លោកហ៊ុន សែន៖ សន្តិភាពនិងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចបង្ហាញថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ធ្នូ ២០១៩ បានចាត់ទុកថា កម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវ បន្ទាប់ពីកម្ពុជារក្សាបាននូវសុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩នេះ។ ការបង្ហាញសាររបស់លោកនាយករដ្ឋមន្ត្រី គឺធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០១៩ ឈានចូលឆ្នាំថ្មីឆ្នាំសកល២០២០ខាងមុខ។
គឺតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកដ៏មានប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបង្ហាញពីមោទនភាពដែលកម្ពុជាសម្រេចបាន ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ជាតិថា កម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវយ៉ាងពិតប្រាកដ។ ដោយបានជូនពរដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងឱកាសជិតដំណាច់ឆ្នាំថ្មីឆ្នាំសកល២០១៩ឈានចូលឆ្នាំ២០២០ ដែលនៅសល់តែជាង១០ថ្ងៃទៀតនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានចាត់ទុកថា ក្រោមកត្តាសុខសន្តិភាពនិងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា នៅឆ្នាំ២០១៩ បានបង្ហាញច្បាស់ថា កម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវ ។
គួរជំរាបជូនថា ផ្អែកតាមការវាយតម្លៃពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដូចជា ធនាគារពិភពលោក World Bank ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងរង្វង់៧%។ កំណើននេះ បើទោះបីជាទាបជាងឆ្នាំ ២០១៨ ០.៥%ក្តី ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំបើធៀបនឹងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសតំបន់អាស៊ាន។ ជាមួយគ្នានេះ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៨ ធ្នូ ក៏បានឲ្យដឹងដែរថា រយៈពេល១០ខែ ឆ្នាំ២០១៩នេះ ការនាំចេញទំនិញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងជិត៧% ក្នុងទំហំទឹកប្រាក់ជិត១១ពាន់លានដុល្លារ។ ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ មានទំហំទឹកប្រាក់ខ្ពស់ជាងគេ គឺប្រមាណជាង៦ពាន់លានដុល្លារ។
យ៉ាងណាក្តី ខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហាញសារពីមោទនភាពនៃការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសុខសន្តិភាពនេះ អ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សបានរិះគន់ថា ឆ្នាំ២០១៩ គឺជាឆ្នាំមិនល្អសោះឡើយសម្រាប់វិស័យសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។ អ្វីដែលអាក្រក់ជាងនេះ គឺបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជានេះ កំពុងស្ថិតនៅក្នុងការពិចារណារបស់សហភាពអឺរ៉ុប ដើម្បីឈានទៅសម្រេចលើការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ