ចូលឆ្នាំថ្មីនិយាយអំពីប្រភពនៃឈ្មោះឆ្នាំខ្មែរទាំង១២ក្នុងក្បួនហារាសាស្ត្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះ ឆ្នាំមមែចូលមកជំនួសឆ្នាំមមី។ ប៉ុន្តែ តើលោក លោកស្រី អ្នកនាង កញ្ញា យល់យ៉ាងណាដែរ ចំពោះការអះអាងរបស់អ្នកស្រាវជ្រាវបរទេសខ្លះដែលថា ឈ្មោះឆ្នាំខ្មែរទាំង១២ក្នុងក្បួនហោរាសាស្ត្រ ជាពាក្យក្លាយមកពីភាសាវៀតណាម ក្រោមឥទ្ធិពលភាសាចិននោះ? តាមពិត ចំពោះការអះអាងបែបនេះ ហោរា និងអ្នកស្រាវជ្រាវខ្មែរ បកស្រាយផ្សេងគ្នា ប៉ុន្តែជាទូទៅមិនមែនដូចការអះអាងរបស់អ្នកស្រាវជ្រាវបរទេសឡើយ។
លោក មីស្សែល ហ្វែរលុស ( Michel Ferlus) អ្នកស្រាវជ្រាវឯករាជ្យម្នាក់ ដែលធ្លាប់ធ្វើការនៅមជ្ឈ មណ្ឌលជាតិសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ (CNRS) បានអះអាងថា ឈ្មោះសត្វទាំង១២សម្រាប់សម្គាល់ឆ្នាំខ្មែរនៅក្នុងក្បួនហោរាសាស្ត្រ គឺជាពាក្យក្លាយមកពីភាសាវៀតណាម ក្រោមឥទ្ធិពលនៃភាសាចិន។
អត្ថបទ«ភស្តុតាងក្នុងការសិក្សាខាងភាសាតាមផ្លូវពាណិជ្ជកម្មពីវៀតណាមភាគខាងជើងមកឈូងសមុទ្រថៃ (សតវត្សទី៣ដល់សតវត្សទី៨) របស់លោក មីស្សែល ហ្វែរលុស ដែលផ្សាយក្នុងព្រឹត្តិបត្រសិក្សាអំពីមនខ្មែរ ( Mon-Khmer Studies) លេខ៤១ លើកឡើងថា ប្រព័ន្ធឆ្នាំទាំង១២ តំណាងដោយសត្វតាមលំដាប់ពីឆ្នាំជូតដល់ឆ្នាំកុរ មានប្រភពនៅភាគកណ្តាលនៃប្រទេសចិន ហើយរីកសាយនៅអាស៊ី។ បើតាមអ្នកស្រាវជ្រាវជនជាតិបារាំងរូបនេះ ប្រព័ន្ធឆ្នាំទាំង១២នេះត្រូវបានខ្ចីយកមកប្រើដោយប្រជាជននៅអាស៊ីភាគអាគ្នេយ៍ ក្នុងនោះមានវៀតណាមជាដំបូង បន្ទាប់មកខ្មែរ និងមន។
ចំពោះបញ្ហានេះ លោក អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានថ្លែងថា ពិតជាមានពាក្យសម្គាល់ឈ្មោះសត្វ«ខ្លះ»ក្នុងចំណោមសត្វទាំង១២នោះ បានក្លាយមកពីភាសាវៀតណាម ដែលទទួលឥទ្ធិពលចិនមែន ហើយ«ពាក្យខ្លះទៀតមកពីឥណ្ឌា»។
ផ្ទុយទៅវិញ លោក វ៉ាយ វិបុល ដែលជាទីប្រឹក្សានៃក្រសួងធម្មការនិងសាសនា និងជាហោរាផង អះអាងថា ឆ្នាំខ្មែរតំណាងដោយសត្វទាំង១២ នៅក្នុងក្បួនហោរាសាស្ត្រនោះ គឺ«បានទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនារបស់ឥណ្ឌា»ជាជាងពីចិន។
ដោយឡែក បណ្ឌិត សួន ឱសថ ដែលជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាជំនួយការផ្នែកស្រាវជ្រាវរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ចិន«បានយក»ប្រព័ន្ធឆ្នាំដែលសម្គាល់ដោយសត្វទាំង១២នោះ «ពីភាសាសំស្ក្រឹតរបស់ឥណ្ឌា»ទៅវិញទេ ហើយឈ្មោះសត្វនីមួយៗក្នុងភាសាខ្មែរគឺបានក្លាយពីភាសាសំស្ក្រឹតដោយផ្ទាល់ មិនមែនទទួលឥទ្ធិពលពីភាសាវៀតណាម និងចិនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ