សុខភាពរបស់វេជ្ជបណ្ឌិត Beat Richner នៅមិនទាន់មានដំណឹងថ្មី តែតំណែងរបស់គាត់ នឹងត្រូវមានអ្នកជំនួសនៅខែក្រោយ !
ចំពោះស្ថានភាពសុខភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner អតីតប្រធានមន្ទីរពេទ្យគន្ធបុប្ផា គឺគេនៅមិនទាន់មានដំណឹងថ្មីនៅឡើយទេ។ ក៏ប៉ុន្តែ នៅថ្ងៃនេះ វេជ្ជបណ្ឌិត Danis Laurent ជំនួយការផ្ទាល់របស់វេជ្ជបណ្ឌិត Beat Richnerបានបញ្ជាក់ប្រាប់វិទ្យុបារាំងRFI ថា លោក Richner កំពុងបន្តសម្រាកព្យាបាលនៅប្រទេសស្វីសនៅឡើយ ។ ចំណែកស្ថានភាពទូទៅរបស់មន្ទីរពេទ្យនៅបម្រើការល្អដូចប្រក្រតី។ ដោយឡែក តំណែងការងាររបស់លោក Richner នឹងត្រូវមានអ្នកជំនួសនៅខែក្រោយនេះ។ សូមស្តាប់ប្រសាសន៍របស់វេជ្ជបណ្ឌិត Danis Laurent ជំនួយការផ្ទាល់របស់លោកវេជ្ជបណ្ឌិត Beat Richner ដែលរៀបចំប្រែសម្រួលដោយ ហេង ឧត្តម និង សឿង ភារៈ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
RFI khmer : លោក Danis Laurent ! លោកគឺជាជំនួយការរបស់វេជ្ជបណ្ឌិត Beat Richner។ តើពេលនេះ សុខភាពរបស់គាត់យ៉ាងណាហើយ?
Danis Laurent : ហ្នឹងហើយ ខ្ញុំជាជំនួយការផ្ទាល់របស់លោកវេជ្ជបណ្ឌិត Beat Richner។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំខ្លួនឯងផ្ទាល់ហ្នឹង ក៏មិនដឹងដំណឹងថ្មីអ្វីពីគាត់នោះដែរ។ ខ្ញុំគ្មានទាន់មានដំណឹងអីថ្មីសោះ។ គ្រាន់តែដឹងថា គាត់នៅតែបន្តស្នាក់នៅប្រទេសស្វីសនៅឡើយ។
RFI khmer : ដូច្នេះ លោកក៏មិនទាន់ដឹងដែរថា ពេលណាគាត់នឹងត្រឡប់មកស្រុកខ្មែរវិញ? ហើយលោកក៏មិនដឹងថា ពេលណាគាត់ចាប់ផ្តើមការងារវិញដែរ? មែនទេបាទ!
Danis Laurent :ទេ! ខ្ញុំមិនទាន់ដឹងទេ។ ក៏ប៉ុន្តែ យើងមានប្រធាននិងអនុប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងអញ្ជើញមកដល់កម្ពុជា នៅខែក្រោយនេះ។ សូមលោកជ្រាបថា លោកអនុប្រធានមូលនិធិ, វេជ្ជបណ្ឌិត ធូឌ័រ គឺត្រូវបានតែងតាំងបណ្តោះអាសន្ន ឲ្យកាន់ការងារជំនួស វេជ្ជបណ្ឌិត Beat Richner។ ការតែងតាំងនេះ បានធ្វើឡើងពីខែមុនមកម្ល៉េះ។ ពេលនេះ គាត់នៅប្រទេសស្វីសនោះស្រាប់ ហើយគាត់នឹងមកដល់ស្រុកខ្មែរ នៅខែក្រោយ។ ដូច្នេះ បើលោកមានអីចង់ដឹង ចង់សួរ គឺប្រធាននិងអនុប្រធានមូលនិធិរបស់យើង នឹងមកដល់ ខែក្រោយនេះ! ហើយចាំសួរបញ្ជាក់ពួកគាត់ចុះ នៅក្រោយថ្ងៃទី១៥ឧសភា!
RFI khmer : លោកវេជ្ជបណ្ឌិត Danis Laurent តើលោកអាចជម្រាបពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផា បន្តិចផងបានទេ? ក្រោយអវត្តមានរបស់វេជ្ជបណ្ឌិត Beat Richnner តើមានជួបការលំបាកអ្វីខ្លះដែរទេ ក្នុងការផ្តល់សេវាកម្ម?
Danis Laurent : អូ! ចំពោះសកម្មភាពផ្តល់សេវាកម្ម គឺនៅតែដូចមុនដដែល។ ឧទាហរណ៍មួយ ! ប្រហែលជាលោកបានជ្រាបផងក៏មិនដឹង ថានៅក្នុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីដែលទើបនឹងកន្លងផុតនេះ! យើងបានទទួលវេះកាត់ព្យាបាល ករណីគ្រោះថ្នាក់ចរាចរណ៍ ១១៨ ករណី។ យើងព្យាបាលដូចតែពីមុនដែរ។ អឺ យើងអាចនិយាយបានថា ដំណើរការទូទៅរបស់មន្ទីរពេទ្យ និងការព្យបាលផ្តល់សេវាកម្ម គឺធានាបានគុណភាព និងលក្ខខណ្ឌល្អ ១០០ភាគរយ ដូចពីមុនដែរ ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ