កម្ពុជា-សង្គម

​ការ​បរិច្ចាក​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្ម​ភាព​កាក​បាទ​ក្រហម​កម្ពុជា កើន​ឡើង​ជាង​ឆ្នាំ​ទៅ​ជាង​២​លាន​ដុល្លា​

ការបរិច្ចាកទៅកាន់កាកបាទក្រហមកម្ពុជា
ការបរិច្ចាកទៅកាន់កាកបាទក្រហមកម្ពុជា @សហការី

សមាគម​កាក​បាទ​ក្រហម​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរស​នានា សរុប​ចំនួន​ជាង​២០,៧​លាន​ដុល្លារ គឺ​កើន​លើស​ឆ្នាំ​កន្លង​ទៅ ដែល​មាន​ចំនួន​១៨​លាន​ដុល្លារ​។ ការ​ទទួល​បាន​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​សប្បុរស​ជន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១៥៦​ឆ្នាំ នៃ​ទិវា​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ឧសភា ឆ្នាំ​២០១៩​នេះ នៅទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

ក្រោម​ប្រធាន​បទ«ខ្ញុំ​ស្រលាញ់​កាក​បាទ​ក្រហម​កម្ពុជា» លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ចំណាយ​ពេល​ស្ទើរ​១ព្រឹក ឈរ​នៅ​លើ​វិទិកា​ប្រារព្ធ​ពិធី ទទួល​ស្រោម​សំបុត្រ​ពី​សប្បរស​ជន បន្ត​បន្ទាប់​គ្នា ដើម្បី​ចូល​ថវិកា​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទ​ក្រហម​កម្ពុជា​។ សប្បរស​ជន​ដែល​បាន​បរិច្ចាក​ថវិកា​សម្រាប់​កាក​បាទ​ក្រហម​នៅ​ឆ្នាំ​នេះ រួម​មាន​ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល មន្ត្រី​រាជ​ការ​សាធារណៈ អ្នក​ជំនួញ និង​ឧកញ៉ា ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទី​បំផុត​ថវិកា​ចំនួន​ជាង ២០​លាន​ដុល្លារ ត្រូវ​បាន​ផ្តល់​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​សរុប ដោយ​កើន​លើស​ពី​ឆ្នាំ​ទៅ​ជាង​២លាន​ដុល្លារ​។ សប្បរស​ជន​ដែល​បរិច្ចាក​ថវិកា​ច្រើន​ជាង​គេ គឺ​លោក​ឧកញ៉ា ហុង ពីវ ប្រធាន​ក្រុម​ហ៊ុន​បុរី​ពិភព​ថ្មី គឺ​ចំនួន​ជិត១,៣​លាន​ដុល្លារ​។

តាម​រយៈ​ថវិកា​សប្បរស​ធម៌​ទាំង​នេះ លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​លើក​ឡើង​ថា​កាល​ពី​ឆ្នាំ​២០១៨ និង​៤ខែ ដើម​ឆ្នាំ​២០១៩​នេះ កាក​បាទ​ក្រហម​កម្ពុជា ដែល​មាន​សាខា​នៅ​តាម​រាជ​ធានី-ខេត្ត ទាំង២៥ បា​នសម្រេច​នូវ​ស​មិទ្ធ​ផល​ធំៗ​ជាច្រើន រួម​មាន​ប្រជា​ពល​រដ្ឋតាម​ជន​បទ​ដាច់​ស្រយាល​ជិត ៣ម៉ឺន​គ្រួសារ ទទួល​បាន​អណ្ដូង​ទឹក​ស្អាត​ចំនួន​១៣៩ មនុស្ស​ចាស់​គ្មាន​ទីពឹង គ្រួសារ​ពិការ​ភាព ស្ត្រី​មេម៉ាយ​ ចំនួន​១៦៧គ្រួសារ ទទួល​បាន​ផ្ទះ​ថ្មី​។

ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បន្ត​ថា ប្រជា​ពលរដ្ឋ​តាម​ជន​បទ​ចំនួន​៤៥៣​គ្រួសារ ទទួល​បាន​បង្គន់​អនាម័យ គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ និង​មនុស្ស​ចាស់​ឥត​ទីពឹង កុមារ​កំព្រា​គ្រួសារ​មាន​ជំងឺ​រ៉ាំរ៉ៃ ស្ត្រី​មេម៉ាយ​ចំនួន​ជាង​១៤ម៉ឺនគ្រួសារ ទទួល​បាន​អំណោយ​ជា​ស្បៀង សម្ភារៈ ប្រជាព​លរ​ដ្ឋ​រ​ស់​នៅ​តំបន់​ប្រឈម​ជំងឺ​គ្រុន​ចាញ់​គ្រុន​ឈាម​ចំនួន​២ម៉ឺន​គ្រួសារ ទទួល​បាន​អំណោយ​ជា​មុង​សុវត្ថិភាព ជន​ពិការ​ជើង​ចំនួន​៩៥៦​នាក់ ទទួល​បាន​រទេះ​ពិការ ប្រជា​ពល​រដ្ឋ​រស់នៅ​តាម​តំ​ប​ន់​ព្រំ​ដែ​ន​រា​ប់​រយ​គ្រួសារ ​ទទួ​ល​បាន​ប្រាក់​កម្ចី​ សម្រាប់ធ្វើដើមទុន​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI