ក្រសួងកំណត់តម្លៃធ្វើប័ណ្ណបើកបរថ្មី ខុសគ្នាដូចមេឃនិងដី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាសេចក្តីសម្រេចដែលបានភ្ជាប់មកជាមួយនូវការកំណត់តម្លៃនៃការធ្វើប័ណ្ណបើកបរថ្មី ដែលមានតម្លៃថោកជាងមុនស្ទើពាក់កណ្តាល។ សម្រាប់អ្នកធ្វើការលើបញ្ហាចរាចរណ៍ បានសាទរចំពោះសេចក្តីសម្រេចនេះ តែថា បើលុយតិចហើយ សេវាល្អថែមទៀត នោះវាកាន់ តែប្រសើរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើយោងតាមសេចក្តីសម្រេចនេះ ចំពោះការប្រឡងយកប័ណ្ណបើកបរសម្រាប់ទោចក្រ យានយន្តប្រភេទ ក ឬម៉ូតូដែលមានកម្លាំងចាប់ពី១២៦CC ឡើងទៅ មានតម្លៃត្រឹមតែ៣ម៉ឺនរៀលប៉ុណ្ណោះ ជាមួយនឹងរយៈពេលធ្វើត្រឹមតែ១០ថ្ងៃ ដែលមានសុពលភាពរហូតដល់១០ឆ្នាំ។ ចំណែកការប្តូរ ឬពន្យារប័ណ្ណបើកបរម៉ូតូប្រភេទ ក វិញ ក៏មានតម្លៃត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ។ នេះបើយោងតាមតារាងឧបសម្ព័ន្ធថ្មី ដែលភ្ជាប់មកជាមួយនៃសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ចុះថ្ងៃទី២១មករាឆ្នាំ២០១៦នេះ។ ជាសេចក្តីសម្រេចដែលធ្វើឡើង ដោយយោងតាមចំណាររបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងយោងទៅតាមភាពចាំបាច់របស់ក្រសួងទាំងពីរ និងបន្ទាប់ពីមានការរិះគន់ ទៅលើនីតិវិធីដ៏ស្មុគស្មាញនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ចំណែកឯការប្រឡងយកប័ណ្ណបើកបរសម្រាប់រថយន្តវិញ ក៏ត្រូវបានបញ្ចុះតម្លៃស្ទើជាងពាក់កណ្តាលផងដែរ។ ពោលគឺ សម្រាប់រថយន្តប្រភេទ ខ ឬ រថយន្តគ្រួសារដែលមាន៤កៅអី តម្លៃ៩ម៉ឺនរៀល ជាមួយនឹងរយៈពេលធ្វើ១០ថ្ងៃ និងមានសុពលភាព១០ឆ្នាំ។ សម្រាប់រថយន្តប្រភេទ គ និង ឃ តម្លៃ៩៥.០០០ រៀល និងរថយន្ត ប្រភេទ ង មានតម្លៃ១០ម៉ឺនរៀល។ ក្នុងនោះ រាល់ការប្តូរ ឬពន្យារប័ណ្ណបើកបររថយន្តគ្រប់ប្រភេទ តម្លៃត្រឹមតែ៣ម៉ឺនរៀលប៉ុណ្ណោះ ខណៈកាលពីមុនការប្តូរប័ណ្ណបើកបររថយន្ត ក្នុងប្រភេទ ខ អស់ ២៨ដុល្លា ទៅ៣៥ដុល្លារឯណោះ។ ចំណែកឯការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬជាទូទៅគេហៅថា ឈៀក នោះ ក៏ត្រូវបានកំណត់ជាថ្មីផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានអបអរសាទរចំពោះសេចក្តីសម្រេចនេះ។ ក៏ប៉ុន្តែ លោក បានស្នើទៅដល់រដ្ឋាភិបាល កាត់ចោលបន្ថែមទៀត នូវនីតិវិធីស្មុគស្មាញមួយចំនួន ដូចជា ទី១,ក្រសួងគួរតែពិនិត្យទៅលើនីតិវិធីនៃការដាក់ពាក្យសុំធ្វើប័ណ្ណបើករបរ ឬ ឈៀក ថាតើនៅមាននីតិវិធីស្មុគស្មាញ ប្រកបដោយការិយាធិបតេយ្យទៀតឬទេ ព្រោះចូលកុំភ្លេចថា ដើម្បីទទួលបានសិទ្ធិប្រឡងយកប័ណ្ណបើកបរ គេត្រូវឆ្លងកាត់សាលារៀនបើកបរឯកជនដែលមានតម្លៃថ្លៃជាមុនសិន និងទី២, ក្រសួងគួរពិនិត្យទៅលើឥរិយាបថរបស់អ្នកផ្តល់សេវា រួមទាំងការលុបចោលនូវក្រុមអ្នករត់ការផ្សេងៗ ដែលបង្ករឲ្យមានភាពរញ៉េរញ៉ៃផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ