គជប៖ សម្ភារៈសម្រាប់បម្រើឲ្យការបោះឆ្នោត បានទៅដល់គោលដៅហើយ
ចុះផ្សាយនៅថ្ងៃ៖
សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ រួមទាំងសន្លឹកឆ្នោតផង ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកជញ្ជូនទៅដល់ការិយាល័យថ្នាក់ឃុំសង្កាត់រួចរាល់ហើយ គិតចាប់តាំងពីថ្ងៃទី២៣ឧសភាមក។ ហើយនៅក្នុងការបោះឆ្នោតខាងមុខនេះ គ.ជ.ប ក៏បានត្រៀមឧត្ថម្ភាគចក្រចំនួន២គ្រឿង ដើម្បីត្រៀមដឹកជញ្ជូនសម្ភារៈ ទៅកាន់ការិយាល័យបោះឆ្នោតណា ដែលនៅឆ្ងាយនិងពេលចាំបាច់។
តាំងពីព្រឹកថ្ងៃទី២៣ខែឧសភាមក នាយកដ្ឋានប្រតិបត្តិការ នៃ គ.ជ.ប បានប្រើប្រាស់រថយន្ត ដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅតាមបណ្តាលខេត្តនានា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ។ សម្ភារៈទាំងនោះដែលមានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ ត្រាសម្ងាត់ បញ្ជីឈ្មោះបោះឆ្នោត បន្ទប់សំងាត់ និងសម្ភារៈផ្សេងៗទៀត។ សម្ភារៈទាំងនោះ ត្រូវបានរក្សាទុក និងការពារយ៉ាងត្រឹមត្រូវនៅឯគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ស្រុក មុនពេលត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យបោះឆ្នោតនៅថ្នាក់ឃុំនិងសង្កាត់នៅថ្ងៃបោះឆ្នោតខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ គជប បានបង្កើតការិយាល័យបោះឆ្នោតដល់ទៅ ២២១៤៨ ការិយាល័យនៅទូទាំងប្រទេស ដែលចំនួននេះ បានកើនឡើងបើធៀបនឹងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ និងបានប្រើប្រាស់បុគ្គលិកសរុបជាង១៣ម៉ឺន២ពាន់នាក់។ បន្ថែមលើនេះ គជប បានត្រៀមជួលឧត្ថម្ភាគចក្រក្រុមហ៊ុនឯកជនចំនួន២គ្រឿងទៀតសម្រាប់បម្រើឲ្យការដឹកជញ្ជូនសម្ភារៈបោះឆ្នោត និងការបោះឆ្នោតនៅពេលមានការចាំបាច់ណាមួយ។ ឧត្ថម្ភាគចក្រនេះ នឹងត្រូវបញ្ឈរជើង២៤ម៉ោងលើ២៤ម៉ោង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ឡើងវិញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី៤ ខែមិថុនា ខាងមុខដោយមានគណបក្សនយោបាយចំនួន១២ចូលរួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ