រដ្ឋមន្ត្រីសុខាភិបាល៖ជំងឺគ្រុនឈាមមកទល់ពេលនេះ នៅអាចគ្រប់គ្រងបាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺគ្រុនឈាមបានធ្លាក់ចុះស្ទើរគ្រប់ខេត្ត បន្ទាប់ពីកើនឡើងអស់រយៈពេលជាង២០សប្តាហ៍ នៅក្នុងឆ្នាំ២០១៩នេះ។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី៣១ខែកក្កដានេះ នៅក្នុងសាលាបឋមសិក្សាមួយ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចុះផ្សាយនៅថ្ងៃ៖
ក្រោមប្រធានបទ “បញ្ចប់ជំងឺគ្រុនឈាម ផ្តើមចេញពីខ្ញុំ” សម្រាប់ប្រយុទ្ធនឹងជំងឺគ្រុនឈាមឆ្នាំ២០១៩ នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា បច្ចុប្បន្ន ជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបាន។
ករណីឈឺដោយគ្រុនឈាម កំពុងធ្លាក់ចុះជាបន្តបន្ទាប់ពីចំនួន៤៧៦៩ករណី ក្នុងសប្តាហ៍ ទី២ខែកក្កដា មកចំនួន៣៩៣៣ករណី ក្នុងសប្តាហ៍ទី៣ខែកក្កដាឆ្នាំ២០១៩ ហើយតាមការប៉ាន់ប្រមាណទុកករណីជំងឺគ្រុនឈាមនឹងបន្តថយចុះនៅពេលខាងមុខនេះទៀត។ នេះបើតាមលោក ម៉ម ប៊ុនហេង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អត្រាស្លាប់ដោយគ្រុនឈាម មានចំនួន០,១% ដែលនេះ បង្ហាញថាសមត្ថភាពគ្រូពេទ្យរដ្ឋក្នុងការជួយពិនិត្យ និងព្យាបាល អ្នកជំងឺគ្រុនឈាម មានប្រសិទ្ធភាពខ្ពស់ ហើយជាអត្រាមួយ ដែលស្ទើរតែទាបជាងគេបំផុត ក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
តាមក្រសួងសុខាភិបាល ស្ទើរគ្រប់ខេត្ត ជំងឺគ្រុនឈាម បានធ្លាក់ចុះជាបន្តបន្ទាប់ លើកលែងតែខេត្តក្រចេះ ដែលនៅមានការកើនឡើងបន្តិចបន្តួច និងខេត្ត រាជធានីចំនួន៥ទៀត ដូចជា ខេត្តព្រះវិហារ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដែលស្ថានភាពជំងឺគ្រុនឈាមនៅទ្រឹង ឬមានការថយចុះតិចតួច។
សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៨ ត្រូវនឹង សប្ដាហ៍ទី៣នៃខែកក្កដានេះ ជំងឺគ្រុនឈាមសរុបានកើនឡើងចំនួនជាង ៣ម៉ឺនករណី ក្នុងនោះស្លាប់ចំនួន៣៣នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ