ប័ណ្ណបើកបរជាប្រធានរឿងដ៏ចំរូងចំរាស់ ខណៈប៉ូលិសរឹតបន្តឹងច្បាប់ចាប់ពីថ្ងៃ១មករាឆ្នាំ២០១៦
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០០
ការផ្អាកការធ្វើប័ណ្ណបើកបររបស់រដ្ឋាភិបាលអាចជួយបន្ថយភាពជ្រួលច្របល់របស់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ ហើយមិនទាន់មានប័ណ្ណបើកបរឬប័ណ្ណបើកបរហួសសុពលភាព។ ជាមួយគ្នានេះ ការសម្រួលស្ថានការណ៍ជុំវិញការធ្វើប័ណ្ណបើកបរនេះគួរ មានការកែសម្រួលតម្លៃ រដ្ឋគួរធ្វើការងារនេះជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ចៀសវាងប្រជាពលរដ្ឋមានការខាតបង់បន្ថែមទៀតពីការធ្វើប័ណ្ណបើកបរតាមរយៈអ្នករត់ការ។
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះច្បាប់ចរាចរណ៍ជើងគោកថ្មីនឹងត្រូវដាក់ឲ្យអនុវត្ត ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីប៉ូលិសចរាចរណ៍នៅទូទាំងប្រទេស។ មានន័យថា ប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋដទៃទៀត បានត្រៀមលក្ខណៈរួចរាល់អស់ហើយក្នុងការនាំពលរដ្ឋខ្មែរដែលមានភារកិច្ចបើកបរនៅតាមដងផ្លូវឲ្យគោរពច្បាប់ទាំងអស់គ្នា។
ផ្ទុយពីប៉ូលិស អ្នកបើកបរយានយន្តនិងម៉ូតូ នៅមិនទាន់បានត្រៀមលក្ខណៈបានច្រើនគ្នានៅឡើយ។ បើដូច្នោះការអនុវត្តចរាចរណ៍នឹងប្រព្រឹត្តទៅដោយរលូនទេ? ប្រហែលជាមិនអាចទេ។ មិនអាចដោយសារតែមិនចាំបាច់សម្លឹងទៅមើលអ្វីវែងឆ្ងាយទេ គឺគ្រាន់តែលើកយកបញ្ហាប័ណ្ណបើកបរតែមួយមុខមកនិយាយ ក៏គេគិតថាជាផ្នែកមួយនៃឧបសគ្គក្នុងការអនុវត្តច្បាប់ទៅហើយ។
ជាការពិត មន្ត្រីនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីត្រឹមត្រូវមកទល់ចុងឆ្នាំ២០១៥នេះ មានប្រមាណជាង៣លានគ្រឿង ដោយឡែកប័ណ្ណបើកបរទំាំងឡាននិងម៉ូតូដែលចេញដោយក្រសួងដឹកជញ្ជូនមានប្រមាណមិនដល់១លានគ្រឿងផង។ ភាគច្រើននៃអ្នកបើកបរម៉ូតូនៅមិនទាន់មានប័ណ្ណបើកបរទេ ក្នុងចំណោមម៉ូតូដែលបានចុះបញ្ជីជាង២,៦លានគ្រឿង។
ហេតុដូច្នេះហើយ ការផ្សព្វផ្សាយយ៉ាងសន្ធាប់ប្រមាណជា១ខែចុងក្រោយនេះស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ បានធ្វើឲ្យពលរដ្ឋខ្មែរដ៏ច្រើនលើសលុប ដែលចាំបាច់មានការបើកបររថយន្តនិងម៉ូតូជារៀងរាល់ថ្ងៃសម្រុកទៅធ្វើប័ណ្ណបើកបរនៅតាមមន្ទីរសាធារណៈការរាជធានី -ខេត្ត និងនៅតាមសាលាបង្រៀនបើកបរឯកជននានា។
ការសម្រុកទៅធ្វើប័ណ្ណបើកបររបស់ពលរដ្ឋខ្មែរ ប្រៀបបាននឹងហេតុការណ៍ចលាចលមួយ ខណៈដែលប៉ូលិសចរាចរណ៍ព្រមានថានឹងមិនមានការលើកលែងទៀតទេ ក្នុងការអនុវត្តច្បាប់ចរាចរណ៍លើកនេះ។ ភាពរំជើបរំជួលនៃការដណ្តើមគ្នាធ្វើប័ណ្ណបើកបរនេះ បង្កើតជាឱកាសមួយយ៉ាងងាយស្រួល ទៅដល់មន្ត្រីនិងផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដូចជាតាមរយៈសាលាបង្រៀនបើកបរជាដើមទទួលបានផលចំណេញពីសេវាកម្មធ្វើប័ណ្ណបើកបរ។ មានតម្លៃចាប់ពី៣០ដុល្លារទៅដល់រាប់សិបដុល្លារ ការធ្វើប័ណ្ណបើកបរ និងពន្យាប័ណ្ណបើកបរ ដែលមិនដល់ទី កន្លែងដោយផ្ទាល់ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ បើមិនធ្វើប្រឈមនឹងប៉ូលិសផាកពិន័យ ហើយបើធ្វើអស់លុយច្រើន ពិសេសចំពោះអ្នកមានជីវភាពក្រីក្រ គឺមិនខុសអ្វីពីស្ថានភាព«ចុះទឹកក្រពើ ឡើងលើខ្លានោះទេ»។
មកដល់ចំណុចនេះ មានសំណួរសួរថា ហេតុអ្វីបានជាយូរណាស់ហើយ មិននាំគ្នាទៅធ្វើប័ណ្ណបើកបរ ទើបតែទឹកដល់ច្រមុះបាននាំគ្នាប្រជ្រៀតគ្នាធ្វើដូច្នេះ? តាមពិតពលរដ្ឋខ្មែរមួយចំនួនដែលមានភារកិច្ចធ្វើដំណើរតាមដងផ្លូវក៏មានកំហុសដែរ។ ក៏ប៉ុន្តែរឿងនេះរាលដាលតៗគ្នា ដោយសារកន្លងមកការអនុវត្តច្បាប់ចរាចរណ៍មិនមានលក្ខណៈច្បាស់លាស់។ មន្ត្រីអនុវត្តច្បាប់មិនហ៊ានជាមួយអ្នកមានធនធាននិងអ្នកមានបុណ្យសក្តិមួយចំនួន។ ការសម្រួលគ្នាក្រៅច្បាប់ចាប់ពីមន្ត្រីប៉ូលិសចរាចរណ៍ទៅដល់ប្រព័ន្ធយុត្តិធម៌ ដែលមានភាពមិនរឹងម៉ាំ។ល។ ហេតុផលទាំងអស់នេះហើយ ដែលអ្នកខ្លះយល់ថាច្បាប់ត្រូវបានអនុវត្តដោយផ្តល់ផលប្រយោជន៍ទៅលើមន្ត្រីអនុវត្តច្បាប់ ដូច្នេះគេមិនចាំបាច់ធ្វើប័ណ្ណបើកបរក៏អាចបើកបរដោយសេរីបានដែរ។
ទោះយ៉ាងនេះក្តី គេអាចនិយាយថាកិច្ចអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាល និងក្រសួងដឹកជញ្ជូន ទាន់ពេលវេលាកាលពីម្សិលមិញ ដោយមានផ្អាកការធ្វើប័ណ្ណបើកបរជាបណ្តោះអាសន្នសិន រង់ចាំសិក្សាពីតម្លៃ ដែលគ្រប់គ្នារអ៊ូរទាំថាខ្ពស់ពេកនោះ គឺជាការចាំបាច់។ ចាំបាច់ដោយហេតុថា ប្រសិនជាបណ្តោយឲ្យច្របូកច្របល់បែបនេះទៀតនោះ ជាបន្ទុកធ្ងន់ទៅលើអ្នកបើកបរដែលមានជីវភាពក្រលំបាក ដែលគ្រួសារខ្លះមានម៉ូតូចាស់មួយគ្រឿងសម្រាប់សមាជិក៣-៤នាក់។
ដូចនេះដើម្បីសម្រួលដល់ស្ថានការណ៍នេះ គប្បីមានការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរឲ្យទាបជាងមុន និងទុកពេលយ៉ាងហោចណាស់ពីកន្លះឆ្នាំទៅ១ឆ្នាំដែរ ដោយសារចំនួនអ្នកបើកបរដែលមិនទាន់បានធ្វើប័ណ្ណមានចំនួនច្រើនលើសលុប។ ម៉្យាងទៀត ការដែលអាចធ្វើប័ណ្ណបើកបរបានលុះត្រាតែមានអត្តសញ្ញាណប័ណ្ណ ក៏ប៉ុន្តែបើអត្តសញ្ញាណប័ណ្ណនៅជាបញ្ហានៅឡើយ វាជាចំណោទមួយ រួមចំណែក ក្នុងការខកខានធ្វើប័ណ្ណបើកបរ ក្នុងចំណោមប្រជាពលរដ្ឋ។
មួយវិញទៀតរដ្ឋគួរតែបង្កើតកន្លែងធ្វើប័ណ្ណបើកបរឲ្យបានច្រើននិងកន្លែងប្រឡងយកប័ណ្ណគួរតែមានទីធ្លាទូលាយ។ យកល្អគួរសម្រួលកន្លែងធ្វើប័ណ្ណបើកបរឲ្យទៅដល់មូលដ្ឋានប្រជាពលរដ្ឋរស់នៅដូចជាឃុំ-សង្កាត់ជាដើម បើអាចធ្វើទៅបាន ចៀសវាងដាក់នៅកន្លែងឆ្ងាយធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ខ្លះត្រូវឡើងចំងាយរាប់សិបគីឡូទៅដើម្បីធ្វើប័ណ្ណបើកបរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ