អានតួអត្ថបទ
កម្ពុជា-ច្បាប់

ព្រឹទ្ធសភា​​សម្រេច​​ដក​​អភ័យ​ឯក​សិទ្ធិ​​លោក​​ស្រី​​ ថាក់​ ឡានី​ ​បើក​​ផ្លូវ​​ឲ្យ​​តុលាកា​រចាត់​ការ​

លោក ​ម៉ម ប៊ុននាង​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​​កម្ពុជា ​បាន​ថ្លែង​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ​ក្រោយ​ព្រឹទ្ធសភា​បោះ​ឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​លោកស្រី​ ថាក់ ឡានី​ ថ្ងៃទី​ ០១​កញ្ញា​ ឆ្នាំ​២០១៦។​
លោក ​ម៉ម ប៊ុននាង​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​​កម្ពុជា ​បាន​ថ្លែង​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ​ក្រោយ​ព្រឹទ្ធសភា​បោះ​ឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​លោកស្រី​ ថាក់ ឡានី​ ថ្ងៃទី​ ០១​កញ្ញា​ ឆ្នាំ​២០១៦។​ @Va Somnob

សមាជិក​​​ព្រឹទ្ធសភា​ ​ដែល​​​ភាគ​ច្រើន​​​លើស​​លុប​​​ មក​ពី​​គណបក្ស​កាន់​អំណាច ​បាន​សម្រេច​​បោះ​ឆ្នោត​​ដក​​អភ័យ​ឯកសិទ្ធិ​​សមាជិក​​ព្រឹទ្ធសភា​​ មក​ពី​​គណបក្ស​ប្រឆាំង​​លោក​ស្រី ​ថាក់ ឡា​នី ​ជា​ផ្លូវ​ការ​​ហើយ ​​នៅ​​ព្រឹក​​មិញ​​នេះ ​ដោយ​​សំឡេង​ ៤៦​លើ​៤៦។ ​សេចក្តី​សម្រេច​​នេះ​​មាន​ន័យ​ថា ​គឺ​ជា​​ការ​បើក​ផ្លូវ​​ឲ្យ​​តុលាកា​ចាត់​ការ​​តាម​​នីតិវិធី​​ច្បាប់ ​នៅ​ក្នុង​​បណ្តឹង​​បរិហាកេរ្តិ៍​​លោក​​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​។ ​អ្វី​​ជា​ការ​​កត់​សម្គាល់ ​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ដក​​អភ័យ​ឯកសិទ្ធិ​​លោក​ស្រី ​ថាក់ ឡា​នី ​នេះ ​មិន​មាន​​ការ​ចូល​រួម​​ពី​​សមាជិក​​ព្រឹទ្ធសភា​ ២​រូប​តំណាង​​មក​ពី​​ព្រះ​បរម​រាជ​វាំង ​និង​​សមាជិក​​ព្រឹទ្ធសភា​​ មក​ពី​​គណបក្ស​​សម រង្ស៊ី​​​ នោះ​ទេ​។ <!--break-->

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បើក​កិច្ចប្រជុំពេញអង្គ ​ដែល​ធ្វើឡើង​ដោយ​បិទទ្វារ​​រយៈពេល​ជិត ២ម៉ោង​មក សមាជិក​​ព្រឹទ្ធសភា​ចំនួន ៤៦រូប​ ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បោះឆ្នោត​ដក​​អភ័យឯកសិទ្ធិ​ របស់លោក​ស្រី​ថាក់ ឡា​នី ជា​ឯក​ច្ឆ័​ន​ក្នុង​​សំឡេង ៤៦លើ៤៦។ ការ​សម្រេច​​​ដក​​អភ័យឯកសិទ្ធិ​របស់​លោក​​ស្រី ថាក់ ឡា​នី នៅថ្ងៃនេះ គឺធ្វើឡើង​តាម​សំណើ​របស់​​​​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​​សាលា​ឧទ្ធរណ៍​​ ចុះ​​ថ្ងៃ​ទី ២៦សីហា​ និង​តាមរយៈ​លិខិត​របស់​រដ្ឋ​​មន្ត្រីក្រសួង​យុត្តិធម៌ លោក​អង្គ វង្ស​វ​ឌ្ឍ​នា ចុះ​ថ្ងៃទី ២៩សីហា និង​បន្ទាប់ពី​លោកស្រី ថាក់ ឡា​នី បាន​ខកខាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​តាម​ដីកា​កោះហៅ របស់​តុលាការ​សាលាដំបូង​ក្រុង​ភ្នំពេញ​​​ចំនួន២លើក​រួចមក។

សូមបញ្ជាក់ថា លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​រង​ការ​ចោទ​ប្រកាន់​​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែលជា​បទល្មើស​ព្រហ្មទណ្ឌ ​មានចែង​ក្នុង​មាត្រា៣០៥ មាត្រា៤៩៤ និង​មាត្រា​៤៩៥​នៃ​​​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា តាម​បណ្តឹង​របស់លោក គី តិច មេធាវី​​តំណាង​​អាណត្តិ​​​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​លោកស្រី​បាន​ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប​​មួយ​ដោយ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា បាន​រៀបចំ​​ឲ្យ​មានការ​បាញ់​សម្លាប់​​លោក កែម ឡី អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា។ ក្រៅ​ពី​ប្ដឹង​លោកស្រី ថាក់ ឡា​នី​ហើយ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​ប្តឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​​សម្លាប់​​លោកកែម ឡី នេះដែរ។ ជា​បណ្តឹង​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្តឹង​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​តែ ១០០រៀល​ប៉ុណ្ណោះ។

លោក ទាវ វ​ណ្ណុល សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នេះ​គឺ​ជា​​សម្ពាធ​នយោបាយ​ថ្មី​មួយទៀត មកលើ​គណបក្សប្រឆាំង​របស់លោក ខណៈដែល​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​​កាលពី​ថ្ងៃទី ៣១​សីហា ​លោក​បាន​សំណូមពរ​ឲ្យ​បញ្ចប់​​សំណុំ​​រឿង​នេះ ត្រឹម​ការ​សូមទោស។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា ការសម្រេច​លើក​អភ័យឯកសិទ្ធិ​របស់​លោក​ស្រី ថាក់ ឡា​នី នៅថ្ងៃនេះ គឺ​ព្រឹទ្ធសភា​បាន​អនុវត្ត​ស្របទៅតាម​គោលការណ៍​ច្បាប់​នៃ​ប្រទេស​​កម្ពុជា។ ក្រៅពី​ការអះអាង​បែបនេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ទៀត ​ដើម្បី​បញ្ជាក់​ជំហ​ររបស់ខ្លួន​​ជុំវិញ​​ការដ​ក​អភ័យឯកសិទ្ធិ​របស់​លោក​​ស្រី ថាក់ ឡា​នី ​នេះ។

​គួរ​ជម្រាប​ជូន​ថា ​កិច្ច​ប្រជុំ​​ព្រឹទ្ធសភា​នៅថ្ងៃនេះ មិនមាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ​២​រូប​តំណាង​​មកពី​ព្រះបរមរាជវាំង​នោះទេ ខណៈដែល​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម ​រង្ស៊ី​ ​​ចំនួន​​ ៩រូប​​ក៏បាន​ធ្វើពហិកា​មិន​ចូលរួម​កិច្ចប្រជុំ​នេះដែរ ដោយ​មិន​រាប់បញ្ចូល​លោកស្រី ថាក់ ឡា​​នី ដែលជា​សមី​ខ្លួន និង​លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​សរ។ លោក​ស្រី ថាក់ ឡា​នី ដែល​រង​ការលើក​អភ័យឯកសិទ្ធិ​នៅថ្ងៃនេះ ត្រូវបាន​គេ​ដឹងថា បាន​ចាក​ចេញ​ពី​​ប្រទេស​កម្ពុជា​ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ