ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​អនុវត្ត​ច្បាប់​កម្ពុជាមាន​ស្តង់ដារ​ពីរ!

សំឡេង ០៤:៣៦
រូប​តំណាង​យុត្តិធម៌​ស្តង់ដារ​ពីរ
រូប​តំណាង​យុត្តិធម៌​ស្តង់ដារ​ពីរ
ដោយ៖ អ៊ឹម រចនា
២៩ នាទី

ការ​​​​ចាប់​​ខ្លួន​​ជន​​សង្ស័យ​​ដែល​​គម្រាម​​បាញ់​​សម្លាប់​​លោក សុខ ទូច ប្រធាន​​ក្រុម​​ស្រាវជ្រាវ​​កិច្ច​​ការ​​ព្រំដែន ​បង្ហាញ​​ពី​​ប្រសិទ្ធិភាព​​នៃ​​ការងារ​​​របស់​​សមត្ថកិច្ច​ ប៉ុន្តែ​​វា​​ក៏​​បាន​ឆ្លុះ​​បញ្ចាំង​​ពី​​ស្តង់​ដារ​​ពីរ​ នៅ​​ក្នុង​​ការ​​អនុវត្ត​​ច្បាប់​​​​កម្ពុជា​​​ផង​​ដែរ​។​ ស្តង់ដារ​​ពីរ​​ព្រោះ ​សមត្ថកិច្ច​​ចាប់​​បាន​​តែ​​ជន​​សង្ស័យ​​គម្រាម​​បាញ់​​សម្លាប់​​លោក ​សុខ ទូច ​ខណៈ​​ជន​​សង្ស័យ​​ដែល​​គម្រាម​​បាញ់​​សម្លាប់​អនុប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ​​លោក កឹម សុខា កាល​​ពី​​ឆ្នាំ​​២០១៣ នៅ​​មិន​​ទាន់​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​នៅ​​ឡើយ​ រហូត​​មក​​ទល់​​ពេល​​នេះ​។ ការ​​អនុវត្ត​​ស្តង់ដារ​​ពីរ​​ដូច្នេះ​ បង្ក​​ផល​​ប៉ះពាល់​​ច្រើន​​ណាស់​​ដល់​​សង្គម​ និង​​ប្រជាប្រិយភាព​​រដ្ឋាភិបាល​។  

ផ្សាយពាណិជ្ជកម្ម

មែន​ទែន​ទៅ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ការ​រិះ​គន់​ពី​ស្តង់ដារ​ពីរ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​​កម្ពុជា​។ កន្លង​មក ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ត្រូវ​បាន​សហគមន៍​ជាតិ​និង​អន្ដរជាតិ​ចោទ​ប្រកាន់​ថា មិន​មាន​យុត្តិធម៌ ខ្វះ​តម្លាភាព គ្មាន​ភាព​ឯករាជ្យ​ជា​ដើម​។ នៅ​ក្នុង​សង្គម​ខ្មែរ ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ខុស​គ្នា​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​។

ជា​ទូ​ទៅ នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ អ្នក​មាន​ប្រាក់ មាន​អំណាច មាន​ខ្នង​បង្អែក ច្រើន​តែ​មាន​សំណាង​ជាង​អ្នក​ក្រី​ក្រ​គ្មាន​ទីពឹង​​។ មាន​រឿង​រ៉ាវ​ក្ដី​ក្ដាំ​ច្រើន​ណាស់​​ដែល​គេ​សង្កេត​ឃើញ​ថា អ្នក​មាន​ទ្រព្យ អ្នក​មាន​អំណាច និង​អ្នក​មាន​ខ្នង​បង្អែក ច្រើន​តែ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់ និង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​តុលាការ​។ ផ្ទុយ​ពី​​អ្នក​ក្រី​ក្រ គ្មាន​ទី​ពឹង គ្មាន​ខ្នង​បង្អែក​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​រំលង និង​ជា​រឿយ​ៗ ត្រូវ​ចាញ់​ក្ដី​ក្នុង​ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ​ថែម​ទៀត​ផង​។

មាន​សំណុំ​រឿង​ពីរ​សំខាន់ ដែល​គេ​អាច​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍​ដើម្បី​រំលេច​ឲ្យ​ឃើញ​ស្តង់ដារ​ពី​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ ទី​មួយ​គឺ​សំណុំ​រឿង លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ច​ការ​ព្រំដែន និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្ដរជាតិ នៃ​រាជបណ្ឌិត​សភា​។ លោក សុខ ទូច ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គម្រាម​បាញ់​សម្លាប់ តាម​រយៈ​សារ​នៅ​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី២៩​ខែ​សីហា។ មួយ​សប្ដាហ៍​បន្ទាប់​ពី​នោះ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៥​ខែ​កញ្ញា សមត្ថកិច្ច​​បាន​​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​គម្រាម​បាញ់​សម្លាប់​លោក សុខ ទូច បាន​នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ពី​ជន​សង្ស័យ​បាន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​ទឹក​ដី​កម្ពុជា​។

ចំណែក​សំណុំ​រឿង​ទី​ពីរ គឺ​ករណី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ស្រដៀង​នឹង​លោក សុខ ទូច ដែរ គឺ​កាល​ពី​ចុង​ឆ្នាំ​២០១៣ លោក កឹម សុខា បាន​ទទួល​សារ​គម្រាម​សម្លាប់​ពី​គណនី​បណ្ដាញ​សង្គម​ឈ្មោះ ផែង វណ្ណៈ​។ ភ្លាម​ៗ​បន្ទាប់​ពីនោះ ក្រសួង​មហាផ្ទៃ​បាន​កោះ​ហៅ​ឈ្មោះ ផែង វណ្ណៈ ដែល​ជា​មន្ដ្រី​នគរបាល​ក្រសួង​មហាផ្ទៃ មក​ធ្វើ​ការ​សាកសួរ​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បន្ទាប់​ពីឈ្មោះ ផែង វណ្ណៈ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​បាន​គម្រាម​សម្លាប់​លោក កឹម សុខា សំណុំ​រឿង​នេះ​ហាក់​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​។ រហូត​មក​ទល់​ពេល​នេះ ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ អាជ្ញាធរ​នៅ​តែ​មិន​ទាន់​វែក​មុខ​អ្នក​គម្រាម​សម្លាប់​លោក កឹម សុខា បាន​ទៀត​។

ស្តង់ដារ​ពី​ខុស​គ្នា​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ដូច្នេះ បាន​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទទួល​បាន​យុត្តិធម៌​។ ប្រជាពលរដ្ឋ​ក្រី​ក្រ​ត្រូវ​រង​គ្រោះ ព្រោះ​តែ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​ទ្រព្យ មាន​អំណាច មាន​ខ្នង​បង្អែក​។ ការ​អនុវត្ត​ច្បាប់​ដោយ​មាន​ស្តង់ដារ​ពីរ​ដដែល​នេះ បាន​ធ្វើ​ឲ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា វារ​ទៅ​មុខ​មិន​រួច ហើយ​ជា​ពិសេស វា​បាន​ទាញ​ទម្លាក់​​ការ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល និង​ទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច ពី​សំណាក់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ថែម​ទៀត​ផង​​។

បើ​ទោះ​បី​ជា​ថ្មី​ៗ​នេះ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​បាន​បង្ហាញការ​ប្រែប្រួល​​ជា​វិជ្ជមាន​ខ្លះ តាម​រយៈ​ការ​ដាក់​ទោស​ទណ្ឌ​លើ​​​ឧកញ៉ា និង​អតីត​មន្ដ្រី​ធំ​ៗ​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ហើយ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា គោលការណ៍​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​កម្ពុជា នៅ​តែ​​ចំណោទ​ដ៏​ធំ​ធេង​មួយ ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន​រហ័ស​។

ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​សំណាក់​សង្គម​ខ្មែរ​ទាំង​មូល។ ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​ត្រូវ​កែ​ប្រែ​ទម្លាប់​នៃ​ការ​ខ្លាច​អំណាច​អ្នក​ធំ ត្រូវ​ឈប់​ផ្ដល់​តម្លៃ​ខ្លាំង​ពេក​ទៅ​លើ​បុណ្យ​ស័ក្តិ និង​អំណាច​ និង​ត្រូវ​ឈប់​បណ្ដោយ​ឲ្យ​អ្នក​ធំ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​។ ទន្ទឹម​គ្នា​នេះ ទម្លាប់​​យល់​ញាតិ​ឃ្លាត​ច្បាប់ ក៏​ត្រូវ​តែ​លុប​បំបាត់​ចោល​ដែរ នៅ​ក្នុង​ចំណោម​ជន​ខ្មែរ ជា​ពិសេស អ្នក​ដឹក​នាំ និង​អ្នក​អនុវត្ត​ច្បាប់​។ ការ​បែង​ចែក​គ្នា​ឲ្យ​ដាច់​រវាង​អំណាច​ធំ​ៗ​ទាំង​៣​របស់​រដ្ឋ ក៏ជា​គន្លឹះ​សំខាន់​ខ្លាំង​ណាស់​ដែរ ដើម្បី​លុប​បំបាត់​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​នៅ​កម្ពុជា​។ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អំណាច​នីតិប្រតិបត្តិ មាន​ទម្ងន់​ខ្លាំង​ពេក​ទៅ​លើ​អំណាច​នីតិបញ្ញត្តិ និង​អំណាច​តុលាការ​​។

ការងារដ៏​ធំ​និង​ចាំ​បាច់​នេះ ច្បាស់​ណាស់​ថា​មិន​អាច​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​បាន​ទេ​។ វា​​ត្រូវ​ការ​ពេល​វេលា​។ ប៉ុន្តែ​សំខាន់​ជាង​ពេល​វេលា វា​ត្រូវ​ការ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI