដា​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ដំបូង​ហើយ ដែល​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ទាំង​ពីរ​នេះ បាន​បដិសេធ​ចូល​រួម​ក្នុង​កិច្ច​ដំណើរ​ការ​សង្កេតការណ៍​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ