លោក កឹម សុខា បានជួបម្តាយជរាជាលើកដំបូង បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
រូបភាព៣សន្លឹករបស់លោក កឹម សុខា ស្តីពីការជួបជុំជាមួយម្តាយជរា និងភរិយារបស់លោកកំពុងល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសបុកនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញសម្រេច ប្តូរកន្លែងឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុងមកនៅក្នុងផ្ទះវិញ កាលពីយប់ថ្ងៃទី ១០ កញ្ញា ក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះគឺជាលើកទី១ហើយ ដែលលោក កឹម សុខា បានជួបជុំជាមួយគ្រួសារ ក្រោយជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំនិង៧ថ្ងៃ។
រូបភាព៣សន្លឹករបស់លោក កឹម សុខា ស្តីពីការជួបជុំជាមួយក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ ត្រូវបានទម្លាយឲ្យដឹង ដោយគណនេយ្យហ្វេសបុករបស់លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា នៅថ្ងៃទី ១៦ កញ្ញា នេះ។ រូបភាពទាំង៣សន្លឹកនេះ បានបង្ហាញពីទិដ្ឋភាពម្តាយចាស់ជរារបស់លោក កឹម សុខា បានអោបកូនប្រុសរបស់គាត់ ដោយក្តីនឹករលឹក ដោយមានលោកស្រី តែ ច័ន្ទមនោ ជាភរិយានៅក្បែរនោះផង។ ជំនួបដ៏កម្ររវាងម្តាយ និងកូននេះ ទំនងជាបានធ្វើឡើងនៅមុនពេលពិសារអាហារ នៅថ្ងៃទី ១៦ កញ្ញានេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក មុត ចន្ថា មិនអាចបញ្ជាក់បានទេថា តើជារូបភាពនេះ ជារូបភាពចាស់ ឬថ្មីនោះទេ ដោយសារលោកក៏បានចែករំលែក (Share) រូបភាពទាំងនេះ ពីអ្នកប្រើប្រាស់ហ្វេសបុក (Facebook) ផ្សេងទៀតដែរ។ ប៉ុន្តែលោក មុត ចន្ថា បានសរសេរនៅលើ Status អមជាមួយរូបភាពទាំងនេះថា លោកពិតជាមានសេចក្តីរីករាយ និងរំភើប ដែលបានឃើញ លោក កឹម សុខា បានជួបជុំជាមួយអ្នកម្តាយជាទីគោរព និងភរិយា ជាទីស្រឡាញ់របស់លោក។
គួរជំរាបជូនថា នៅក្រោមដីកាសម្រេចរបស់ចៅក្រមតុលាការក្រុងភ្នំពេញ បានហាមឃាត់ លោក កឹម សុខា មិនឲ្យជួបជាមួយ ជនបរទេស និងអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ លើកលែងតែក្រុមគ្រួសាររបស់លោក មេធាវី និងគ្រូពេទ្យប៉ុណ្ណោះ។ បំរាមនេះ គឺបន្ទាប់ពីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ លោក គី ឬទ្ធី សម្រេចប្តូរទីកន្លែងឃុំឃាំងពីពន្ធនាគារត្រពាំងផ្លុងមកនៅក្នុងផ្ទះវិញ កាលពីយប់ថ្ងៃទី ៩ កញ្ញា ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោមហេតុផលសុខភាព។
យ៉ាងណាក៏ដោយ បើតាមរូបភាពនៃការជួបជុំរបស់លោក កឹម សុខា នៅថ្ងៃនេះមែន នេះគឺជាលើកទី១ហើយ ដែលប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជួបជុំជាមួយក្រុមគ្រួសាររបស់លោក ជាពិសេសម្តាយចាស់ជរារបស់លោក បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំនិង៧ថ្ងៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ