ជិតដាច់ឆ្នាំ លោកហ៊ុន សែន ផ្ញើសារសុំឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ជាង៣០០លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារពីខេត្តព្រះសីហនុកាលពីយប់មិញ ជាទីដែលលោកបានចូលរួមបើកពិធីបុណ្យសមុទ្រ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ពិចារណាលុបចោលបំណុលដែលកម្ពុជាជំពាក់ ក្នុងសម័យសាធារណរដ្ឋខ្មែរជាង៣០០លានដុល្លារអាមេរិក។ បន្ថែមលើនេះ លោក ហ៊ុន សែន ដែលកាន់អំណាចយូនៅកម្ពុជា ក៏បានស្តីបន្ទោសទៅលើរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានប្រៀបប្រដូចវិនាសកម្មនៅមជ្ឈឹមបូព៌ាពេលនេះ ទៅនឹងវិនាសកម្មនៅកម្ពុជា ដែលបណ្តាលមកពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។
ដោយបានថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំឡើងវោហាស័ព្ទខ្លាំងៗថា កាលណោះអាមេរិក គឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះហើយ បានបង្កើតជាសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតរបបខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបចោលបំណុលសម្រាប់សងដល់វិនាសកម្មនេះ។ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា បំណុលដែលកម្ពុជាជំពាក់ជំនាន់នោះ គឺជាបំណុលកង្វក់។
ក្រៅពីករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្តីបន្ទោសទៅលើសម្ព័ន្ធមិត្តអាមេរិក ដែលគាំទ្រឲ្យមានបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ហើយបណ្តាលឲ្យមានភ្លើងសង្គ្រាម និងជនភាសខ្លួនរាប់សិបម៉ឺននាក់ផងដែរ។
គួរជំរាបជូនថា កម្ពុជាបានជំពាក់បំណុលអាមេរិកប្រមាណជា៣០០លានដុល្លាអាមេរិក នៅចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៤ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ ណល់។ បើទោះបីជា មិនមានសង្ឃឹមច្រើន ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សង្ឃឹមខ្លះថា តាមរយៈស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នឹងប្រាប់ទៅប្រធានាធិបតីថ្មីរបស់អាមេរិកលោក ដូណាល់ត្រាំ ដែលនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅចុងខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីលើកយកសំណើររបស់លោកទៅពិចារណា នឹងធ្វើសេចក្តីសម្រេចចិត្តដោយទទួលខុសត្រូវយ៉ាងហោចណាស់ក្នុងផ្នែកសីលធម៌មួយ ក្នុងនាមជាប្រទេសមហាអំណាច។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យរដ្ឋាភិបាលអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ក្នុងសម័យលន់ ណុល នេះ។ កាលពីពេលកន្លងទៅ រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានស្នើសុំឲ្យអាមេរិកបង្វែបំណុលដែលកម្ពុជាជំពាក់ជាង៣០០លានដុល្លារអាមេរិកនេះ ទៅជាជំនួយមនុស្សធម៌វិញ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានពីការផ្លាស់ប្តូរណាមួយ ដោយកុំឲ្យប្រទេសធ្លាក់ទៅក្នុងភ្លើងសង្គ្រាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ