ខួបពីរឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា៖ មេធាវីអំពាវនាវឲ្យអ្នកនយោបាយខ្មែរជួបចរចាគ្នា
នៅថ្ងៃទី ០២ ខែកញ្ញា សប្តាហ៍ក្រោយនេះ គឺគម្រប់រយៈពេល២ឆ្នាំគត់ នៃការឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា។ ឆ្លៀតនៅក្នុងឱកាសនេះ មេធាវីការពារក្តីឲ្យលោក កឹម សុខា បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរ ជួបចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ខណៈសំណុំរឿងរបស់លោក កឹម សុខា ហាក់នៅទ្រឹង។ បើតាមមេធាវីការពារក្តីឲ្យលោក កឹម សុខា អ្នកបច្ចេកទេសនឹងមិនអាចដោះស្រាយចេញឡើយ បើអ្នកនយោបាយមិនជួបចរចាគ្នា។ ឆ្លៀតក្នុងឱកាសនេះ វ៉ា សំណព្វ សូមរំលឹកឡើងវិញពីសំណុំរឿងរបស់លោក កឹម សុខា៖
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ០២ ឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ ពីក្នុងគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗនោះ លោកត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែននៃប្រទេសវៀតណាម។ លោកត្រូវបានចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលជាទោស «ក្បត់ជាតិ» តាមរយៈការឃុបឃិតជាមួយបរទេស ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែត្រូវបានលោកបដិសេធ ខណៈដែលមជ្ឈដ្ឋានជាតិ និងសហគមន៍អន្តរជាតិមួយចំនួនយល់ថា នេះគឺជាការចោទប្រកាន់ដោយគ្មានភ័ស្តុតាងត្រឹមត្រូវ ហើយថា ជារឿងនយោបាយ។
យ៉ាងណាក្តី ក្រោយពីការឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល១២ខែ នៅក្នុងពន្ធនាគារត្រពាំងផ្លុងមក ពោលគឺនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៥ព្រឹក លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ ក្រោមដីកាមួយនេះ អាជ្ញាធរបានកម្រិតសេរីភាពរបស់លោក កឹម សុខា ឲ្យនៅតែក្នុងផ្ទះ ហើយជាអ្វីដែលអ្នកឃ្លាំមើលបានចាត់ទុកថា គឺជាការឃុំខ្លួននៅក្នុងផ្ទះ។ លោក ផែង ហេង មេធាវីការពារក្តីឲ្យលោក កឹម សុខា ហាក់រុញរាក្នុងការនិយាយថា ជាការឃុំខ្លួននៅក្នុងផ្ទះ ខណៈដែលកម្ពុជាមិនមានច្បាប់ឲ្យឃុំខ្លួននៅក្នុងផ្ទះក្តី ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំមកនេះ លោក កឹម សុខា មិនអាចចេញទៅណា ក្រៅពីរង្វង់មុខផ្ទះរបស់លោកនោះទេ។
បើតាមលោកមេធាវី ផែង ហេង មកទល់នឹងថ្ងៃទី ៣១ សីហានេះ សំណុំរឿងរបស់លោក កឹម សុខា ហាក់នៅទ្រឹងដោយមិនមានការវិវត្តន៍ទៅមុខនោះទេ ខណៈនៅថ្ងៃទី ០២ ខែកញ្ញា សប្តាហ៍ក្រោយនេះ ការឃុំខ្លួនលោក កឹម សុខា នឹងមានរយៈពេល២ឆ្នាំគត់។ បើតាមលោកមេធាវី ចៅក្រមគួរទម្លាក់ចោលការចោទប្រកាន់និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ។ លោកមេធាវី បានលើកឡើងពីមតិអន្តរជាតិដែលមើលឃើញថា ករណីរបស់លោក កឹម សុខា គឺជារឿងនយោបាយ ដូច្នេះអ្នកនយោបាយខ្មែរ គួរតែជួបចរចាគ្នាដើម្បីដោះស្រាយ។ បើតាមលោកមេធាវី អ្នកបច្ចេកទេស នឹងមិនអាចដោះស្រាយរឿងនេះបានឡើយ បើអ្នកនយោបាយមិនជួបចរចារគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ