កម្ពុជា-នយោបាយ

CNRP​ ថ្កោល​ទោស​ការ​ចល័តទ័ព​ និង​ប្រកាស​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ ទោះ​បី​ជា​មាន​ការ​ព្រមាន​បង្ក្រាប​

រថយន្ត​យោធា​ជាច្រើន​គ្រឿង​បាន​បើក​ចល័ត​លើ​ដង​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ ​កាល​ពី​រាត្រី​ ថ្ងៃទី​ ១២ ​ខែកញ្ញា​ ឆ្នាំ​២០១៦។​
រថយន្ត​យោធា​ជាច្រើន​គ្រឿង​បាន​បើក​ចល័ត​លើ​ដង​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ ​កាល​ពី​រាត្រី​ ថ្ងៃទី​ ១២ ​ខែកញ្ញា​ ឆ្នាំ​២០១៦។​ @Facebook

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​អះអាង​​នៅ​ថ្ងៃ​នេះ​​ថា ​គណបក្ស​​នេះ​​នឹង​​នៅ​តែ​​រក្សា​​ជំហរ​​ធ្វើ​​មហា​បាតុកម្ម​​ដដែល ​បើ​ទោះ​បី​ជា​​មាន​កា​រ​​ព្រមាន​​បង្ក្រាប​​ពី​​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​។ ​គួរ​​ជំរាប​ជូន​​ថា ​គឺ​ជា​​លើក​ដំបូង​​ហើយ ​ដែល​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា ​បាន​​បញ្ចេញ​​ប្រតិកម្ម​​បង្ក្រាប​​គម្រោង​​ធ្វើ​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ហើយ​​នៅ​​ប៉ុន្មាន​​ម៉ោង​​ក្រោយ​​ការ​ព្រមាន​​របស់​លោក​​នាយ​ក​រដ្ឋមន្ត្រី​​នោះ ​គេ​​បាន​ឃើញ​​មាន​ការ​​ចល័ត​​កងទ័ព​​ទាំង​ជើង​គោក ​និង​​ជើង​​ទឹក ​នៅ​​ជុំវិញ​​ទីស្នាក់ការ​​គណបក្ស​ប្រឆាំង​​ថែម​ទៀត។​​

ផ្សាយពាណិជ្ជកម្ម

លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ពី​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី១៣កញ្ញា​នេះ​ថា គណបក្ស​នៅតែ​រក្សា​ជំហរ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ បើទោះបីជា​មានការ​ព្រមាន​បង្ក្រាប។ បាតុកម្ម​នឹងធ្វើ​ឡើង​ដោយ​អហិង្សា និង​ស្រប​ទៅ​តាម​​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ប្រក្រតី​ឡើងវិញ និង​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​នាពេលខាងមុខ​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​ស្មើភាព តាមរយៈ​ដំណោះស្រាយ​នយោបាយ​រួម។ យ៉ាងណាក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ពិត​ប្រាកដ​​នៃ​ការធ្វើ​មហា​បាតុកម្ម​នេះ​នៅឡើយ​ទេ។

សូមបញ្ជាក់ថា ពីរ​ថ្ងៃ​ក្រោយពី​ការប្រកាស​ត្រៀម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មក កាលពី​ល្ងាច​ថ្ងៃទី១២កញ្ញា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកដំបូង និង​បាន​ព្រមាន​ប្រើ​កម្លាំង​បង្ក្រាប ដោយបាន​ចាត់ទុក​ចា ជា​បាតុកម្ម​ដែល​ធ្វើ​ឡើង​​ដោយ​ខុសច្បាប់។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា គម្រោង​បាតុកម្ម​របស់​គណបក្ស​​ប្រឆាំង មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​បុគ្គល​ណាមួយ​នោះទេ។

ក្រៅពី​ការប្រកាស​ជំហរ​នៅថ្ងៃនេះ គណបក្សប្រឆាំង​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​សកម្មភាព​ចល័ត​កងកម្លាំងប្រដាប់អាវុធ នៅ​មុខ​​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​យប់មិញ​នេះ។ បើតាម​ប្រភពពី​មន្ត្រី គណបក្ស​​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ប្រមាណ​ជា​ម៉ោង១២រំលងអធ្រាត្រ​យប់មិញ​នេះ មាន​​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ ទាំង​រថយន្ត​តូច-ធំ ប្រមាណ​ជា៣០ទៅ៤០គ្រឿង​បាន​បើក​​ចល័ត​​ចុះឡើង​ទៅមក​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយឡែក​នៅ​​ផ្នែក​​ខាងក្រោយ​ទីស្នាក់ការ​គណបក្ស​វិញ ក៏មាន​កងទ័ព​ម៉ា​រី​ន​ជើង​ទឹក​ប្រហែល​ចំនួន​ជាង២០គ្រឿង បាន​បើក​ចល័ត​ចុះឡើង​ផងដែរ។ សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​បាន​ចាត់​ទុក​​សកម្មភាព​នេះ​ថា មិនមែន​ត្រឹមតែ​ជាការ​គម្រាមកំហែង និង​បំភិតបំភ័យ​ដល់​ថ្នាក់​ដឹក​នាំ សមាជិក-សមាជិក​ការ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​ក៏​ជាការ​បំភិត​បំភ័យ​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ។ តាម​សេចក្តីថ្លែងការណ៍​នេះ នេះ​មិនមែន​ជាការ​ចល័ត​កង​​ទ័ព​​ជា​​លើក​ទី១​នោះទេ ​កាលពី​ថ្ងៃទី៣១សីហា​កន្លងទៅ ក៏មាន​ការ​ចល័ត​ទ័ព​ដូច​គ្នា​នេះ​ដែរ។

យ៉ាងណាក៏ដោយ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានចាត់ទុក​សកម្មភាព​​នេះ​ថា គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម។ លោក ឈុំ សុជាតិ ក៏បាន​បញ្ជាក់​ថា កងទ័ព​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​អនុវត្ត​បទបញ្ជារ​រប​ស់​ប្រមុខ​រដ្ឋាភិបាល។
ជុំវិញ​​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ បាន​ជម្រុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ឈប់​កា​រប​ង្អូ​ត​កម្លាំង ឬ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា ដើម្បី​ជៀសវាង​ការខាតបង់​របស់​ប្រទេសជាតិ ហើយ​ផ្តល់​ផលចំណេញ​ទៅដល់​ប្រទេស​ជិត​ខាង​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI