កម្ពុជា-នយោបាយ

នាយ​ឧត្តម​សេនីយ៍​យោធា​ម្នាក់​ទៀត ​អំពាវនាវ​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន​អនុវត្ត​បទបញ្ជា​ការ​ពារ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​

លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ @Facebook

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​អំពាវនាវ​នៅ​ថ្ងៃទី៣កញ្ញា​នេះ ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រៀមខ្លួន​អនុវត្ត​បទបញ្ជា​ថ្នាក់លើ ក្នុងការ​កា​ពារ និង​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត។ ប៉ុន្តែ​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​បានចាត់ទុក​សេចក្តីអំពាវនាវ​នេះ​ថា គឺជា​ការខ្លាច​ស្រមោល​ខ្លួនឯង ហើយ​ថា គេ​មិនឃើញ​មាន​សញ្ញា​នៃ​​ការ​ប្តួ​ល​រំលំ​រដ្ឋាភិបាល​នោះទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីអំពាវនាវ​រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នៅថ្ងៃនេះ មិនបាន​បញ្ជាក់ថា តើ​នឹងមាន​សញ្ញា​នៃ​ការកើតឡើង​នូវ​ចលនា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រៀមខ្លួន​ឲ្យ​បានល្អ​ដើម្បី​​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ក្នុងការ​កា​ពារ និង​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជ​រដ្ឋាភិ​បាល​​​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត។

គេ​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ បានទេ​ប៉ុន្តែ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានចាត់ទុក​សេចក្តី​អំពាវនាវ​នេះ​ថា គឺ​ផ្លូវការ។ បើតាម​លោក ឈុំ សុជាតិ ការអំពាវនាវ​នេះ ទំនងជា​សំដៅ​​ទៅលើ​បុរស់​ម្នាក់​ដែលមាន​ឈ្មោះ សោម ស​វុ​ណ្ណា​រ៉ា ជា​សមាជិក​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​​ខ្មែរ​ដែល​បាន​អំពាវនាវ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​អំឡុង​ខែកក្កដា​កន្លងទៅ ឲ្យ​​មានការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​បុរស​ម្នាក់នេះ​ត្រូវបាន​គេ​ដឹងថា បាន​ចាក​ចេញពី​ប្រទេស​​កម្ពុជា​ទៅហើយ។

សម្រាប់​អ្នកស្រាវជ្រាវ​សង្គម​លោក​បណ្ឌិត មាស នី និង​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ បានចាត់ទុក​ការអំពាវនាវ​នេះ​ថា ជាការ​ខ្លាច​ស្រមោល​ខ្លួនឯង។ សម្រាប់​លោក មាស នី ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ គេ​មិនឃើញ​មាន​សញ្ញា​នៃ​ចលនា​ផ្តួលរំលំ​រដ្ឋាភិបាល​កើតឡើង​នោះទេ។ ចំណែក​លោក អ៊ូ វីរៈ ក៏បាន​ចាត់ទុក​ការអំពាវនាវ​នេះ​ថា គឺជា​ការបង្ហាញ​សាច់ដុំ និង​ជាការ​គំរាមកំហែង​ថ្មី​មួយទៀត។

ប៉ុន្តែ​យ៉ាងណាក៏ដោយ នេះ​គឺជា​ការប្តេជ្ញាចិត្ត ឬ​ការអំពាវនាវ​ថ្មី​មួយទៀត​ដែល​ចេញ​មកពី​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ក្នុងការ​ការពារ​រដ្ឋា​ភិ​បាល​ស្របច្បាប់។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេម​រភូមិន្ទ​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ជាន់ខ្ពស់​រូបនេះ ថែមទាំង​ធានា​ជួយ​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ផងដែរ ប្រសិនបើ​មានការ​ស្នើសុំ​ពី​តុលាការ។ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការអំពាវនាវ​នោះដែរ គេ​បានឃើញ​មានការ​ហោះហើរ​របស់​ឧ​ត្ថ​ម្ភា​គ​ចក្រ​យោធា​ជាច្រើន​គ្រឿង ការ​ចល័ត​យោធា និង​អូប័រ នៅ​ជុំវិញ​ទី​ស្នាក់​ការ​​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ច្រានចោល​រាល់​ការបារម្ភ​នានា​ថា គឺជា​ការហ្វឹកហាត់​រប​ស់​កងទ័ព​ដើម្បី​ការពារ​ទឹកជំនន់​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI