លោក ខៀវ សុភ័គ៖ ជួនកាលអ្នកហែហមមកកម្ពុជាគឺជាអ្នកវាយខ្នោះ លោក សម រង្ស៊ី!
ចុះផ្សាយនៅថ្ងៃ៖
ឆ្លើយតបនឹងការចេញសេចក្តីប្រកាសជាផ្លូវការម្សិលមិញថា លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិនឹងវិលមកដល់កម្ពុជានៅថ្ងៃទី៩វិច្ឆិកាខាងមុខនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្លាចថា អ្នកដែលហែហមមកជាមួយលោក សម រង្ស៊ី អាចជាអ្នកវាយខ្នោះមេដឹកនាំបក្សប្រឆាំងរូបនេះដោយផ្ទាល់ ដើម្បីបញ្ចៀសអំពើហិង្សារវាងអ្នកគាំទ្រ លោក សម រង្ស៊ី ជាមួយនឹងសមត្ថកិច្ច។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃសៅរ៍នេះថា គ្មានការផ្លាស់ប្តូរផែនការអ្វីឡើយចំពោះចំណាត់ការចាប់ខ្លួន លោក សម រង្ស៊ី នៅពេលមេដឹកនាំបក្សប្រឆាំងរូបនេះឈានជើងជាន់ទឹកដីកម្ពុជាភ្លាម។
នៅពេលសួរថាតើសមត្ថកិច្ចនឹងប្រើវិធីបែបណាដើម្បីកុំឲ្យមានការប៉ះទង្គិចដោយហិង្សារវាង អ្នកគាំទ្រ លោក សម រង្ស៊ី ជាមួយនឹងសមត្ថកិច្ច លោក ខៀវ សុភ័គ បានថ្លែងបែបបន្លាចថា «ជួនកាលអ្នកដែលហែរហមលោក សម រង្ស៊ីគឺជាអ្នកវាយខ្នោះលោក សម រង្ស៊ី ជំនួសសមត្ថកិច្ច»។ គឺអ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថាដើម្បីបញ្ចៀសអំពើហិង្សាកើតឡើង។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩នេះ ជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីការតស៊ូដោយនិរទេសខ្លួនអស់រយៈពេលច្រើនឆ្នាំនៅក្រៅប្រទេស។
សម្រាប់ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ នៅមិនទាន់ជឿជាក់លើការប្រកាសរបស់លោក សម រង្ស៊ី តាមរយៈលិខិតជាផ្លូវការនេះទេ។ បើតាមលោក ឡៅ ម៉ុងហៃ គឺទាល់តែលោក សម រង្ស៊ី មកដល់កម្ពុជាជាក់ស្តែងទើបលោកជឿ។
គួររំឭកថា លោក សម រង្ស៊ី ក៏ធ្លាប់និរទេសខ្លួននៅក្រៅប្រទេសជាច្រើនឆ្នាំនិងច្រើនដងមកហើយ នៅរាល់ពេលដែលមានបណ្តឹងប្រឆាំងរូបលោកតាមផ្លូវតុលាការ។ ប៉ុន្តែកាលពីឆ្នាំ២០១៣ ពោលមុនបោះឆ្នោតតែពីរសប្តាហ៍ប៉ុណ្ណោះ លោក សម រង្ស៊ី បានវិលមកកម្ពុជាវិញដើម្បីដឹកនាំគណបក្សសង្រ្គោះជាតិ។
ការវិលត្រឡប់របស់មេដឹកនាំបក្សប្រឆាំងកាលណោះ គឺដោយសារតែមានភ្លើងខៀវពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ