លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចុះទៅមូលដ្ឋានដើម្បីស្វែងរកប្រជាប្រិយភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ។ ក្រៅពីឆ្លៀតឳកាសសម្រាកនៅថ្ងៃចុងសប្តាហ៍នៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចុះជួបសួរសុខទុក្ខជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅទីនោះផងដែរ។
វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះ ក្រៅតែពីការសម្រាកលំហែកាយជាមួយក្រុមគ្រួសារ និងចូលរួមបុណ្យសមុទ្រជាលើកទី២នៅខេត្តព្រះសីហនុនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅតាមសាលារៀនមួយចំនួននៅឯស្រុកវាលរេញ ក្នុងខេត្តព្រះសីហនុ។ ដូចមុនៗអញ្ចឹងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាជួយសាងសង់អគារសិក្សាថ្មីចំនួន២ខ្នង ដែលក្នុងខ្នងៗមានកំពស់២ជាន់ និងមាន២០បន្ទប់។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសបុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការផ្សាយផ្ទាល់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០១៦នេះ។
ទន្ទឹមនឹងនោះ ក៏មានការសន្យាសាងសង់អគារទីចាត់ការ ការកសាងផ្លូវបេតុង រួមទាំងការផ្តល់ជូននូវម៉ាស៊ីនកុំព្យួទ័ ម៉ាស៊ីនថតចំលង និងសំភារៈការិយាល័យសិក្សាមួយចំនួនទៀតដល់សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួរជំរាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានចំណាយពេលចុះទៅកាន់មូលដ្ឋាន និងបានផ្សព្វផ្សាយពីសកម្មភាពរបស់លោកដោយផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសបុក។ ជាយុទ្ធនាការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមធ្វើតាំងពីចុងខែកក្កដាមកម្លេះ ដើម្បីពិនិត្យមើលពីសមិទ្ធផលនានានៅទូទាំងប្រទេសកម្ពុជា និងក៏ដើម្បីស្តាប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជារបស់លោកផងដែរ។
សូមបញ្ជាក់ដែរថា ក្រៅពីសម្រាកលំហែរកាយនៅខេត្តជាប់មាត់សមុទ្រជាមួយក្រុមគ្រួសារនៅថ្ងៃចុងសប្តាហ៍នេះហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកបុណ្យសមុទ្រជាលើកទី២នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ដែលបានអញ្ជើញទៅដល់ខេត្តព្រះសីហនុតាំងពីម្សិលមិញមកម្លេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ