នយោបាយវិទូ៖ ការឌឺដងជេរគ្នារបស់បុរសខ្លាំងទាំងពីរ គ្មានប្រយោជន៍ទេចំពោះជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្មីៗនេះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឆ្លើយឆ្លង ឌឺដង រហូតដល់ជេរគ្នាផង។ ករណីទី១ ជុំវិញរឿងភាពក្លាហាន ឬកំសាករបស់លោក សម រង្ស៊ី ក្នុងការត្រឡប់ចូលស្រុកវិញ និងទី២រឿងទម្លាយសារសម្ងាត់របស់ប្រមុខរដ្ឋាភិបាល ដែលបញ្ជាឲ្យចាប់ខ្លួនលោកសម រង្សី នៅដែលលោកមកជាន់ដីស្រុកខ្មែរ។ ពីយប់មិញនេះទៀត លោក ហ៊ុន សែន បានបដិសេធការទម្លាយសារសម្ងាត់នោះ និងបានជេរលោក សម រង្ស៊ី ថាជាមនុស្សល្ងង់ទៀតផង។ ចំណែកលោក សម រង្ស៊ី ក៏តែងតែចាត់ទុក លោក ហ៊ុន សែន ថាជាមនុស្សខូច និងជាជនផ្តាច់ការ ក្រាញអំណាច។ នយោបាយវិទូខ្មែរ យល់ឃើញថា ការឌឺដងជេរគ្នារបស់បុរសខ្លាំងទាំងពីរនេះ គ្មានប្រយោជន៍អ្វីទេចំពោះ ជាតិ។
ការឌឺដង ការបង្ហាញសាច់ដុំ និងជេរប្រមាថគ្នារវាងបុគ្គលនយោបាយធំៗទាំងពីរនេះ គ្មានចំណេញអ្វីដល់ជាតិទេ។ ផ្ទុយទៅវិញ គឺមានតែនាំឲ្យបែកបាក់ ប្រេះឆាជាតិ។ នេះគឺជាការយល់ឃើញរបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា។ លោក សូ ចន្ថា គិតទៀតឃើញថា ការឌឺដងគ្នាដូច្នេះ គឺជាល្បែងនយោបាយដែលហាក់ដូចជាហួសសម័យទៅហើយ។
ជាមួយគ្នានេះ នយោបាយវិទូ បណ្ឌិត យង់ ពៅ ក៏បន្ថែមថា ឥស្សរជននយោបាយទាំងពីរដែលមានវ័យច្រើនគួរសមហើយ ដូច្នេះក៏គួរតែមានឥរិយាបថនយោបាយចាស់ទុំដែរ។ អ្នកនយោបាយធំៗនេះ គាប្បីចេះថ្នមសម្តី និងចេះជ្រើសរើសពាក្យពេចន៍ឃ្លាឃ្លោងសមរម្យសម្រាប់រិះគន់គ្នា ទៅលើគោលនយោបាយ កម្មវិធីនយោបាយ ប្រសើរជាងការជេរ ឬបង្អាប់គ្នា ជាលក្ខណៈបុគ្គល។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រមួយរូបទៀត គឺលោក ចាន់ វិបុល គិតបែបផ្សេងថា ការឆ្លើយឆ្លងគ្នានេះ គ្មានឥទ្ធិពលអ្វីដល់អារម្មណ៍ពលរដ្ឋនោះទេ ព្រោះមនុស្សខ្មែរបានយល់ច្បាស់ពីសភាពការណ៍ក្រោយការបោះឆ្នោត ហើយនេះ ក៏ពុំមែនជារឿងថ្មីដែរ។ ការណ៍ដែលសំខាន់ចំពោះអ្នកជំនាញនយោបាយរូបនេះ គឺម្ចាស់ឆ្នោត គួររក្សាភាពស្ងប់ស្ងាត់ ខិតខំប្រឹងធ្វើការរកស៊ីតាមជីវភាព និងកុំឆោឡោតាមអ្នកនយោបាយឡើយ។ ចំណែកមន្ត្រីរាជការសាធារណៈ នគរបាល ទាហាន និងតុលាការ ក៏គួរធ្វើការដោយអព្យាក្រឹត្យ ហើយកុំទោរទន់តាមឥទ្ធិពលនយោបាយ។ នេះបើជាការយោបល់របស់លោក ចាន់ វិបុល។
ថែមពីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ ជូនគតិថា អ្នកនយោបាយខ្មែរ គួរសរសេរសារណាកម្មវិធីនយោបាយរបស់ខ្លួន ទៅតាមជំនាញរបស់ខ្លួន។ ជាក់ស្តែង លោក សម រង្ស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ច គួរអង្គុយសញ្ជឹងគិតពិចារណាសរសេរទ្រឹស្តីសេដ្ឋកិច្ច ហើយដាក់ឲ្យមានការដេញដោរ រិះគន់ ប្រសើរជាងអង្គុយនិយាយ សរសេរឡូឡា។ ចំពោះបណ្ឌិត យង់ ពៅ ដដែល, អ្នកនយោបាយដែលល្អ គឺចង់ឲ្យទ្រឹស្តីរបស់ខ្លួន ត្រូវបានគេយកទៅអនុវត្ត បើទោះបីជា មិនបានកាន់អំណាច និងពុំបានអនុវត្តទ្រឹស្តីដោយដៃផ្ទាល់ខ្លួនក៏ដោយ។
ក្នុងន័យនេះដែរ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ផ្តល់យោបល់ថា ជំងឺតួឯក គួរត្រូវបញ្ចប់។ ការដែលប្រកាន់គំនិតអាញនិយមនេះហើយ ដែលនាំឲ្យមានការជេរប្រមាថគ្នា នាពេលកន្លង។ ដូច្នេះ ដល់ពេលហើយ ដែលអ្នកនយោបាយចាស់ៗ គួរផ្តល់ឱកាសដល់យុវជនអ្នកនយោបាយជំនាន់ក្រោយ ហើយខ្លួនគួរនៅធ្វើជាអ្នកប្រឹក្សា យោបល់ដល់អ្នកនយោបាយវ័យក្មេង វិញ ទើបជាការប្រសើរសម្រាប់សង្គមជាតិ។ នេះបើតាមនយោបាយវិទូ លោក សូ ចន្ថា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ