កម្ពុជា-ច្បាប់

ចៅ​ក្រម​អង្គបុរេ ​មិន​អាច​រក​សម្លេង​គ្រប់​គ្រាន់​ ថា​តើ​ត្រូវ​បញ្ជូ​ន​សំណុំ​រឿង​លោក​ អោ ​អាន​ ទៅ​កាត់​ទោស​ឬ​អត់​នោះ​ទេ​

លោក ​អោ ​អាន ​អតីត​អនុលេខា​ភូមិ​ភាគ​កណ្ដាល ​និង​ជា​លេខា​តំបន់​៤១​នៃ​រ​ប​បខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់​ចាម។​​
លោក ​អោ ​អាន ​អតីត​អនុលេខា​ភូមិ​ភាគ​កណ្ដាល ​និង​ជា​លេខា​តំបន់​៤១​នៃ​រ​ប​បខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់​ចាម។​​ @សហការី

ចៅ​ក្រម​អង្គបុរេ​ជំនុំ​ជម្រះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក​) ​កាល​ពី​ថ្ងៃទី​១​៩​ ធ្នូ ​បាន​ចេញ​សេចក្តី​ពិចារណា​របស់​ខ្លួន​ទៅ​លើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​របស់​សហចៅ​ក្រម​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៤​/​០២​របស់​ជន​ត្រូវ​ចោទ​លោក​ អោ ​អាន​។ ​ប៉ុន្តែ​ចៅ​ក្រម​​អង្គ​បុរេ​ទាំង​៥​រូប ​មិន​អាច​រក​សម្លេង​លើស​លប់​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​បញ្ជូន​សំណុំ​រឿង​របស់​លោក ​​អោ អាន ​ទៅ​ជំនុំ​ជម្រះ​ឬ​អត់​នោះ​ទេ​។​ ផ្អែក​តាម​នីតិវិធី ​សំណុំ​រឿង​នេះ ​ទំនង​ជា​នៅ​ទ្រឹង​ ហើយ​ផល​ប្រយោជន៍​​នឹង​​ធ្លាក់​ទៅ​លើ​​ជន​​ត្រូវ​​ចោទ​​​។​ 

ផ្សាយពាណិជ្ជកម្ម

វា​គឺ​ជា​លើកទី​១​នៃ​ប្រវត្តិ​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ​ដែល​ចៅក្រម​អង្គបុរេ​ជំនុំ​ជម្រះ​មិន​អាច​រក​សម្លេង​គ្រប់​គ្រាន់ ​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​បញ្ជូន​សំណុំ​រឿង​របស់​លោក​ អោ ​អាន​ ទៅ​ជំនុំ​ជម្រះ​ឬ​ក៏​អត់​។​ ដោយ​ផ្អែក​លើ​សំអាង​ហេតុ​រៀងៗ​ខ្លួន​ ចៅ​ក្រម​ជាតិ​៣​រូប ​ក្នុង​ចំណោម​ចៅ​ក្រ​ម​៥​រូប​នៃ​ចៅក្រម​អង្គបុរេ​ជំនុំ​ជម្រះ ​បាន​បោះឆ្នោត​គាំទ្រ​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក​ អោ ​អាន​។​ ប៉ុន្តែ​ចៅ​ក្រម​អន្តរជាតិ​២​រូប ​បាន​បោះ​ឆ្នោត​គាំទ្រ​ដីកា​បញ្ជូន​រឿង​របស់​លោក​ អោ ​អាន ​ឲ្យ​ទៅ​ជំនុំ​ជម្រះ​។ ​នេះ​បើ​យោង​តាម​សាល​ដីកា​របស់​អង្គបុរេ​ជំនុំ​ជម្រះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កាល​ពី​ថ្ងៃទី ​១៩​ ធ្នូ​។ ​អនុលោម​តាម​វិធាន​ ៧៧​ (​១៣​) ​នៃ​វិធាន​ផ្ទៃ​ក្នុង​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុ​ង​តុលាការកម្ពុជា​ ​សាល​ដីកា​នេះ ​គឺ​ជា​សាល​ដីកា​ដែល​បិទ​ផ្លូវ​តវ៉ា​។​

លោក​ យូ ​ប៊ុនឡេង​ សហចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​លើក​ឡើង​ថា ​ផ្អែក​តាម​វិធាន​ផ្ទៃ​ក្នុង​នៃ​ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម ​មិន​បាន​ចែង​ថា ​បើ​ចៅ​ក្រម​អង្គបុរេ​ខ្វែង​គំនិត​គ្នា​រក​សម្លេង​មិន​គ្រ​ប់​គ្រាន់​លើ​សាល​ដីកា​រ​បស់​ខ្លួន​បែប​នេះ ​តើ​សំណុំ​រឿង​នឹង​បញ្ជូន​ទៅ​ណាទៀ​ត​នោះទេ​។​ ទោះ​ជា​យ៉ាង​នេះក្តី​ លោក​ យូ ​ប៊ុនឡេង ​នឹង​ទន្ទឹង​រង​ចាំមើ​ល​ពី​ដំណោះ​ស្រាយ​ចុង​ក្រោយ​ ពីព្រោះ​មិន​មាន​វិធាន​ណា​មួយ​ដែល​ចែង​ថា ​ការ​ខ្វែង​គំនិត​គ្នា​ណាមួ​យ​រវាង​ចៅ​ក្រម​អង្គបុរេ ​នោះ​សំណុំ​រឿង​នឹង​ត្រូ​វ​បញ្ជូ​ន​ទៅ​ជំនុំ​ជម្រះ​នោះ​ទេ​ ហើយ​សាល​ដីកានេះ​ ក៏​មិន​បាន​កំណត់​ថា ​តើ​នឹង​បញ្ជូន​លោក​ អោ អាន​ ឲ្យ​ទៅ​ជំនុំ​ជម្រះ​ ឬ​ក៏​អត់​នោះដែ​រ​។​

ទាក់​ទង​នឹង​សំណុំរឿ​ង​នេះ ​លោក​ នេត្រ ​ភក្ត្រា​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​ថា ​ផ្អែក​តាម​នីតិវិធី ​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ ​ឬ​ក៏​លើក​លែង​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ ​គឺ​ចៅ​ក្រម​អង្គបុរេ​ត្រូវ​ការ​សម្លេង​ភាគ​ច្រើន​លើស​លប់ ​គឺ​៤​លើ​៥ ​ឬ ​៥​លើ​៥​។ ​ក៏​ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក ​អោ ​អាន​ នេះ ​គឺ​ចៅ​ក្រម​មិន​អាច​រក​សម្លេង​គ្រប់​គ្រាន់​នោះទេ​។ ​លោក​ នេត្រ ​ភក្ក្រា ​បាន​លើក​ឡើង​ថា​ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​នៃ​ប្រវត្តិ​តុលាការ​ខ្មែរ​ក្រហម ​ដែល​ចៅក្រម​អង្គបុរេ​ជាតិ​និង​អន្តរជាតិទាំ​ង​៥​រូប ​មិន​អាច​រក​សម្លេង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​លើ​សំណុំរឿ​ងមួ​យនេះ​។​ យ៉ាង​ណាក្តី ​ក្នុ​ង​ករណី​សំណុំរឿ​ង​របស់​លោកស្រី ​អ៊ឹម ​ចែម​ ក្នុ​ងសំណុំ​រឿង ​០០៤​ វិញ ​បើ​ក្នុង​ករណី​ដែល​ចៅ​ក្រម​អង្គបុរេ​ខ្វែង​គំនិត​គ្នា ​នោះ​ផល​ប្រយោជន៍​នឹង​ធ្លាក់​ទៅ​លើ​ជន​ត្រូវ​ចោទ​។

​គួរ​ជំរាប​ជូន​ថា ​លោក ​អោ​ អាន​​ អតីត​អនុលេខា​​ភូមិ​ភាគ​​កណ្ដាល ​និង​ជា​​លេខា​​តំបន់​​៤១​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់​ចាម ​ត្រូវ​​បាន​​ដាក់​​ឱ្យ​​ស្ថិត​​ក្រោ​ម​ការ​​ត្រួត​​ពិនិត្យ​​​ពី​​បទ​មនុស្ស​​ឃាត​​ដោយ​​ចេតនា ​​និង​​ឧក្រិដ្ឋ​​កម្ម​​ប្រឆាំង​​នឹង​​មនុស្ស​​ជាតិ ​​នៅ​​ថ្ងៃ​​ទី​២៧ ​​ខែ​​មីនា ​​ឆ្នាំ ​​២០១៥​​។​ នៅ​ថ្ងៃទី​១​៤​ ខែ​មីនា ​ឆ្នាំ ​២០១៦​ លោក ​អោ ​អាន​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោ​ម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ថ្មី​បន្ថែម​ទៀត ​រាប់​ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទៅលើ​ជនជាតិ​ចាម ​និង​ការ​រំលោភ​លើ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ​ឆ្នាំ​១៩៥៦​ ជា​ដើម​។​ ក៏​ប៉ុន្តែ​សហចៅ​ក្រ​ម​ស៊ើប​អង្កេត​ជាតិ​នៃ​អង្គជំនុំ​ជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក ​អោ ​អាន ​ដោយ​បាន​អះអាង​ថា ​លោក ​អោ ​អាន​ មិនមែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់ ​ឬ​ជា​អ្ន​កទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​នោះ​ទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI