កម្ពុជា

ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​៖ ​ក្រុម​កម្មករ​សំណង់​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ ​និង​លក្ខ័ណ្ឌ​ការងារ​ជា​លើក​ដំបូង​

កម្មករ​សំណង់​មក​ពី​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ចំនួន​៣ ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋសភា ​ដើម្បី​ដាក់​ញត្តិ​សុំ​ការ​ការ​ពារ​ដល់​ពួកគេ ​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​១៣១​ ថ្ងៃទី ​៣០ ​មេសា ​ឆ្នាំ២០១៧។​
កម្មករ​សំណង់​មក​ពី​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ចំនួន​៣ ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋសភា ​ដើម្បី​ដាក់​ញត្តិ​សុំ​ការ​ការ​ពារ​ដល់​ពួកគេ ​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​១៣១​ ថ្ងៃទី ​៣០ ​មេសា ​ឆ្នាំ២០១៧។​ @Facebook

ក្រុម​កម្មករ​​សំណង់​​ប្រមាណ​​ជា​៣០០​នាក់ ​បាន​​ប្រមូល​​ផ្ដុំ​គ្នា​​នៅ​មុខ​​វិមាន​​រដ្ឋសភា​​កម្ពុជា​ នៅ​​ព្រឹក​​ថ្ងៃទី​៣០​មេសា​​នេះ ​ដើម្បី​​​អប​អរ​សាទ​រ​​​ខួប​​​លើក​​​ទី​១​៣១ ​នៃ​​ទិវា​ពលកម្ម​​អន្តរជាតិ ​០១ ​ឧសភា​​​ក្រោម​​ប្រធាន​បទ ​"​ការ​លើក​កម្ពស់​​សិ​ទ្ឋ​​សេរីភាព ​និង​​លក្ខ​ខ័​ណ្ឌ​​ការងារ ​របស់​​កម្មករ​​ក្នុង​​វិស័យ​​សំណង់"​។ ​ឆ្លៀត​​ក្នុង​ការ​​អបអរសាទរ​​ទិវា​​របស់​ខ្លួន​​នេះ​ដែរ ​ក្រុម​កម្មករ​​សំណង់​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​បាន​ដាក់​​សំណើរ​៥​ចំណុច ​ទៅ​កាន់​​រដ្ឋសភា ​និង​​រដ្ឋាភិបាល​​កម្ពុជា ​ឲ្យ​​ជួយ​​ការពារ​​ដល់​​ពួកគេ ​ក្នុង​នោះ​​ក៏​មាន​​ការ​ទាមទារ​​ប្រាក់​​ឈ្នួល​​សមរម្យ​​ផងដែរ​។ ​អ្នក​រៀបចំ​​ការ​ជួប​ជុំ​នេះ ​រំពឹង​ទុក​​ថា ​រដ្ឋសភា​​និង​​រដ្ឋាភិបាល​​កម្ពុជា ​នឹង​​ឆ្លើយ​តប​​ចំពោះ​​សំណើរ​​របស់​​ពួក​គេ។​

ផ្សាយពាណិជ្ជកម្ម

“បញ្ឈប់​ការប្រើប្រាស់ អា​បេ​ស្តុ​ស (Asbestos) នៅ​កម្ពុជា។ “សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​ប្រកាស ​ស្តីពី ការកំណត់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​វិស័យ​សំណង់។ នេះ​គឺជា​សំណើរ និង​​ជា​​កង្វល់​របស់​កម្មករ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​សរសេរ​លើក​ជា​បដា នៅ​ក្នុង​​ការ​អបអរសាទ​រ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ខួប​លើក​ទី១៣១ ដែល​កម្មករសំណង់​ក​ម្ពុ​ជា​បាន​ប្រារព្ធ​ធ្វើឡើង​នៅមុខ​រដ្ឋសភាជាតិ​កម្ពុ​ជា​កាលពី​ព្រឹក​ថ្ងៃទី៣០មេសា​នេះ។ សូមបញ្ជាក់ថា អា​បេ​ស្តុ​ស (Asbestos) គឺជា​សា​ធាតុគីមី​ម្យ៉ាង​ដែល​ប្រឈម​ដល់​សុខភាព​របស់​កម្មករ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​នៅក្នុង​ស៊ីម៉ង់ត៍​និង​ម្នៀងសិលា​ជាដើម។

 
នេះ​អាចជា​លើកដំបូង​ហើយ ដែល​កម្មករសំណង់​នៅក្នុង​ប្រទេស​កម្ពុជា បានចេញ​ធ្វើ​យុទ្ធ​នា​ការ​​ទ្រង់ទ្រាយ​ធំ ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​រដ្ឋសភា ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​​ចំពោះ​កម្មករ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​លូតលាស់​នៅក្នុង​ប្រទេស​​ដែល​កំពុង​អភិវឌ្ឍ​មួយ​នេះ។

លោក សុខ គីន ប្រធានស្តីទី សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា ហៅ​កាត់​ថា (BWTUC) បាន​លើកឡើងថា កម្មករសំណង់​កម្ពុជា បាន​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់បំផុត​នៅ​ក្នុង​​ការងារ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ មិន​ត្រូវបាន​យកចិត្តទុកដាក់​នោះទេ។ លោក សុខ គីន បាន​​លើកឡើងថា នៅ​ក្នុងការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ខួប​លើក​ទី១៣១ នេះ កម្មករសំណង់​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន៣នៃ​ប្រទេស​កម្ពុជា បានដាក់​សំណើរ​រួមគ្នា​ចំនួន៥ចំណុច ទៅកាន់​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ការពារ​ដល់​ពួកគេ ក្នុងនោះ​រួម​មាន៖
ទី១.​ឲ្យ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករសំណង់ ទី២.ចេញប្រកាស​ស្តីពី​សំភារៈ​ការពារ​បុគ្គល សុខភាព និង​សុវត្ថិភាព​របស់​កម្មក​រ​សំណង់ ទី៣.ការពង្រីក​វិសាលភាព​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទៅលើ​ក្រុមកម្មករ​សំណង់​នៅ​កម្ពុជា ទី៤.ចេញប្រកាស​ស្តីពី​​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ទៅលើ​អ្នកម៉ៅការ​បន្ត ឬ​ក្រុមហ៊ុន​សាងសង់ និង​ទី៥. គឺ​ស្នើ​ឲ្យ​មានការ​កែប្រែ​នូវ ច្បាប់​ស្ដីពី សហជីព​ដើម្បី​ធានា​នូវ​សេរីភាព​របស់​សហជីព​ក្នុង​ការចូល​ជួយ​ដល់​ក្រុម​កម្មករសំណង់​នៅ​កម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យ​សំណង់​នៅ​កម្ពុជា មាន​កម្មករ​ប្រមាណ​ជា២០ម៉ឺន​នាក់ កំពុងធ្វើការ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​ជា៣០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI