កម្ពុជា

ខុមហ្វ្រែល​រក​ឃើញ​ថា ​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ​មាន​កម្រិត​ជឿជាក់​ជាង​៩៥%​

រូបភាព​បង្ហាញ​ពី​របៀប​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ដោយ​ គ.ជ.ប​។​
រូបភាព​បង្ហាញ​ពី​របៀប​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ដោយ​ គ.ជ.ប​។​ @Seng Thai

អង្គការ​​សង្កេតការណ៍​​បោះឆ្នោត ​ខុមហ្វ្រែល ​រក​ឃើញ​ថា ​គុណភាព​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី ​ដែល​​រៀប​ចំ​​ដោយ ​គ.ជ.ប ​កន្លង​ទៅ​នេះ ​មាន​​កម្រិត​​ជឿ​ជាក់​​រហូត​ដល់ ​ជាង​៩៥ ​ភាគ​រយ ​ក្នុង​នោះ ​ភាព​ត្រឹមត្រូវ ​នៃ ​ឈ្មោះ ​ភេទ ​និង​​ថ្ងៃខែ​ឆ្នាំ​​កំណើត ​មាន​ ៩៣.៧​ភាគរយ។​ នេះ​​បើ​តាម​របាយការណ៍​​របស់ ​ខុមហ្វ្រែល ​ស្តីពី ​លទ្ធផល​​ស្រាវជ្រាវ​​ពី​ការ​ធ្វើ​​សវនកម្ម​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត ​ឆ្នាំ​២០១៦ ​សម្រាប់​​ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​ឆ្នាំ​២០១៧ ​ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​ពុធ​​នេះ​ ។

ផ្សាយពាណិជ្ជកម្ម

អំណឹះតទៅ ការតវ៉ា​ដោយសារ​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ឈ្មោះ​ស្ទួន ឬ​ឈ្មោះ​ខ្មោច​ទំនងជា​លែង​ជា​បញ្ហា​ទៀតហើយ។ ​បើ​ផ្អែក​តាម​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី​​របស់​ខុមហ្វ្រែល (Comfrel) បាន​រកឃើញថា គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា (គ.ជ.ប) មាន​កម្រិត​ជឿ​ជាក់​​រហូតដល់​ជាង៩៥ភាគរយ។

 
បើ​ផ្អែក​តាម​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​ខុមហ្វ្រែល ចាប់ពី​ថ្ងៃទី ១៣ធ្នូ​ឆ្នាំ២០១៦ដល់​ថ្ងៃទី១៤កុម្ភៈ​ឆ្នាំ២០១៧នេះ បាន​រកឃើញថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​​ក្នុងប្រទេស ដែលមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ជាង៧លាន៨សែន​នាក់​នោះ មាន​ប្រជា​ពល​​រដ្ឋ ​៨៩.៣% មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី និង៩៥ភាគរយ មាន​ភាព​សុ​ក្រឹត្យ​​​ដែល​អាច​ជឿទុកចិត្ត​បាន។ ចំណែក​តិច​ឬ​ច្រើនជាង២%ទៀត ជា​ភាពលម្អៀង​ដែល​មិន​អាច​​កំណត់​​បាន។ នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី៥មេសា​នេះ លោក កន សាវង្ស មន្ត្រី​ជាន់​ខ្ពស់​​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល និង​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ (NICFEC) បាន​បញ្ជាក់ថា «ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ដែល​រស់នៅក្នុង​ប្រទេស​ចំនួន​៨៩.៣%​ មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ»។

គួរ​ជំរាបជូន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង៧លាន៨សែន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​​ថ្មី​ចាប់ពី​ថ្ងៃទី១កញ្ញា​ដល់​ថ្ងៃទី២៩វិច្ឆិកា​ឆ្នាំ២០១៦ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​​នាក់ ដែលមាន​សិទ្ធិ​បោះឆ្នោត។ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ធ្វើឡើង​តាមរយៈ​ម៉ាស៊ីន​​កុំ​ព្យួ​ទ័​រ ដោយមាន​ការថតរូប និង​ផ្តិត​ក្រ​យ៉ៅ​ដៃ របស់​អ្នក​ចុះឈ្មោះ​ផង។

លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការរកឃើញ​របស់​ខុមហ្វ្រែល​នៅថ្ងៃនេះ។ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ភាពមិនប្រក្រតី​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតែ​កើតមាន ពិសេស​លើ​ការចុះ​ឈ្មោះ​​បោះឆ្នោត​របស់​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដែលមាន​ជាង៥០០០នាក់។ នេះ​​បើ​តាម​ការរកឃើញ​រប​ស់​គណបក្សប្រឆាំង ហើយ​ដែល​គណបក្សប្រឆាំង​ក៏បាន​ប្តឹង​ទៅ​កាន់​ គ.ជ.ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ឲ្យ​លុបឈ្មោះ​របស់​ពួកគេ​ចេញ តែ​ជា​លទ្ធផល​មាន​តែ​៣០នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​លុប។ នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃនេះ ខុមហ្វ្រែល​ក៏បាន​លើកឡើង​ពី​ចំណុច​ខាងលើ​នេះដែរ នឹង​ត្រៀម​ផ្តល់​អនុសាសន៍​ទៅ គ.ជ.ប នៅក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅពេល​ខាងមុខ។

សូមបញ្ជាក់ថា ខុមហ្វ្រែល​បានចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​និង​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ចាប់​ពី​ថ្ងៃទី១៣ខែធ្នូ​ឆ្នាំ២០១៦ រហូតដល់​ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបាន​ប្រើប្រាស់​អ្នក​សង្កេត​ការណ៍ សម្រាប់​សម្ភាសន៍​ប្រជាពលរដ្ឋ​ចំនួន២៥២នាក់។ ទោះជា​យ៉ាងណាក្តី ខុម​ហ្វ្រែល បាន​បញ្ជាក់ថា លទ្ធផល​ទាំងនេះ បានបង្ហាញ​ពី​ភាពល្អប្រសើរ នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី បើ​ប្រៀបធៀប​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣ ដែល​កាលណោះ​ការបាត់​ឈ្មោះ​​របស់​ប្រជាពលរដ្ឋ ឈ្មោះ​ស្ទួន និង​ឈ្មោះ​ខ្មោច បាន​ក្លាយជា​បាតុភាព​នៃ​ការតវ៉ា និង​ជា​ប្រធាន​បទ​នៃ​ការរិះគន់​របស់​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI