អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការ​ចាប់​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​កើន​ឡើង​ជាង​៤០​នាក់​ ខណៈ៣​នាក់​បាន​ចូល​សារ​ភាព​

គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ  បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។
គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ Faceboook
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

គិត​ត្រឹម​ថ្ងៃទី ​១២​ តុលា ​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​ដល់​៤២​នាក់​ហើយ ​បន្ទាប់​ពី​អាជ្ញាធ​រ​កម្ពុជា​នៅ​ថ្ងៃ​សៅរិ៍​នេះ ​បាន​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​ ពី​បទ​ «​រួម​គំនិត​ក្បត់​»​។ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​អាជ្ញាធរ​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចាប់​ខ្លួន​នេះទេ​ ខណៈ​ដែល​ពួកគេ​បាន​ប្រកាស​ចូល​រួម​សកម្មភាព​ជា​មួយ​លោក ​សម រង្ស៊ី​។​ 

ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន​ សកម្មជន​អតីត​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​ដល់​៤២​នាក់​ហើយ​ គិ​ត​ត្រឹម​រសៀល​ថ្ងៃទី ​១២​ តុលា​នេះ ​ខណៈជាង​២០០​នាក់​បាន​រង​ការ​ចោទ​ប្រកាន់ ​ពី​បទ ​«​រួម​គំនិត​ក្បត់​»​។ ​ការ​កើន​ឡើងនេះ​ គឺ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា ​នៅ​ថ្ងៃ​សៅរិ៍ ​ទី​១២ ​តុលានេះ​ បាន​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​។ ​ម្នាក់​គឺ​ជា​ស្ត្រី ​ឈ្មោះ ​ប៉ែន ​មុំ ​ហៅ ​ស្រីមុំ ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ឃុំ​​កណ្ដោល ​ស្រុក​ទឹក​ឈូ ​ខេត្តកំពត​។ ​លោក​ស្រី ​ប៉ែន ​មុំ ​ឬ ​មុំ ​សំបូរ​ ត្រូវ​បាន​អាជ្ញាធរ ​ចុះ​ឡោម​ព័ទ្ធ ​និង​ចាប់​ខ្លួន ​ក្រោម​ការ​ចោទ​ប្រកាន់ ​«​រួម​គំនិត​ក្បត់​» ​ដោយ​សារ​លោក​ស្រី​បាន​ប្រើ​ហ្វេស​បុកឈ្មោះ ​សំបូរ មុំ ​ឬ ​មុំ ​សំបូរ​ សរសេរ​រិះ​គន់​រដ្ឋាភិបាល​រាល់​ថ្ងៃ ​ចាប់​តាំង​ពី​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​តាំង​ពី​ថ្ងៃទី ​១៦ ​វិច្ឆិកា ​ឆ្នាំ ​២០១៦​រហូតដ​ល់ប​ច្ចុប្បន្ន​ ប្រឆាំង​គោល​នយោបាយ​ស្រប​ច្បាប់ ​និង​គៀងគ​រ​បំផុស​ឲ្យ​មហា​ជន​ចូលរួ​ម​ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល ​ក្រោម​ផែនការ​វិល​ត្រលប់​របស់​លោក​សម ​រង្ស៊ី​។ ​នេះបើ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក ​ម៉ុត ​ដារ៉ា ​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កំពត​។ ​ចំណែក​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដែល​រ​ង​ការ​ចាប់​ខ្លួន​ម្នាក់​ទៀត ​គឺ​លោក ​ឡី សុខុន​ ជា​សមាជិក​ក្រុម​ការងារ​ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រុំ ​ឃុំព្រែក​នរិន្ទ ​ស្រុក​ឯកភ្នំ ​ខេត្ត​បាត់​ដំបង​។ ​លោក​ ឡី សុខុន​ ត្រូ​វបាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ​នៅ​ខណៈ​ពេល​ដែល​លោក​កំពុង​បង្រៀន​សិស្ស​នៅ​ក្នុង​សកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​នា​ព្រឹក​ថ្ងៃទី ​១២ ​តុលា​នេះ​។

​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​ឃិន ​ជំរឿន ​ដែលកំ​ពុង​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជ​ន​អតីត​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទា​ប់​នេះ​ថា​ គឺ​ជា​ចេតនា​គំរាម​កំហែង​ផ្នែក​នយោបាយ ​និង​បំបាក់​ស្មារតី ​សកម្មជន​និង​យុវជន​ដែល​ហ៊ាន​ងើប​ឡើង​ណាមួ​យ ​ដើម្បី​ទៅ​ទទួល​លោក ​សម ​រង្ស៊ី ធ្វើ​មាតុភូមិ​និវត្ត​ន៍​នៅ​ថ្ងៃទី​០៩ ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ។ យ៉ាង​ណាក៏​ដោយ ​លោក​ឧបនាយករដ្ឋមន្ត្រី ​ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា ​រដ្ឋាភិបាល​មិន​មាន​ជម្រើស​អ្វី ​ក្រៅ​ពី​ការ​បន្ត​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​នោះ​ទេ​។ ​ប៉ុន្តែ​បើ​តាម​លោក ស​ ខេង​ ដើម្បី​ជៀស​ផុត​ពី​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​នេះ ​ប្រជា​ពល​រដ្ឋ​គួរ​តែ​បដិសេធ​កុំ​ចូលរួម​សកម្មភាព​ជាមួយ​លោក ​សម រង្ស៊ី ​ជា​អ្វី​ដែល ​លោក ​ស ​ខេង ​បាន​ចាត់​ទុក​ថា ​សកម្មភាព​របស់​លោក ​សម រ​ង្ស៊ី បា​ន​ដើរ​ហួស​ពី​បន្ទាត់​ក្រហម​ទៅ​ហើយ​នោះ​។

​សូម​បញ្ជាក់​ថា ​ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​បន្ត​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​លើ​អតីត​សកម្មជន​បក្ស​ប្រឆាំង​បាន​កើន​ឡើង​ជាង​៤០​នាក់​នេះ ​ក៏​មាន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​៣​នាក់​ដែរ ​បាន​ចូល​ទៅ​សារភាព ​ហើយ​រួច​ផុត​ពី​ការ​ចាប់​ឃុំ​ខ្លួ​ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ