កម្ពុជា-បោះឆ្នោត

គ​ជ​ប​ បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​ដោយ​សម្រេច​លុប​ឈ្មោះ​ជាង​៥​ម៉ឺន​នាក់​

ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩កក្កដា
ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩កក្កដា @សហការី

គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត ​ហៅ​​កាត់​​ថា ​គ.​ជ​.​ប ​បាន​បញ្ចប់​​ការ​ធ្វើ​​បច្ចុប្បន្ន​ភាព​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​​ឆ្នាំ​២​០១៨ ​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​១៨​តុលា ​ដោយ​បាន​​សម្រេច​​លុប​ឈ្មោះ​​ប្រជាពល​រដ្ឋ​​ជាង​៥​ម៉ឺន​៤​ពាន់​​នាក់​​នៅ​​ទូទាំង​ប្រទេស​។ ​ទន្ទឹម​គ្នា​នេះ ​គ.​ជ.​ប ​បាន​​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ថ្មី​​ជិត​២០​ម៉ឺន​​នាក់​ ដែល​​ធ្វើ​​ឲ្យ​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​​មាន​​ចំនួន​​ជាង​៨​លាន​៥​សែន​​នាក់​។ ​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី ​និង​​បញ្ជី​​ឈ្មោះ​​ដែល​​ត្រូវ​ គ​ជ​ប ​លុប​ឈ្មោះ​​ចេញ ​នឹង​ត្រូវ​​បិទ​​ផ្សាយ​ព្រមៗ​គ្នា ​នៅ​​ថ្ងៃទី ​២៦ ​វិច្ឆិកា​​ខាង​មុខ ​ហើយ​​អ្នក​​ដែល​​បាត់​ឈ្មោះ ​អាច​​ប្តឹង​តវ៉ា​​រហូត​ដល់​​ចុង​ខែ​​ធ្នូ​​ឆ្នាំ​២០១៨​។​ 

ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​​ឆ្នាំ២០១៨ គិត​ត្រឹម​វេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី ១៨ តុលា គ.ជ.ប បានសម្រេច​លុប​ឈ្មោះ​​ប្រជាពលរដ្ឋ ​៥៤ ១៦៥ នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៧ ។ មុខ​សញ្ញា​​ដែល​​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ មាន៣ប្រភេទ ទី១៖ គឺ​ជន​ដែល​​ទទួលមរណភាព, ទី២៖ ជន​ដែល​ផ្លាស់ប្តូរ​ទីលំនៅ, និង​ទី៣៖ គឺ​ជន​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សោម សូ​រី​ដា អគ្គ​លេខា​ធិការ​រង ​គ.ជ.ប​ ថ្លែង​នៅក្នុង​សន្និសីទកាសែត ​នៅ​ព្រឹក​ថ្ងៃទី១៩តុលា​នេះ​។

​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី០១តុលា ដល់​ថ្ងៃទី​១៨​តុលា ​ឆ្នាំ២០១៨ ​ដោយ​ក្នុងនោះ គ.ជ.ប បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​បាន​ចំនួន ​១៩៥ ០៨៧ នាក់ នៅ​ទូទាំងប្រទេស។ ​ចំនួន​នេះ បានធ្វើ​ឲ្យ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​​កើន​ឡើង​ពី ៨លាន៣សែន​នាក់ (៨៣៨០២១៧) នៅ​ឆ្នាំ២០១៧ ដល់ ៨លាន៥សែន​នាក់ (៨៥៤៧២៩៩នាក់) នៅ​ឆ្នាំ២០១៨ ឬ ស្មើនឹង ៨៦.២៦% នៃ​ចំនួន​ប៉ាន់ប្រមាណ​អ្នក​ចុះឈ្មោះ​ថ្មី​ជាង ៩លាន ៩សែន​នាក់ (៩ ៩០៨ ២៣៤នាក់)។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​​បោះឆ្នោត​ថ្មី គឺជា​ការ​អនុវត្តតាម​ច្បាប់ ដែល គ.ជ.ប ត្រូវធ្វើ​នៅ​រៀងរាល់​មួយឆ្នាំ​ម្តង នៅ​អំឡុង​ខែឧសភា​ដល់​ខែកក្កដា សម្រាប់​ឆ្នាំ​ដែល​កម្ពុជា​មិនមាន​ការរៀបចំ​ការបោះ​ឆ្នោត​ជាស​កល។ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៨កន្លងទៅ ការធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ២០១៨ ត្រូវបាន​លើក​ពេល​មក​ធ្វើ​នៅ​ខែតុលា​ដល់​ខែធ្នូ​ឆ្នាំ២០១៨នេះ​វិញ ដោយ​សារ​កម្ពុជា​ជាប់រវល់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​សកល។

សូមបញ្ជាក់ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី និង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ គ.ជ.ប លុបឈ្មោះ​ចេញ​ពី​​បញ្ជី​បោះឆ្នោត នឹងត្រូវ​បិទ​ផ្សាយព្រមៗគ្នា នៅតាម​សាលាឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ​នា​​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​​ខាង​មុខ​។ ​ផ្អែក​តាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​​​បោះឆ្នោត​ថ្មី​នេះ ប្រជាពលរដ្ឋ​ដែល​បាត់ឈ្មោះ ឬ​ប្រឈម​ក្នុងការ​លុបឈ្មោះ​ចេញ​ពី​​​បញ្ជី​​ឈ្មោះ​បោះឆ្នោត អាច​ប្តឹងតវ៉ា​រហូតដល់​ថ្ងៃទី៣០ខែធ្នូ បន្ទាប់ពី​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​​​បោះ​ឆ្នោត​​ដំបូង។ ​ការបិទបញ្ជី​ឈ្មោះ​ផ្លូវការ​ដោយ គ.ជ.ប នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣១​​ធ្នូ​​​ឆ្នាំ២០១៨​។

លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ គជប បាន​វាយតម្លៃ​ជាទូទៅ​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​រយៈពេល១៨ថ្ងៃ​កន្លងមក បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្មាន​ពាក្យបណ្តឹង​ណាមួយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI