ជនសង្ស័យ៤នាក់ទៀតត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តរតនៈគិរី
សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើជាមួយឧកញ៉ា ស៊ឹង សំអុល នៅខេត្តរតនៈគីរី ទៅតាមដីការបស់តុលាការខេត្តនេះ។ នេះបើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការរួចហើយ នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំបង្រ្កាបបទល្មើសព្រៃឈើនៅខេត្តរតនៈគិរីកាលពីពេលថ្មីៗនេះ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានឲ្យដឹងថា ជនសង្ស័យ៤នាក់បន្ថែមទៀតនេះ គឺមានម្នាក់ជាប្រធានក្រុមហ៊ុន ដែលលោកមិនបញ្ចេញឈ្មោះ ប៉ុន្តែអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី។
បើតាម លោក អេង ហ៊ី កន្លងទៅតុលាការក៏បានចេញដីកាកោះហៅជនសង្ស័យទាំង៤នាក់នេះ ឲ្យចូលបំភ្លឺដែរ ប៉ុន្តែពួកគេមិនចូលខ្លួន ទើបឈានដល់ដំណាក់កាលតុលាការចេញដីកាតាមចាប់ខ្លួនតែម្តង។ ចំណែកមន្ត្រីខេត្តរតនៈគិរីចំនួន ៥នាក់ ដែលត្រូវបានកោះហៅទៅសួរនាំជុំវិញករណីនេះ គឺត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។
សូមបញ្ជាក់ថា យុទ្ធនាការទ្រង់ទ្រាយធំ បង្រ្កាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ គឺសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការឃុំខ្លួនរួចហើយ ក្នុងនោះរាប់ទាំងឧកញ៉ា សឹង សំអុល ផងដែរ។
ជាមួយគ្នានោះ សមត្ថកិច្ចបានដុតបំផ្លាញចោលរថយន្ត៦គ្រឿងនៅនឹងកន្លែង ដែលចាប់បាននៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៩កក្កដា។ ប៉ុន្តែរថយន្តចំនួនជាង ៤០ គ្រឿង ដែលបម្រើឲ្យមធ្យោបាយដឹកជញ្ជូនព្រៃឈើរបស់លោកឧកញ៉ា ស៊ឹង សំអុល ត្រូវបានអាវុធហត្ថប្រគល់ឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ជាអ្នកគ្រប់គ្រងវិញ បន្ទាប់ពីតុលាការបានចេញដីកាឃុំខ្លួនម្ចាស់រថយន្តទាំងនេះ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចដដែល។
លោក ង៉ាន់ បញ្ញា មន្ត្រីចងក្រងសហគមន៍នៃបណ្ដាញយុវជនកម្ពុជា មើលឃើញថា វិធានការនេះជាការបំភ័យដល់ឈ្មួញគ្រាក់ៗ នៅពីក្រោយការកាប់ឈើ។ តែទោះជាបែបនេះក្ដី លោក ង៉ាន់ បញ្ញា បានសម្ដែងការសោកស្ដាយដែរ ចំពោះការដុតរថយន្តដឹកឈើនេះ។ ស្តាយនៅត្រង់ថា គណៈកម្មការជាតិទប់ស្កាត់ការកាប់ឈើ គួរតែប្រគល់រថយន្តនេះទៅឲ្យសហគមន៍ល្បាតឈើប្រើប្រាស់ជំនួស ខណៈដែលពួកគេខ្វះមធ្យោបាយប្រើប្រាស់នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ