កម្ពុជានឹងអនុវត្តរូបមន្តកំណត់តម្លៃប្រេងដើម្បីឲ្យឆ្លើបតបនឹងតម្លៃទីផ្សារពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីព្រាងប្រកាសរូបមន្តកំណត់តម្លៃប្រេងជាផ្លូវការ សម្រាប់បណ្តាស្ថានីយ៍ប្រេងឥន្ធនៈ នឹងអនុវត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទជាក់លាក់ មិនត្រូវបានបញ្ជាក់នៅឡើយនោះទេ ដោយរង់ចំាការពិនិត្យនិងសម្រេចពីប្រមុខរដ្ឋាភិបាល។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ សូមបញ្ជាក់ថា តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី ១៧ មករា នេះ មានតម្លៃទាបជាង ៣០ ដុល្លារ ក្នុងមួយប៉ារ៉ែល ខណៈដែល តម្លៃប្រេងនៅកម្ពុជា ត្រូវបានគេមើលឃើញថាមិនទាន់ឆ្លើយតបនឹងទីផ្សារពិភពលោកនៅឡើយនោះទេ ។(អត្ថបទដោយ សរ ពិសី)
រូបមន្តកំណត់ថ្លៃប្រេង សម្រាប់ស្ថានីយ៍ប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវបានដាក់ឲ្យអនុវត្តក្នុងរយៈ ពេលដ៏ខ្លីខាងមុខនេះ។ រូបមន្តដែលត្រូវបានឯកភាពដោយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈមួយចំនួន និង ក្រសួងពាណិជ្ជកម្ម តម្រូវឲ្យមានការពិនិត្យតម្លៃដាក់លក់របស់ក្រុមហ៊ុន នីមួយៗរៀងរាល់ ១០ថ្ងៃម្តង ដោយប្រើប្រាស់នូវរូបមន្តដែលបានកំណត់និងយល់ព្រម។ នេះបើតាមការឲ្យដឹងពី លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះ រូបមន្តដែលកំណត់ដោយរដ្ឋាភិបាលនោះ នឹងតម្រូវឲ្យក្រុមហ៊ុនត្រូវកាត់បន្ថយការចំណាយប្រតិបត្តិការ មកនៅ ០,២៣ ដុល្លារអាមេរិក ឬ ៩៣០ រៀលក្នុងមួយលីត្រ ដើម្បីបញ្ចុះឲ្យដល់តម្លៃលក់រាយនៅក្នុងទីផ្សារ។
លោក សង្កត់ថា ក្រុមការងារក្រសួងពាណិជ្ជកម្ម ក៏នឹងជួបជាមួយអ្នកចែកចាយប្រេងឥន្ធនៈរៀងរាល់ប្រាំមួយខែម្តង ដើម្បីពិភាក្សាពីមធ្យោបាយក្នុងការកាត់បន្ថយ ការចំណាយមួយចំនួនដែលមិនចាំបាច់ ដើម្បីឲ្យតម្លៃលក់កាន់តែប្រសើរឡើង។សេចក្តីប្រកាសក៏នឹងចែងផងដែរថា ក្រុមហ៊ុនទាំងឡាយណាដែលមិនបានអនុវត្តតាមរូបមន្តនេះ នឹងត្រូវទទួលការផាកពិន័យ និងទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណាក៏ដោយ លោក កែន រដ្ឋា មិនទាន់អាចបញ្ជាក់អំពី កាលបរិច្ឆេទនៃការអនុវត្តន៍សេចក្តីព្រាងប្រកាសនេះ នោះទេ ដោយរង់ចាំការពិនិត្យនិងសម្រេចពី ប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សេចក្តីព្រាងប្រកាសស្តីពីរូបមន្តកំណត់តម្លៃប្រេងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីតម្លៃប្រេងលក់រាយនៅកម្ពុជា កាលពីថ្ងៃទី ១៤ មករា កន្លងទៅនេះ។ ជាកិច្ចប្រជុំធ្វើឡើង ដើម្បីជជែកពិភាក្សាអំពីបញ្ហាតម្លៃប្រេងលក់រាយ ដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេងឆៅទីផ្សារសកល។
គិតត្រឹមថ្ងៃទី ១៧ ខែ មករា នេះ តម្លៃមធ្យមនៃប្រេងសាំងនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ មានតម្លៃពី ៣៤០០ រៀល ទៅ ៣៨០០ រៀល ក្នុងមួយលីត្រ ស្របពេលដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក មានតម្លៃទាបជាង ៣០ ដុល្លារក្នុងមួយបារ៉ែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ