ធនាគារពិភពលោកថាកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះក្នុងរយៈពេល៣ឆ្នាំខាងមុខ
ធនាគារពិភពលោក (World Bank) បានបញ្ចេញរបាយការណ៍វាយតម្លៃថ្មីមួយស្តីពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។ និយាយពីកម្ពុជា ធនាគារពិភពលោក (World Bank) បានវាយតម្លៃបែបទុទិដ្ឋិនិយមពីស្ថាប័ននានាថា ក្នងរយៈពេល៣ឆ្នាំខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយល្បឿនបន្តិច ពោលគឺ ពី៧%នៅឆ្នាំ២០១៥ មកនៅ ៦.៩% នៅឆ្នាំ២០១៦ ហើយនឹងបន្តធ្លាក់ចុះដល់ ៦.៧% នៅឆ្នាំ២០១៩។ យ៉ាងណាក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅ (World Bank) បានផ្តល់ជាយោបល់ថា កម្ពុជាគួរបង្កើនផលិតកម្មរបស់ខ្លួនឲ្យខ្លាំង ទាំងផ្នែកឯកជន និងទាំងរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានថយល្បឿនបន្តិច ពោលគឺ ពី៧%នៅឆ្នាំ២០១៥ មកនៅត្រឹម៦.៩% នៅឆ្នាំ២០១៨។ អត្រា ៦.៩% នេះ នឹងមិនប្រែប្រួលទេ រហូតដល់ឆ្នាំ២០១៨ ប៉ុន្តែនឹងបន្តធ្លាក់ចុះបន្តិចទៀត នៅត្រឹម ៦.៧% នៅឆ្នាំ២០១៩។
អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក World Bank បានលើកឡើងនៅក្នុងសន្និសីទកាសែតតាមរយៈវីដេអូ ខនហ្វើរ៉ែន (Video Conference) ពីប្រទេសសិង្ហបុរីនៅថ្ងៃ ទី១៣ មេសានេះថា មូលហេតុសំខាន់ៗ នៃការថមថយល្បឿននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺមកពីការធ្លាក់ចុះនៃវិស័យសំខាន់ៗមួយចំនួន ដែលជាប្រភពអូសទាញក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងនោះរួមមាន ការថយចុះនៃការនាំចេញផលិតផលសម្លៀកបំពាក់ ពី១២.៣%នៅឆ្នាំ២០១៥ មកនៅត្រឹម៨.៤% នៅឆ្នាំ២០១៦, ការធ្លាក់ចុះនៃវិស័យទេសចរណ៍ ពី៦.១%នៅឆ្នាំ២០១៥ មកនៅត្រឹម៥%នៅឆ្នាំ២០១៦ ដោយសារតែកម្ពុជាពុំសូវមានភាព ជោគជ័យក្នុងការធ្វើពិពិធកម្មតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ផ្សេងឲ្យលើសពីតំបន់ប្រាសាទអង្គរ។ ក្រៅពីនេះ មានការធ្លាក់ចុះនៃការនាំចេញផលិតផលកសិកម្មដើម។
ប៉ុន្តែវិស័យសំណង់វិញ នៅតែមានភាពរស់រវើកដដែល។ បើតាមរបាយការណ៍នេះ ការ កើន ឡើងនៃថ្លៃពលកម្ម ដែលបង្កមួយផ្នែកដោយសារការកើនឡើងថ្លៃចំណាយនៃការរស់នៅ, ការឡើងថ្លៃនៃប្រាក់ដុល្លាអាមេរិក, ជាមួយនឹងការប្រកួតប្រជែងពីប្រទេសដទៃទៀតដែល មានតម្លៃពលកម្មថោក ជាពិសេសពីប្រទេសភូមា ដែលបានបន្តដាក់សម្ពាធដល់ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ភាពមិនប្រាកដប្រជានៃការ បោះឆ្នោតជាតិនៅឆ្នាំ២០១៨ ក៏ទំនងជាមានឥទ្ធិពលប៉ះពាល់ដល់សន្ទស្សន៍នៃសេដ្ឋកិច្ចរបស់កម្ពុជានៅពេលខាងមុខនេះដែរ។
អ្វីជាការកត់សំគាល់ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក World Bank នេះ ខុសគ្នាបន្តិចប៉ុណ្ណោះ ពីការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានប្រមាណជា ៧.១% និងការព្យាកររបស់រដ្ឋាភិបាលកម្ពុជា ក្នុងរង្វង់អត្រា ៧% ផងដែរ។
យ៉ាងណាក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅ (World Bank) បានផ្តល់ជាយោបល់ថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអត្រាថេរនេះ កម្ពុជាគួរបង្កើនផលិតភាពរបស់ខ្លួន តាមរយៈការពង្រឹងស្ថាប័នរដ្ឋ និងឯកជន, ការបង្កើនការវិនិយោគមូលធនដែលបាននិងកំពុងធ្លាក់ចុះ, ការលើកកម្ពស់ការគ្រប់គ្រងវិនិយោគវិស័យសាធារណៈ គឺជាបុរេលក្ខខ័ណ្ឌដើម្បីធានាប្រសិទ្ធភាពចំណាយ ទន្ទឹមនឹងការជម្រុញវិនិយោគក្នុងវិស័យគាំពារកំណើន និងវិស័យគាំទ្រដល់ពលរដ្ឋក្រីក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ធារាសាស្ត្រ ការអប់រំ និងប្រព័ន្ធសុខាភិបាលជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ