ប្រតិភូអឺរ៉ុប៖ នីតិវិធីនៃការដក ឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ត្រូវស៊ីពេល១២ខែ
ចុះផ្សាយនៅថ្ងៃ៖
ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី ៧ តុលា បានចេញមកពន្យល់ពីនីតិវិធីនៃការសម្រេចដក ឬ មិនដក ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីប្រទេសណាមួយថា ជានីតិវិធីដែលត្រូវស៊ីពេល៦ខែពីរដង បន្ទាប់ពីមានសេចក្តីសម្រេចពីគណៈកម្មការអឺរ៉ុប។ ការពន្យល់នេះ គឺធ្វើឡើង តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្ទាប់ពីមានការលើកឡើងផ្សេងៗគ្នាជុំវិញនីតិវិធីនៃការដក ឬ មិនដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
«បន្ទាប់ពីមានសេចក្តីសម្រេចពីគណៈកម្មការអឺរ៉ុប នីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន នឹងចាប់ផ្តើមជាមួយរយៈពេលពិនិត្យតាមដានជាផ្លូវការចំនួន ៦ខែ»។ «បន្ទាប់ពីរយៈពេលនេះ នឹងមានរយៈពេល៦ខែទៀត សម្រាប់រៀបចំរបាយការណ៍ ស្តីពីលទ្ធផលរកឃើញ និងបញ្ចប់នីតិវិធីនេះ ជាមួយនឹងការចេញសេចក្តីសម្រេចមួយទៀតថា តើត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះឬអត់»។ នេះបើតាមការពន្យល់របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចុះ ថ្ងៃទី ៧ តុលា។ ការពន្យល់នេះ គឺបន្ទាប់ពីមានការលើកឡើងផ្សេងៗគ្នា ជុំវិញនីតិវិធីនៃការដក ឬ មិនដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
សម្រាប់ប្រទេសកម្ពុជា រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីសម្រេចណាមួយពីគណៈកម្មការអឺរ៉ុប ទាក់ទងនឹងការព្យួរ ឬ ការដកហូតនូវប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយទេ។ ប៉ុន្តែ កាលពីថ្ងៃទី ៥ តុលា កន្លងទៅ លោកស្រី Cecilia Malstrom ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម បានជូនដំណឹងជាលើកចុងក្រោយដល់ប្រទេសកម្ពុជាថា «សហភាពអឺរ៉ុបកំពុងអនុវត្តដំណើរការសម្រាប់ការដកហូត នូវប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារគ្មានការកែលម្អច្បាស់លាស់ និងជាក់ស្តែងណាមួយ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។ ហើយថា ដំណើរការនេះ នឹងនាំទៅរកការព្យួរ ឬដកហូត នូវការអនុគ្រោះពាណិជ្ជកម្ម ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន»។
ប្រទេសកម្ពុជា បានទទួលផលចំណេញប្រមាណជា៦០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពីកិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ដែលសហភាពអឺរ៉ុប បានផ្តល់ឲ្យកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត នូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។ ការទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ គឺត្រូវផ្អែកលើការគោរពរបស់ប្រទេស ដែលទទួលបានផលទាំងនោះ ចំពោះគោលការណ៍ដែលមានចែងនៅក្នុងអនុសញ្ញាជាមូលដ្ឋានចំនួន១៥របស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី សិទ្ធិមនុស្ស និងសិទ្ធិការងារ។ សេចក្តីប្រកាសរបស់ប្រតិភូសហភាពអឺរ៉ុបបានចាត់ទុកថា ការចាប់ផ្តើមដំណើរការរៀបចំអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធបែបនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភធ្ងន់ធ្ងរជុំវិញស្ថានការណ៍វិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ទាក់ទិននឹងការគោរពសិទ្ធិ និងសេរីភាព ដែលមានចែងក្នុងអនុសញ្ញាទាំងនេះ។
តែយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បានគូសបញ្ជាក់ជាថ្មីថា ស្ថាប័ននេះនៅតែបន្តបើកច្រកសន្ទនាដោយចំហជាមួយប្រទេសកម្ពុជា ហើយប្រសិនបើប្រទេសកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីកែប្រែស្ថានការណ៍ ដែលនាំឲ្យមានការចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធនេះ សហភាពអឺរ៉ុប នឹងធ្វើការពិចារណាជាថ្មីអំពីស្ថានភាពនេះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ៧ តុលា ពីទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរថា កម្ពុជាមិនត្រូវយកអធិបតេយ្យរបស់ជាតិ ទៅប្តូរនឹងជំនួយ ឬ ការគំរាមណាមួយពីបរទេសនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ