លោក ហ៊ុន សែន ព្រមានដកនាយទាហានដែលចាក់ដីចូលសមុទ្រ ចេញពីក្របខណ្ឌយោធា
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រីបានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងករណីចាក់ដីចូលសមុទ្រនៅក្នុងខេត្តកោះកុង នោះលោកនឹងមិនអនុញ្ញាតឲ្យនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលលោកបានចូលរួមបើកពិធីបុណ្យសមុទ្រលើកទី០៨ជុំទី២ នៅក្នុងខេត្តកំពត កាលពីយប់មិញនេះ ដោយបានបញ្ជាឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យនិងស្រាវជ្រាវជាបន្ទាន់។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី០១ទេ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាបែបនេះ ខណៈមួយរយៈពេលចុងក្រោយនេះ ករណីចាក់ដីចូលសមុទ្រ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានកើតឡើងជាបន្តបន្ទាប់ដូចនៅខេត្តព្រះសីហនុនិងខេត្តកោះកុងនេះជាដើម។ បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋបាលខេត្តទាំងអស់ដែលនៅជាប់តំបន់ឆ្នេរសមុទ្រ ត្រូវការពារតំបន់ឆ្នេរសមុទ្រ ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្តស្ថិតនៅជាឆ្នេរដែលស្អាតបំផុត នៅក្នុងក្របខណ្ឌពិភពលោក និងដើម្បីកុំឱ្យឆ្នេរសមុទ្ររបស់កម្ពុជាត្រូវបានដកហូតចេញពីសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងពិភពលោក។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ