មន្ត្រីជំនាញ៖ ប្រជាជនកម្ពុជាជាង២លាននាក់រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្រោះរាំងស្ងួតនៅពេលថ្មីៗ បានប៉ះពាល់ដល់ប្រជាជនកម្ពុជាប្រមាណចំនួន ២លាន ៥សែននាក់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយ។ ក្រៅពីប៉ះពាល់ដល់មនុស្សហើយ គ្រោះរាំងស្ងួតក៏បានសម្លាប់សត្វរាប់រយក្បាល ត្រីរាប់សិបតោន និងបណ្តាលឲ្យមានភ្លើងឆេះព្រៃរាប់រយហិចតា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានដាក់បញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់លោកចុះប្រតិបត្តិការផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានគ្រប់ច្រកល្ហក។
គ្រោះរាំងស្ងួតខ្លាំងដែលមិនធ្លាប់មាន នៅកម្ពុជានៅពេលនេះ បានបង្កផលប៉ះពាល់ដល់ប្រជាជនរស់នៅក្នុងស្រុក និងក្រុងចំនួន ៩៣ និងឃុំ សង្កាត់ចំនួន ៣២៧ ទៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីលោក កែវ វី នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងធនធានទឹក និងឧតុនិយម។ លោកបន្តថា ក្រសួងក៏បានប៉ាន់ប្រមាណថា គ្រោះធម្មជាតិនេះបានបង្កផលប៉ះពាល់ដល់មនុស្សរហូតដល់២លាន ៥សែននាក់ឯណោះ។
ក្រៅពីប៉ះពាល់ដល់មនុស្សហើយ សត្វគោ ក្របីជាច្រើនរយក្បាលនៅក្នុងខេត្តស្ទឹងត្រែង ត្រីប្រមាណ៦៨តោន នៅក្នុងខេត្តកំពង់ធំ ក៏បានងាប់ផងដែរ ខណៈដែលកម្តៅនៅក្នុងប្រទេសកម្ពុជាឡើងដល់៤១ ទៅ៤២ អង្សារ ទៅតាមទីតាំងផ្សេងៗគ្នា។ ប៉ុន្តែគ្រោះរាំងស្ងួតនេះមិនទាន់បណ្តាលឲ្យមានមនុស្សស្លាប់នោះទេ។
ដោយសារតែគ្រោះរាំងស្ងួតនឹងត្រូវអូសបន្លាយតទៅមុខទៀត រហូតដល់ខែកក្កដា លោកនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យមន្ត្រីរបស់លោកត្រូវតែចុះធ្វើប្រតិបត្តិការណ៍ជួយចែកទឹកដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្មានទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។ លោកនាយករដ្ឋមន្ត្រីក៏បានដាក់បញ្ជាហាមមិនឲ្យមន្ត្រីនានាឡើងមកកាន់ទីក្រុងភ្នំពេញដែរ ប្រសិនបើមិនទាន់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនបានរួចរាល់នោះ។
ដោយឡែកទាក់ទងនឹងគ្រោះមហន្តរាយដែលបណ្តាលមកខ្យល់ព្យុះ និងភ្លៀងកក់ខែ ហើយនិងរន្ទះបាញ់ ដែលកើតមានឡើងចាប់តាំងពីដើមឆ្នាំ២០១៦ រហូតមកដល់នឹងពេលនេះ មានចំនួន៧៣លើក នៅក្នុងខេត្តក្រុងចំនួន ២០។ លោកកែវ វី បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ក្នុងគ្រោះមហន្តរាយនោះមានមនុស្សស្លាប់ចំនួន ៥នាក់ និងរបួស ៥៩នាក់ ដោយសារតែដើមឈើ និងផ្ទះរលំបាក់សង្កត់។ ហើយមនុស្ស១២នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស ដោយសារតែរន្ទះបាញ់នាពេលកន្លងមកនេះ។ ក្រៅពីមានមនុស្សស្លាប់និងរងរបួស ក៏មានសត្វជាច្រើនក្បាលងាប់ ហើយផ្ទះប្រជាពលរដ្ឋរាប់រយខ្នង វត្តអារ៉ាម សាលារៀន និងមន្ទីរពេទ្យជាច្រើនកន្លែងរងការខូចខាតផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ