កម្ពុជា

ការ​វិវត្ត​ថ្មី​ៗ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដែល​ចម្រូង​ចម្រាស់​

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

មក​ទល់​ថ្ងៃ​នេះ គឺ​១សប្តាហ៍​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។​ បន្ទាប់​ពី​ដាក់​ឲ្យ​អនុវត្តន៍​ ច្បាប់​នេះ​បាន​រង​ប្រតិកម្ម​ជា​ច្រើន ពី​ប្រជាពលរដ្ឋ និង អង្គការ​ស៊ីវិល។ ដើម្បី​ដោះ​ស្រាយ​បញ្ហា និង ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​ផ្សេងៗ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើក​លែង ឬ​លប់​ចោល ​ការអនុវត្ត​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីនេះ ។​ 

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ម្សិល​មិញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លប់​ចោល​ប័ណ្ណ​បើក​បរ​ប្រភេទ​ ក១។ ការ​លប់​ចោល​នេះ មាន​ន័យ​ថា អ្នក​បើក​បរ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់​ពី​ ១២៥ CC ចុះ​ក្រោម​ មិន​ចាំ​បាច់​មាន​ប័ណ្ណ​បើក​បរ​ទៀត​ទេ។

ជាមួយ​គ្នា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​បង់​ប្រាក់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើក​បរ​ម៉ូតូ និង ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ប័ណ្ណ​បើកបរ​ម៉ូតូ​រួច​ហើយ ទៅ​ទទួល​យក​ប្រាក់​វិញ ប្រសិន​បើ​ពួក​គេ​ចង់​បាន។

ទោះ​យ៉ាង​ណា ការ​លប់​ចោល​ប័ណ្ណ​បើកបរ​ប្រភេទ​ ក១ នេះ មិន​ទាន់​មាន​តម្លៃ​គតិ​យុត្តិ​ដែល​អាច​អនុវត្ត​បាន​នោះ​ទេ។ នេះ​បើ​តាម​ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម កម្ពុជា។ លោក សន ជ័យ​បន្ត​ថា រដ្ឋាភិបាល​ដែល​ជា​អង្គនីតិ​ប្រតិបត្តិ​មិន​អាច​លប់​ចោល ឬ​មិន​អនុវត្ត មាត្រា​ណា​មួយ​នៃ​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា ដែល​ជា​អង្គ​នីតិ​បញ្ញត្ត​នោះ​ទេ។ លោកថា ការ​កំណត់​ឲ្យ​មាន​ប័ណ្ណ​បើក​បរ​សម្រាប់​ម៉ូតូ មាន​ចែង​នៅ​ក្នុង​មាត្រា​៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

ចំណែក លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​លើក​ឡើងថា រដ្ឋា​ភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់​លាស់ ដើម្បី​ធានា​ថា​អ្នក​បើកបរ​គ្រប់​រូប​ពិត​ជា​មាន​ចំណេះ​ដឹង និង​ជំនាញ​ច្បាស់​លាស់​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​។ លោក​បន្ត​ថា យន្តការ​ទាំង​នោះ​រួម​មាន ការ​អប់រំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​សាលារៀន ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ដល់​ថ្នាក់​មហា​វិទ្យា​ល័យ និង​ជម្រុញ​ឲ្យ​មន្រ្តី​នគរបាល​ចរាចរណ៍ ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​នៅ​ថ្នាក់​មូល​ដ្ឋាន។

ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ដែរ នៅ​ថ្ងៃ​ម្សិល​មិញ ឧត្តមសេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ សមត្ថកិច្ច​ទូទាំង​ប្រទេស​ នឹង​ផ្អាក​នូវ​ការ​ត្រួត​ពិនិត្យ​ឯកសារ​មួយ​ចំនួន​ របស់​យានយន្ត​នៅ​តាម​ដង​ផ្លូវ រហូត​មាន​បទ​បញ្ជា​ថ្មី។

លោក រុន រ័ត្នវាសនា បាន​ឲ្យ​ដឹង​ទៀត​ថា លិខិត​ស្នាម​យាន​យន្ត​ដែល នឹង​ត្រូវ​ផ្អាក​ត្រួត​ពិនិត្យ និង ​ផាក​ពិន័យ​មាន​ដូច​ជា៖
1.     យាន​យន្ត​ដែល​មិន​ទាន់​មាន​ឯកសារ​កាត់​ឈ្មោះ
2.     យាន​យន្ត​ដែល​មិន​ទាន់​មាន​ឯកសារ​ឈៀក
3.     ឯកសារ​អាជីវកម្ម​រថយន្ត​
4.     យានយន្ត​ដែល​មិន​ទាន់​មាន​ប័ណ្ណ​សម្គាល់​យាន​យន្ត (កាត​គ្រី)
5.     យានយន្ត​ដែល​មិន​ទាន់​មាន​ប័ណ្ណ​បើក​បរ

សូម​រំឮក​ថា ដើម្បី​សម្រួល​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​សាធារណ​ការ ក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​អំពី​ការ​កែប្រែ​បន្ថយ​តម្លៃ​សេវា​ប្រឡង​យក​ប័ណ្ណ​បើក​បរ និង​ការ​ប្តូរ​ប័ណ្ណ​បើក​បរ​យាន​យន្ត​ផង​ដែរ។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​១​ថ្ងៃ មុន​ថ្ងៃ​ប្រកាស​លប់​ចោល​បណ្ណ​បើក​បរ​ម៉ូតូ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI