កម្ពុជា-ច្បាប់

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​អះអាង​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​កណ្តាល​ទីក្រុង​ភ្នំពេញ ​ផ្តើម​ចេញ​ពី​រឿង​គំនុំ​បុគ្គល​

ជនសង្ស័យ​៨​នាក់​​ខ្មែរ​​ស្រី​៣​នាក់​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​៣​នាក់​ផង​ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ នៅ​ថ្ងៃទី​ ២៣​កញ្ញា​ ឆ្នាំ២០១៦​ ពាក់​ព័ន្ធ​ការ​បោក​គ្រាប់​បែក​។​
ជនសង្ស័យ​៨​នាក់​​ខ្មែរ​​ស្រី​៣​នាក់​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​៣​នាក់​ផង​ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ នៅ​ថ្ងៃទី​ ២៣​កញ្ញា​ ឆ្នាំ២០១៦​ ពាក់​ព័ន្ធ​ការ​បោក​គ្រាប់​បែក​។​ @police

នៅ​​ទីបំផុត​​ទៅ ​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​បាន​​បំបែក​សំណុំ​រឿង ​បោក​​គ្រាប់​បែក​​នៅ​​កណ្តាល​​ទីក្រុង​​ភ្នំពេញ ​កាល​ពី​​យប់​​ថ្ងៃទី​៦​កញ្ញា​​នោះ​បាន​​ហើយ​។ ​មាន​​ជន​សង្ស័យ​​សរុប​​ចំនួន​៨​នាក់​ ស្រី​៣​នាក់ ​ត្រូវ​បាន​​ចាប់​ខ្លួន ​ក្នុង​នោះ​​ក៏​មាន​​ជនជាតិ​​វៀតណាម​៣​នាក់​​ផងដែរ​។ ​អាជ្ញាធរ​​បាន​​អះ​អាង​ថា ​ករណី​នេះ ​គឺ​​ផ្តើម​ចេញ​ពី​​រឿង​​គំនុំ​​បុគ្គល ​មិន​មែន​ជា​​អំពើ​​ភេរវកម្ម​​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

មិន​ដល់​រយៈពេល​មួយខែ​ស្រួលបួល​ផង អាជ្ញាធរ​ទីក្រុង​ភ្នំពេញ បាន​បំបែកសំណុំរឿង​គប់​គ្រាប់បែក​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃទី៦កញ្ញា​បាន​ហើយ ដោយ​អះអាងថា​ករណីនេះ គឺជា​រឿង​គំនុំ​បុគ្គល។

នៅក្នុង​សន្និសីទកាសែត​នៅឯ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នង​ការ​​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា ករណី​គប់​គ្រាប់បែក​ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃទី៦កញ្ញា​នោះ គឺ​ផ្តើមចេញពី​រឿង​គំនុំ​បុគ្គល។​ លោក ជួន សុវណ្ណ បាន​​បដិសេធ​​ផងដែរ ​ពី​ការ​​ទាញ​ចូល​សំណុំ​រឿងនេះ ទៅជា​រឿង​ភេរវកម្ម​។

បើតាម​ការពន្យល់​រប​ស់លោក ករណីនេះ​មាន​មេក្លោង​ម្នាក់​ជា​ស្ត្រី​ឈ្មោះ សុខ គឹម​លី អាយុ​៤១​ឆ្នាំ និង​បក្ខពួក​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ឈ្មោះ អៀ គឹម​លី ចំនួន​២​លើក​។​ ដោយ​លើក​ទី១មាន​បក្ខពួក​ចំនួន៤នាក់ បានធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី១៧ខែមិថុនា​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​អាវុធខ្លី​មួយ​ដើម ដើម្បី​បាញ់សម្លាប់​ជនរងគ្រោះ តែ​មិនបាន​សម្រេច។

លើក​ទី២ មេក្លោង​ដដែល​រួម​នឹង​បក្សពួក៤នាក់​ផ្សេងទៀត ក៏បាន​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​៦​ខែ​កញ្ញា ឆ្នាំ២០១៦នេះដោយ​ការ​គប់​គ្រាប់បែក​ទៅលើ​រថយន្ត​របស់​ជន​រងគ្រោះ តែ​ក៏​មិនត្រូវ​គោលដៅ​ស្លាប់​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម ពី​លោក​ឧ​ត្ត​ម​សេនីយ៍ សុខ ខេមរិន្ទ ប្រធាន​​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​នេះ។

គួរ​ជំរាបជូន​ថា កាលពី​យប់​ថ្ងៃទី៦ខែកញ្ញា​ឆ្នាំ២០១៦ ជនដៃដល់២នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ បាន​បោក​គ្រាប់បែក​មួយ​គ្រាប់​នៅលើ​កំណាត់​ផ្លូវ​លេខ១៦៣ សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌ​ចំការមន ក្រុងភ្នំពេញ បណ្តាល​ឲ្យ​ផ្ទុះឡើង​បង្ករ​ជាការ​ភ្ញាក់ផ្អើល​ឡើង។ បើតាម​វីដេអូ​ខ្លី​ប​ដែល​​ត្រូវបាន​ចែកចាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ក្រោយពី​ការ​វាយ​ប្រហារ​​នោះ​បាន​បង្ហាញថា ជនដៃដល់ ហាក់​ពុំមាន​គោលដៅ​វាយប្រហារ​ច្បាស់លាស់​ទៅលើ​បុគ្គល​ណាមួយ​នោះទេ។ អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​មួយចំនួន​បានដាក់​ការសង្ស័យថា ការ​វាយប្រហារ​នោះ គ្រាន់តែ​ធ្វើឡើង​បង្ករ​ជា​សំឡេង​ផ្ទុះឡើង​តែប៉ុណ្ណោះ ខណៈដែល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុងតែ​តានតឹង។ យ៉ាងណាក៏ដោយ ហេតុការណ៍​នេះ បាន​បណ្តាល​​ឲ្យ​​មនុស្ស៤នាក់​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​រថយន្ត​ចំនួន៤គ្រឿង​បាន​រង​ការ​ខូច​ខាត។

បើតាម​លោក ជួន សុវណ្ណ ជនសង្ស័យ​ទាំង៨នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​មុខ​នៅ​ថ្ងៃ​នេះ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី២៣កញ្ញា​នេះ​ ដោយ​ចោទប្រកាន់​ពីបទ «ឃាតកម្ម​គិតទុក​ជាមុន»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI