ក្រសួងដែនដី ហាមមិនឲ្យកម្មករស្នាក់នៅ ក្នុងសំណង់ដែលកំពុងសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសេចក្តីប្រកាស ណែនាំដល់ក្រុមហ៊ុន ប្រកបអាជីវកម្មសាងសង់ និងអ្នកម៉ៅការសំណង់ទាំងអស់ ត្រូវតែផ្តល់ជម្រកដល់កម្មករស្នាក់នៅ ដោយមិនត្រូវឲ្យកម្មករស្នាក់នៅក្នុងអាគារដែលកំពុងសាងសង់នោះឡើយ។ ការប្រកាសរបស់ក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្តីពី «ការងារសិក្សាគម្រោងប្លង់ និងសាងសង់» ជាមួយក្រុមហ៊ុនពាក់ព័ន្ធនឹងការសាង់សង់ជាច្រើន នៅថ្ងៃទី ៤ខែកក្កដាម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
«ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងក្រុមជាងសំណង់ ត្រូវបំពេញកាតព្វកិច្ច និងលក្ខខណ្ឌចម្បងៗដូចជា ត្រូវមានការិយាល័យការងារ ឃ្លាំងផ្ទុកសម្ភារៈ ជម្រកកម្មករ គ្រឿងចក្រ សកម្មភាពសាងសង់ ត្រូវរៀបចំ និងប្រព្រឹត្តិទៅក្នុងរបងហ៊ុមព័ន្ធនៃការដ្ឋាន ឬ ការដ្ឋានរណប ឬ ទីកន្លែងដែលធានាបានសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ដោយមិនត្រូវឲ្យស្នាក់នៅក្នុងអាគារដែលកំពុងសាងសង់ឡើយ»។ នេះគឺជាចំនុចមួយ ក្នុងចំណោមចំនុចជាច្រើន នៃសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០១៩។
ជុំវិញចំណាត់ការនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន បានស្វាគមន៍ ប៉ុន្តែលោកក៏បានបង្ហាញការព្រួយបារម្ភមួយចំនួន ចំពោះការចំណាយរបស់កម្មករ។ តាមលោក សុខ គីន ប្រសិនបើមិនឲ្យកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់ នោះពួកគេនឹងត្រូវចំណាយលើថ្លៃស្នាក់នៅខាងក្រៅ ឬឆ្ងាយពីការដ្ឋាន ដែលបញ្ហានេះកាន់តែក្លាយជាបន្ទុករបស់កម្មករ។ ដោយឡែកចំពោះក្រុមហ៊ុនវិញ ពួកគេក៏នឹងអាចបាត់បង់គុណភាពសំណង់ដែរ ដោយសារកម្មករមិនអាចនៅមើលថែបានដិតដល់ក្នុងការដ្ឋានសាងសង់។
លោកសុខ គីន គិតថាប្រសិនបើអាជ្ញាធរ គ្រាន់តែចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង លើការសាងសង់របស់ក្រុមហ៊ុននីមួយៗ គឺកម្មករ នឹងទទួលបានសុវត្ថិភាពហើយ។ លោកប្រធានសហព័ន្ធសហជីពកម្មករសំណង់រូបនេះ ក៏សង្ឃឹមដែរថា រដ្ឋាភិបាល នឹងចាត់វិធានការលើបញ្ហាសំណង់ក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធិភាពពិតប្រាកដ ដោយមិនមែនជាវិធានការមួយឆាវៗ ដែលកើតចេញក្រោយមានផ្ទុះហេតុការណ៍គ្រោះថ្នាក់ណាមួយនោះឡើយ។
ជាការកត់សម្គាល់ វិធានការរបស់រដ្ឋាភិបាល បានលេចឡើងក្រោយមានករណីបាក់រលំអាគារកម្ពស់ ៧ជាន់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ខែមិថុនា កន្លងទៅ ដែលបានសម្លាប់កម្មករចំនួន ២៨នាក់ និង២៦នាក់ទៀត រងរបួស។
យោងតាមរបាយការណ៍ក្រសួងដែនដី ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩នេះ ការវិនិយោគលើសំណង់អគារ ក្នុងប្រទេសកម្ពុជា មានចំនួន ៤៥ ២៦៥គម្រោង ដោយក្នុងនោះមានអគារកម្ពស់លើសពី ៥ជាន់ ចំនួនជាង ១៤០០អគារ និងមានបុរីចំនួន ២៥៨ទីតាំង។ គម្រោងទាក់ទងនឹងសំណង់នេះ បានធ្វើឲ្យទុនវិនិយោគមានជាង ៤៤ពាន់លានដុល្លារ ហើយបើគិតតែឆ្នាំ ២០១៨ ទុនវិនិយោគ មានចំនួនជាង ៥ពាន់លានដុល្លារ ដែលបានផ្តល់ការងារដល់ពលរដ្ឋ ចំនួនជាង ២០ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ