មន្ត្រីស្ថាប័នតុលាការ និងអយ្យការកម្ពុជា ត្រូវបានផ្លាស់ប្តូរជាទ្រង់ទ្រាយធំ រយៈពេល៤ឆ្នាំម្តង
យ៉ាងហោចណាស់ មានប្រធានតុលាការចំនួន៦ខេត្ត រួមជាមួយនឹងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៧រាជធានី-ខេត្ត នឹងត្រូវផ្លាស់ប្តូរទីកន្លែងធ្វើការនៅពេលខាងមុខនេះ បន្ទាប់ការប្រជុំសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីចុងសប្តាហ៍មុន។ ក្រុមអ្នកច្បាប់ បានមើលឃើញថា នេះគឺជាការផ្លាស់ប្តូរជាទ្រង់ទ្រាយធំក្នុងរយៈពេល៤ឆ្នាំម្តង ដើម្បីកាត់បន្ថយអំពើពុករលួយ និងបក្ខពួកនិយម។
ចុះផ្សាយនៅថ្ងៃ៖
ប្រធានតុលាការសាលាដំបូងខេត្តចំនួន៦ និងអនុប្រធានតុលាការខេត្តចំនួនមួយ នឹងត្រូវផ្លាស់ប្តូរទីកន្លែងបំពេញការងារគ្នាទៅវិញទៅមក បន្ទាប់ពីមានសេចក្តីសម្រេចមួយ ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី ២៦ តុលា កន្លងទៅ។ ក្នុងនោះ លោក លាង សួគ៌ បច្ចុប្បន្នជាប្រធានតុលាការដំបូងខេត្តប៉ៃលិន នឹងត្រូវផ្លាស់ទៅធ្វើជាប្រធានតុលាការខេត្តកំពង់ធំ ជំនួស លោក ឃន សុកល ដែលត្រូវទៅធ្វើជាប្រធានតុលាការខេត្តឧត្តរមានជ័យ។
ចំណែកប្រធានតុលាការខេត្តឧត្តរមានជ័យ លោក អ៊ាក ផល្លា ត្រូវផ្លាស់មកធ្វើជាប្រធានតុលាការខេត្តតាកែវ ជំនួសលោក ស្រី អ៊ិន ម៉ានិត្យ ដែលត្រូវទៅធ្វើជាប្រធានតុលាការដំបូងខេត្តក្រចេះវិញ។ ទន្ទឹមគ្នានេះលោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការដំបូងខេត្តក្រចេះ ត្រូវទៅធ្វើជាប្រធានតុលាការដំបូងខេត្តស្វាយរៀង ជំនួស លោក បិច ឈីត ដែលត្រូវទៅធ្វើជាប្រធានតុលាការដំបូងខេត្តប៉ៃលិន ជំនួសលោក លាង សួគ៌។ ដោយឡែកលោក ផូង វណ្ណ អនុប្រធានសាលាដំបូងខេត្តកណ្ដាល ត្រូវផ្ទេរទៅធ្វើជាអនុប្រធានតុលាការដំបូងខេត្តកំពង់ធំវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចុះថ្ងៃទី ២៦ តុលា។
គួរជំរាបជូនថា ការសម្រេចផ្លាស់ប្តូរ និងកែរសម្រួលទីកន្លែងបំពេញការងាររបស់ប្រធាន និងអនុប្រធានតុលាការដំបូងខេត្តទាំង៧ គឺធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣០ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ តុលា ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ក្រៅពីការផ្លាស់ប្តូរ និងកែរសម្រួលប្រធានតុលាការ និងអនុប្រធានតុលាការទាំង៧រាជធានី-ខេត្តហើយនោះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចធ្វើការតែងតាំង និងផ្លាស់ប្តូរព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៅ៧រាជធានី-ខេត្តខាងលើនេះផងដែរ។ ក្នុងនោះ លោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមតុលាការដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៅតុលាការកំពូល ខណៈលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវផ្ទេរមកកាន់តុលាការក្រុងភ្នំពេញវិញ។
លោក សុខ សំអឿន មេធាវីនិងជាប្រធានក្រុមអ្នកច្បាប់អម្រិន្ទ បានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ។ លោកថា ការផ្លាស់ប្តូរ ឬតែងតាំងនេះ គឺធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្តង។ បើតាមលោកមេធាវី ការធ្វើបែបនេះ គឺស្របតាមការចង់បានរបស់ភាគីសង្គមស៊ីវិល ដើម្បីកាត់បន្ថយអំពើពុករលួយ និងការចងក្រងបក្ខពួកនិយមរបស់មន្ត្រីតុលាការនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា មុននេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចផ្លាស់ប្តូរមន្ត្រីតុលាការនៅទូទាំងប្រទេសចំនួន៤៣រូប ក្នុងនោះ ក៏មានចៅក្រមមួយចំនួនផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ