អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គ្រោះ​ជាតិ ​អំពាវ​នាវ​ឲ្យ​តំណាង​រាស្ត្រ​របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​​ត្រលប់​​មក​វិញ​ជា​បន្ទាន់​

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ដោយ៖ វ៉ា សំណព្វ
១២ នាទី

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​​និង​​សមាជិក​ព្រឹទ្ធ​សភា​​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​កំពុង​ស្នាក់នៅ​ក្រៅប្រទេស ឲ្យ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។ ការអំពាវនាវ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​​តម្រូវ​ការ​​ចាំបាច់​របស់​គណបក្ស។ សូមបញ្ជាក់ថា ចាប់តាំងពី​មានការ​ចាប់ខ្លួន​លោក កឹម សុខា ​មក ​ជាង​ពាក់កណ្តាល​នៃ​សមាជិកសភា​និង​ព្រឹទ្ធសភា គឺ​មិនមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​​នោះទេ។  

ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទាំង​អស់​ដែល​កំពុងស្នាក់នៅ​ក្រៅប្រទេស ឲ្យ​ប្រ​ញ៉ាប់​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​​ជាបន្ទាន់។ ការវិល​ត្រលប់ គួរតែ​ធ្វើឡើង​ឲ្យ​បាន​មុន​ថ្ងៃទី ២០ កញ្ញា។ នេះ​បើតាម​លិខិត​​គាំទ្រ​មួយ ដែល​ចេញពី​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ១៩ កញ្ញា។ លិខិត​នេះ បាន​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់លោក លោក ម៉ៅ មុនី​វណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស កាលពី​ថ្ងៃទី ១៨ កញ្ញា និង​ការណែនាំ​របស់​គណៈកម្មកា​រ​អចិន្ត្រៃយ៍​គណបក្ស ដែល​បាន​ស្នើសុំ​ឲ្យ​តំណាងរាស្ត្រ​ដែល​កំពុងស្នាក់នៅ​ក្រៅប្រទេស​ទាំងអស់ ឲ្យ​ត្រលប់​ទៅ​កម្ពុជា​វិញ ។

បើតាម​លិខិត​ដែល​បាន​ផ្ញើ​ទៅកាន់​អនុប្រធាន​គណបក្ស​ទាំងបី​រូប​របស់​គណបក្ស​សង្គ្រោះ​​ជាតិ រួមមាន លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោក ស្រី មួរ សុខ​ហួរ រួម​ទាំង​​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ទាំងមូល វត្តមាន​របស់​ពួគគេ គឺមាន​សារ​សំខាន់​​ណាស់ ក្នុង​គ្រា​ដែល​គណបក្ស​កំពុង​ត្រូវការ​បែបនេះ ពិសេស​ក្នុង​ការជួយ​ជម្រុញ​ដំណើរការ​ចុះឈ្មោះ​ការបោះឆ្នោត​នៅតាម​មូលដ្ឋាន​របស់​ពួកគេ។

បើតាម​ការបញ្ជាក់​ពី​លោក ម៉ៅ មុនី​វណ្ណ គិត​មកទល់នឹង​ពេលនេះ ជាង​ពាក់កណ្តាល​នៃ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​គណបក្សប្រឆាំង មិនមាន​វត្តមាន​នៅក្នុង​ប្រទេស​នោះ​ទេ​។ ក្នុងនោះ ក៏មាន​មន្ត្រីជាន់ខ្ពស់​និងសំខាន់ៗរបស់​គណបក្ស​ផងដែរ ដូចជា លោក អេង​ ឆៃអ៊ាង លោក ប៉ុល ហំ​ម និង​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ជាដើម។ ពួក​គេ​​មួយចំនួន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា តាំង​ពីមុន និង​ក្រោយ​ព្រឹត្តិការណ៍​នៃ​ការចាប់ខ្លួន លោក កឹម សុខា ដើម្បី​បំពេញ​បេសកម្ម​នៅក្រៅ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ