ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សីលធម៌​ធ្លាក់​ចុះ គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​ខ្មែរ

សំឡេង ០៤:៤៩
សីលធម៌ធ្លាក់ចុះ គឺជាគ្រោះថ្នាក់សម្រាប់សង្គមខ្មែរ
សីលធម៌ធ្លាក់ចុះ គឺជាគ្រោះថ្នាក់សម្រាប់សង្គមខ្មែរ Internet

និយាយ​ដល់​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា សីលធម៌​ខ្មែរ​នា​ពេល​បច្ចុប្បន្ន មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​។ បារម្ភ​ព្រោះ​ថា វា​បាន​បង្ក​ការ​លំបាក និង​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​សង្គម​។ អ៊ឹម រចនា សូម​សាក​ល្បង​សិក្សា​ពី​មូលហេតុ ​នៃការ​ធ្លាក់​ចុះ​នៃ​សីលធម៌​នៅ​ក្នុង​សង្គម​កម្ពុជា ​ដូច​ត​ទៅ​៖

ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ឈាន​ទៅ​ពិភាក្សា​ពី​ការធ្លាក់​ចុះ​នៃ​សីលធម៌​នៅ​កម្ពុជា នា​ពេល​សព្វ​ថ្ងៃ​នេះ គេ​គួរ​យល់​ជា​មុន​សិន ថា​តើ​អ្វី​ទៅ​ជា​សីលធម៌​។ វចនានាក្រម​ខ្មែរ រៀបរៀង​ដោយ​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត ពន្យល់​ថា សីលធម៌ គឺ​ជា​កិរិយា​មារយាទ សណ្ដាប់​ធ្នាប់ ដំបូន្មាន ឬ​ទម្លាប់​នៃ​ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​អំពើ​អាក្រក់ ដោយ​ប្រព្រឹត្តតែ​អំពើ​ល្អ​។ តាម​ន័យ​ទូទៅ សីលធម៌ ​ដឹក​នាំ​មនុស្ស​ទៅ​រក​ផ្លូវ​ល្អ ចៀសវាង​ផ្លូវ​អាក្រក់​នៅ​ក្នុង​ជីវិត​រស់​នៅ​។ រី​ឯ មនុស្ស​ដែល​មាន​សីលធម៌ គឺ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​តែអំពើ​ល្អ​នៅ​ក្នុង​ការងារ និង​ជីវិត​រស់​នៅ ទាំង​សម្រាប់​ខ្លួនឯង សម្រាប់​ក្រុម​គ្រួសារ និង​សម្រាប់​​សង្គម។

សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​។ ថ្វីត្បិត​តែ​ពុំ​មាន​ការ​សិក្សា​ណាមួយ​បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ការ​លើក​ឡើង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​អាច​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​ទំព័រ​សារព័ត៌​មាន​ជា​រៀង​រាល់​ថ្ងៃ​។

អំពើ​កាប់​ចាក់ កូន​ចាក់​ឪពុក ឪពុក​រំលោភ​​កូន កូន​រំលោភ​ម្ដាយ ព្រះ​សង្ឃ​ឆាន់​ស្រា​ពិសារ​បាយ​ល្ងាច អំពើ​ហិង្សា​ប្ដីវាយសម្លាប់​​ប្រពន្ធ ស្នេហា​ត្រី​កោណ ក៏​ដូច​ជា​​ការ​វាយ​ប្រហារ​គ្នា​នៅ​ក្នុង​វង់​រាំ​កម្សាន្ត​ជា​ដើម លេច​ឡើង​លើ​ទំព័រកាសែត​ជា​រឿយ​ៗ និង​កាន់​តែ​ច្រើន​ឡើង​ៗ​។ ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ អំពើ​លួច​ឆក់​ប្លន់ កេង​បន្លំ រាប់​តាំង​ពី​លួចមាន់ លួច​ទា រហូត​ដល់​លួច​កិប​កេង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ថែម​ទៀត​។ ចំណែក​ការ​អួត​អាង និង​ប្រើ​ប្រាស់​​អំណាច​ពី សំណាក់​មន្ដ្រី​មាន​មុខ​មាត់​ទៅ​លើ​អ្នក​ក្រី​ក្រ​ទន់​ខ្សោយ ក៏​កើត​ឡើង​ជា​ញឹក​ញាប់​ដែរ​។ រឿង​រ៉ាវ​ ទាំង​អស់​នេះ បង្ហាញ ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ពី​ការ​ស្រុត​ចុះ​នៃ​សីលធម៌​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​។

មាន​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សីលធម៌​របស់​មនុស្ស​ខ្មែរ ធ្លាក់​ចុះ​ដុន​ដាប​គួរ​ឲ្យ​បារម្ភ​យ៉ាង​​ដូច្នេះ។

មូលហេតុ​ទី​១៖ គឺដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​លែង​យល់​ពី​តម្លៃ​របស់​សីលធម៌។ សីលធម៌ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ដើម្បី​កសាង​សង្គម​មួយ​ប្រកប​ដោយ​សុខមាលភាព និង​សន្តិភាព​។ ជា​ការ​ពិត ដើម្បី​រស់​នៅ​ក្នុង​សង្គមប្រកប​ដោយ​ភាពសុខដុម​រមនា មនុស្ស​ត្រូវ​តែ​មាន​សីលធម៌ ត្រូវ​ចេះ​គោរព​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក និងចាំ​បាច់​ណាស់ គឺត្រូវ​តែ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ដោយ​សន្តិវិធី​។ ប៉ុន្តែ នៅ​ក្នុង​សង្គម​ដែល​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ដូច​សព្វ​ថ្ងៃ ពលរដ្ឋ​ខ្មែរ ​លែង​ចេះ​ស្ដាប់​គ្នា លែង​ទុក​ចិត្ត​គ្នា លែង​ចេះ​ជួយ​យក​អាសារ​គ្នា​ទៀត។ ពលរដ្ឋ​ខ្មែរ ហាក់ដូចជាមើល​រំលង ឬ​លែង​យល់​ពី​​តម្លៃ​របស់​​សីលធម៌ ដែល​ជា​ហេតុ​ធ្វើ​ឲ្យសីលធម៌​នៅ​ក្នុង​​សង្គមជួប​ភាព​វឹកវរ ដូច​សព្វ​ថ្ងៃ​នេះ​។

មូលហេតុ​ទី​២៖ គឺ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​វប្បធម៌​បរទេស​។ ​យុវជន​ខ្មែរ ជា​ពិសេស​សិល្បៈករ និយម​ចូល​ចិត្តចម្លង​វប្បធម៌​បរទេស​មក​អនុវត្ត ទាំង​ការ​និយាយ​ស្ដី ការ​ស្លៀក​ពាក់​តុប​តែង​ខ្លួន និង​កាយវិការ ព្រម​ទាំង​ការប្រព្រឹត្តអបាយមុខ​ផ្សេង​ៗ​។ ការ​ទទួល​យក​​ឥទ្ធិពល​ពី​វប្បធម៌​បរទេស​ជ្រុល​ហួស​ហេតុ​មក​អនុវត្ត​ដូច្នេះ គឺ​ពិបាក​នឹងទទួល​យក​ខ្លាំង​ណាស់​ នៅ​ក្នុង​សង្គម​កម្ពុជា។ ពិបាក​ទទួល​យក​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​សីលធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ធ្លាក់​ចុះ​ជា​លំដាប់ គួរ​ឲ្យ​ព្រួយ​បារម្ភ​។

មូលហេតុ​ទី​៣៖ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ដឹក​នាំនៅមាន​កម្រិត​​។ អ្នក​វិភាគ​សង្គម​​មួយ​ចំនួន​បន្ទោស​​ថា ដោយ​សារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ដឹក​នាំ នៅ​មានចំណុច​ខ្វះ​ខាត ទើប​បណ្ដាល​ឲ្យ​សីលធម៌​ខ្មែរ មាន​ការធ្លាក់​ចុះ​យ៉ាង​ដូច្នេះ​។ នៅ​ក្នុង​សង្គម​ខ្មែរ ​ដែលអ្នក​ដឹក​នាំ​មាន​ឥទ្ធិពល​យ៉ាង​ច្រើន​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន គេ​អាច​លើក​កម្ពស់​សីលធម៌ តាម​រយៈ​ឆន្ទៈ​របស់​អ្នក​ដឹក​នាំ។ បើអ្នក​ដឹក​នាំ​នៅ​កម្ពុជា បង្ហាញ​ឆន្ទៈ​​ច្រើនជាងនេះ​ទៅ​ទៀត គេ​ប្រាកដ​ជា​អាច​ធ្វើ​ឲ្យសីលធម៌​នៅ​ក្នុង​សង្គម​កម្ពុជា​ប្រសើរ​ឡើង ជាក់​ជា​ពុំ​ខាន​។

ជា​ការ​ពិត ការ​លើក​កម្ពស់​តម្លៃ​សីលធម៌​សង្គម គឺ​ជា​ការងារ​ដ៏​ចាំ​បាច់​មួយ ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ នៅ​ក្នុង​ស្ថានភាព​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​នេះ​។ យ៉ាង​ណា​ក៏​ដោយ ការ​ស្រោច​ស្រង់​សីលធម៌​សង្គម​ដែល​កំពុង​ធ្លាក់​ចុះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ព្រោះ​ថា សង្គម​ដែល​មាន​សីលធម៌ គឺ​ត្រូវ​ការ​​ពលរដ្ឋ​ដែល​មាន​សីលធម៌​។ ដូច្នេះ បើ​ចង់​ឲ្យ​​សីលធម៌​នៅក្នុង​​សង្គម​កម្ពុជា​ប្រសើរ​ឡើង គេ​​ចាំ​បាច់​ត្រូវ​ការ​ពេល​វេលា និង​ការ​ចូល​រួម​ពី​គ្រប់​បុគ្គល​ទាំង​អស់​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI