វីរុសកូរ៉ូណា៖ ទេសចរហូឡង់ម្នាក់កំពុងពិនិត្យតាមដាន ខណៈមេដឹកនាំកម្ពុជាប្រកាសកុំឱ្យរើសអើងចិន
ចុះផ្សាយនៅថ្ងៃ៖
ទេសចរជាជនជាតិហូឡង់ម្នាក់កំពុងត្រូវបានក្រុមគ្រូពេទ្យកម្ពុជាតាមដាន និងរង់ចាំលទ្ធផលពិនិត្យរកវីរុសកូរ៉ូណាពីវិទ្យាស្ថានប៉ាស្ទ័រ។ នេះបើតាមការប្រកាសឱ្យដឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅព្រឹកថ្ងៃអង្គារនេះ។ ខណៈកំពុងរង់ចាំលទ្ធផលនេះ ប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសជាថ្មីថា មិនខ្លាចញញឺតនឹងមេរោគឆ្លងកូរ៉ូណានេះទេ ហើយថែមទាំងប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការរើសអើងចំពោះជនជាតិចិនថែមទៀត។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសអំនាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំឱ្យមានការភ័យខ្លាចពេក និងរើសអើងទៅលើជនជាតិចិន ដោយសារតែបញ្ហារីករាលដាលនៃមេរោគកូរ៉ូណាថ្មី។ នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា នៅពេលនេះ មានបញ្ហាពីរដែលពិភពលោកត្រូវតែធ្វើនៅចំពោះមុខមេរោគឆ្លងកូរ៉ូណា។ ទី១ គឺត្រូវរកថ្នាំ ដើម្បីព្យាបាលមេរោគកូរ៉ូណានេះ និង ទីពីរ គឺរកថ្នាំ ដើម្បីព្យាបាលជំងឺភ័យខ្លាច និង ការរើសអើង។ ចំពោះលោនាយករដ្ឋមន្រ្តីកម្ពុជា ជំងឺភ័យខ្លាច និង ការរើសអើង គឺវាមានលក្ខណៈធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភជាងមេរោគកូរ៉ូណាថ្មីនេះទៅទៀត។
ប្រឈមមុខនឹងនេះ ប្រមុខដឹកនាំកម្ពុជាចង់ឱ្យមានការរៀបចំកិច្ចប្រជុំថ្នាក់កំពូលមួយរវាងអាស៊ាន និងចិននាពេលខាងមុខនេះ ដើម្បីពិភាក្សា និង រកដំណោះស្រាយចំពោះបញ្ហាមេរោគកូរ៉ូណា។ ការចង់បាននេះ គឺដោយសារតែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មើលឃើញថា វិធានការរបស់ប្រទេសមួយចំនួនចំពោះបញ្ហារីករាលដាលនៃមេរោគនេះ ហាក់ធ្ងន់ធ្ងរពេកដែលបង្កើតឱ្យកាន់តែមានការភ័យខ្លាច និងការរើសអើងទៅលើភ្ញៀវទេសចរជាជនជាតិចិន។ សម្រាប់លោកហ៊ុន សែន បញ្ហាមេរោគកូរ៉ូណាថ្មីនេះ មិនមែនជាបញ្ហារបស់ចិនដោយឡែកទៀតទេ តែវាបានក្លាយជាបញ្ហាតំបន់និងសាកលហើយ។ ដូច្នេះ ត្រូវតែរួមគ្នាដោះស្រាយ។
គួរជម្រាបជូនថា បើទោះបីប្រទេសក្នុងតំបន់ខ្លះរកឃើញមានការឆ្លងមេរោគថ្មីនេះបន្ថែមទៀតក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាវិញរកឃើញតែមួយករណីប៉ុណ្ណោះ គឺទៅលើជនជាតិចិនម្នាក់ដែលមានដើមកំណើតនៅក្រុងវូហាន ហើយបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុរបស់កម្ពុជា។ ប៉ុន្តែជនជាតិចិនរូបនោះបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃចន្ទ។ តាមគម្រោង រូបគាត់ និងក្រុមគ្រួសារនឹងចាកចេញទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី១១ កុម្ភៈ។
ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណានេះ រដ្ឋាភិបាលកម្ពុជា គឺខុសពីរដ្ឋាភិបាលនៃប្រទេសដទៃខ្លះ គឺមិនបិទជើងហើរហោះជាមួយចិន និងមិនព្រមយកនិស្សិត និង ពលរដ្ឋខ្មែរចេញពីតំបន់ផ្ទុះមេរោគកូរ៉ូណានោះឡើយ។ នេះ គឺជាដោយសារតែរដ្ឋាភិបាលកម្ពុជាប្រកាន់យកជំហររួមសុខ រួមទុក្ខ ជាមួយចិនដែលជាមិត្តភក្តិចាក់ទឹកមិនលិច។ ម្យ៉ាងវិញទៀត ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញក៏យល់ឃើញថា បើសិនបិទជើងហោះហើរជាមួយចិន នោះប្រៀបបីដូចសម្លាប់សេដ្ឋកិច្ចខ្លួនឯងយ៉ាងដូច្នោះដែរ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានពន្យល់ដោយសង្កត់ធ្ងន់ថា ចំណងមិត្តភាពជាមួយចិននេះ គឺជាផ្នែកមួយនៃដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ