កម្ពុជា-នយោបាយ

រដ្ឋាភិបាល​កម្ពុជា ​ដក​បំរាម​រារាំង​ការ​វិល​ត្រលប់​របស់​លោក ​សម រង្ស៊ី ​តែ​មិន​ដក​បណ្តឹង​នៅ​តុលាការ​

លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣
លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ @RFI
ដោយ៖ វ៉ា សំណព្វ
២០ នាទី

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី ១៤ មិថុនា​នេះ បានសម្រេច​ដក​មកវិញ នូវ​បំរាម ទប់ស្កាត់​ការវិល​ត្រលប់​របស់លោក សម រង្ស៊ី មកវិញហើយ។ ការសម្រេច​នេះ គឺធ្វើឡើង​តាម​ការណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកនាំពាក្យ​គណបក្សប្រឆាំង បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​នេះ ប៉ុន្តែ​អ្នកតាមដាន​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា បាន​មើលឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក ដែល​មានន័យថា រដ្ឋាភិបាល​ចង់ដឹងថា តើ​លោក សម រង្ស៊ី មាន​ភាពក្លាហាន​គ្រប់គ្រាន់​ក្នុង​ការវិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដោយ​ពុំមាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​ធ្លាក់​មក​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពី​ការវិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោតជាតិ​នៅក្នុង​ឆ្នាំ២០១៨ខាងមុខ។ តាមរយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃទី១៣មិថុនា លោក សម រង្ស៊ី បាន​អះអាងថា លោក​នឹង​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ភ្លាម បើ​រដ្ឋាភិបាល​កម្ពុ​ជាដ​ក​បំរាម រារាំង​មិន​ឲ្យ​យន្ត​ហោះ​​​ដឹក​អ្នកដំណើរ​ដឹក​រូបលោក​មកកាន់​ប្រទេស​កម្ពុជា​នោះ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា ទំនង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រកាស​នេះ​ហើយ ទើប​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីសម្រេច​លុបចោល​បំរាម​របស់ខ្លួន កាលពី​ថ្ងៃទី ១២ តុលា ឆ្នាំ២០១៦ ដើម្បី​ចង់ដឹងថា តើ​លោក សម រង្ស៊ី មាន​ភាពក្លាហាន​ឬទេ?

 
សូមបញ្ជាក់ថា សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី១៤ មិថុនា​នេះ គឺធ្វើឡើង​ទៅតាម​បទបញ្ជារ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។

គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី ១២ តុលា ឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​បំរាម​ទប់ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចូលមក​កាន់​ប្រទេស​ក​កម្ពុជា​បាន​នោះទេ បន្ទាប់ពី​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែតុលា​ឆ្នាំ២០១។ នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ​កាលណោះ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្កើត​គណៈកម្មាធិកា​រ​សន្តិសុខ​មួយ បាន​ស្នើ​​ឲ្យ​លោក សុខ ផល ចាត់​គ្រប់​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​​វិញ​​បាន។ បំរាម​កាលណោះ មាន៤ចំណុច ដែល​ទី១. បាន​បញ្ជា​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរ​​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា មិនត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​ជិះ​យន្តហោះ​មក​កម្ពុជា​ទេ។ ទី២. ក្នុងករណី​ដែល​លោក សម រង្ស៊ី ធ្វើដំណើរ​មកកាន់​កម្ពុ​ជា តាមរយៈ​យន្តហោះ​ណាមួយ យន្តហោះ​នោះ នឹងត្រូវ​បង្វែរ​ឲ្យ​វិល​ត្រលប់​ទៅកាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះចត​នៅ​កម្ពុជា​ឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា តាំងពី​ខែតុលា​ឆ្នាំ២០១៦ បានសម្រេច​ចិត្ត​លើក​ពេល​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃទី១៦ វិច្ឆិកា បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានដាក់​កម្លាំង​ត្រៀម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅកាន់​ពន្ធនាគា ទៅតាម​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ​តាមរយៈ​បណ្តឹង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​កាបរទេស​កម្ពុជា។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​នេះ តែ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ច្រើន​លើ​ករណីនេះ​ទេ។ ចំណែក​អ្នកស្រាវជ្រាវ​ពី​សង្គម​កម្ពុជា​លោក​បណ្ឌិត មាស នី បាន​លើកឡើងថា នេះ​ទំនងជា​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​របស់​រដ្ឋាភិបាល​កម្ពុ​ជា។ រដ្ឋាភិបាល​កម្ពុជា ដែល​ចង់ដឹងថា តើ​លោក សម រង្ស៊ី ពិត​ជាមាន​ភាពក្លាហាន ដើម្បី​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដោយ​ពុំមាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ដែរឬទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI