តុលាការខេត្តស្វាយរៀង នឹងដោះលែងកម្មករ៤នាក់ ពាក់ព័ន្ធនឹងបាតុកម្មហិង្សា នៅសប្តាហ៍ក្រោយ
មន្រ្តីសហជីពចលនាកម្មករ បានឲ្យដឹងថា តុលាការខេត្តស្វាយរៀងនឹងដោះលែងកម្មករចំនួន ៤ នាក់ ដែលពាក់ព័ន្ធនឹងបាតុកម្មហិង្សា នៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ឲ្យនៅក្រៅឃុំ នៅសប្តាហ៍ក្រោយនេះ។ សូមបញ្ជាក់ថា កម្មករទាំងបួននាក់ ត្រូវបានចាប់ខ្លូន កាលពីថ្ងៃទី ១៨ ខែធ្នូ និងត្រូវបានតុលាការ ចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ។ អត្តបទដោយ.៖ សរ ពិសី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី ១០ មករា សប្តាហ៍ក្រោយនេះ តុលាការខេត្តស្វាយរៀង នឹងដោះលែងកម្មករ ៤ នាក់ ពាក់ព័ន្ធនឹងកូដកម្ម នៅក្រុងបាវិត ឲ្យនៅក្រៅឃុំ។ នេះបើតាមការឲ្យដឹងពី លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី ៤ មករា នេះ។
សូមបញ្ជាក់ថា កម្មករទាំង ៤ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៨ ខែ ធ្នូកន្លងទៅនេះ ដោយចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សានិង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធសហជីពចលនាកម្មករ រូបនេះ សង្កត់ធ្ងន់ថា តុលាការខេត្តស្វាយរៀង នឹងកោះហៅ កម្មករទាំង ៤ នាក់នោះ មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងបាតុកម្មហឹង្សា នាពេលក្រោយទៀត។
ដោយឡែក ចំពោះ អ្នកបើកបរ ៦ នាក់ ដែលជាប់ពាក់ព័ន្ធ ករណីបាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសដែរនោះ លោក នុត បូពណ្ណារ័ត្ន មន្ត្រីអង្គការលីកាដូប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មេធាវីរបស់ពួកគេ កំពុងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីឲ្យពួកគេបាននៅក្រៅឃុំ។ ប៉ុន្តែ លោក ថា លទ្ធផលយ៉ាងណា នោះគឺមិនទាន់ដឹងនៅឡើយនោះទេ។
សូមរំលឹកជូនថា កូដកម្មនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេងក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានកម្មករនិយោជិតជាង ៣ម៉ឺន បានផ្ទុះឡើង កាលពីថ្ងៃទី ១៦ ធ្នូ កន្លងទោនេះ។ មូលហេតុគឺដោយសារតែថៅកែរោងចក្រមិនព្រមតម្លើងប្រាក់ឈ្នួល២០ដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំ២០១៦ ដូចអ្វីដែលធ្លាប់បានសន្យា ព្រោះថារោងចក្រចង់តម្លើងត្រឹមតែ១២ដុល្លារវិញតាមគោលការណ៍ ដែលរដ្ឋាភិបាលបានប្រជុំសម្រេចជាមួយនឹងភាគីសហជីព និងសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ