គជប នឹងចាប់ផ្តើមចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាពីខែកុម្ភៈនេះតទៅ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី០៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ឧសភា ខាងមុខ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលស្ថិតនៅក្នុងតំណែងប៉ុណ្ណោះ។
ផ្អែកតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គជប នឹងចាប់ផ្តើមទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ខែឧសភាខាងមុខ។ ចំណែកឯការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ក៏ចាប់ផ្តើមដំណាលគ្នានេះដែរ ប៉ុន្តែនឹងបញ្ចប់នៅថ្ងៃទី ២២ ឧសភា។ នេះបើយោងតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី០៣នេះ។
ផ្អែកតាមប្រតិទិនដដែល ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលនៅតាមការិយាល័យបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី ២៦ មេសា ដល់ថ្ងៃទី ០២ ឧសភា ខណៈការចុះបញ្ជីឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី ០៧ មីនា ដល់ថ្ងៃទី ១១ខែមីនា ឆ្នាំ ២០១៩ ។ ហើយការឃោសនាបោះឆ្នោត នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ឧសភា។ រីឯការបោះឆ្នោត ការរាប់សន្លឹកឆ្នោត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំ ២០១៩នេះ។ ផ្អែកតាមវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ត្រូវបានបង្កើននៅរាជធានីភ្នំពេញពី២១រូបដល់២៧រូប ខណៈខេត្តកណ្តាល កំពង់ចាម ខេត្តបាត់ដំបង ព្រៃវែង សៀមរាប និងខេត្តតាកែវ ត្រូវបានបង្កើនពី១៥រូប ដល់២៧រូប ខណៈខេត្តក្រុងផ្សេងៗទៀត ក៏ត្រូវបានបង្កើនផងដែរ។ នេះបើយោតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ២៥ មករា ឆ្នាំ២០១៩នេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលស្ថិតនៅក្នុងតំណែង ១សែន១ម៉ឺន៥០៧២នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិបោះឆ្នោត។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជប បានលើកឡើងថា លក្ខណៈពិសេសនៃការបោះឆ្នោតក្រុមប្រឹក្សានៅលើកនេះ គឺអង្គបោះឆ្នោតម្នាក់ មានសន្លឹកឆ្នោតពីរ។ ១ប្រើសម្រាប់បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី/ខេត្ត និងសន្លឹកឆ្នោត១ទៀត ប្រើសម្រាប់បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក និងខណ្ឌ។
យ៉ាងណាក៏ដោយ លោក កន សាវ៉ាង មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលបានអះអាងថា ខុមហ្វ្រែលនឹងមិនចុះឈ្មោះឃ្លាំមើលការបោះឆ្នោតនេះទេ ដ្បិតការបោះឆ្នោតនេះជាការបោះឆ្នោតអសកល ជាការបោះឆ្នោតដែលមិនមានការប្រកួតប្រជែង ហើយជាការបោះឆ្នោតដែលគេអាចប៉ាន់ប្រមាណដឹងពីលទ្ធផលរួចជាស្រេចទៅហើយ ខណៈលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច បានអះអាងថា អង្គការនិចហ្វិចរបស់លោក នឹងចូលរួមឃ្លាំមើល ប្រសិនបើមានថវិការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ