កម្ពុជា

កម្ពុជា​នឹង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ លើក​ទី​មួយ រយៈ​ពេល ៦​ខែ នៅ​ដើម​ឆ្នាំ​២០១៧

រូបភាពចាស់៖ ការ​ដុតកំ​ទិច​គ្រឿង​ញៀន​នា​ពេល​កន្ល​ងមក
រូបភាពចាស់៖ ការ​ដុតកំ​ទិច​គ្រឿង​ញៀន​នា​ពេល​កន្ល​ងមក RFI/Channa Siv

រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃ​ទី​ ១៣ ខែធ្នូ បាន​ដាក់​ចេញ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ លើក​ទី​មួយ រយៈ​ពេល ៦​ខែ ស្រប​តាម​ទស្សន​វិស័យ «ចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។ យុទ្ធនាការ​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ តាម​រយៈ​វិធានការ អប់រំ រដ្ឋបាល អនុវត្តច្បាប់ ព្យាបាល​ ស្តារនីតិ​សម្បទា និង​សមាហរណកម្ម ព្រម​ទាំង កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ យុទ្ធនាការ​នេះ ដឹកនាំ​ដោយ ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ប្រធាន និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន ជា​អនុប្រធាន​ ដើម្បី​ប្រឹង​ប្រែង​សម្រេច​ឲ្យ​បាន ការ​ប្តេជ្ញា​ចិត្ត​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿង​ញៀន និង​រក្សា​គ្រួសារ​នីមួយ​ៗ​ជា គ្រួសារ​ស្អាត​ស្អំ​គ្មាន​គ្រឿង​ញៀន។

ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា លើក​ទី​មួយ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​អនុវត្ត​ផែន​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ បន្ថែម​ពី​លើ ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​បទ​បញ្ជា​លេខ​០១ បប ចុះ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ស្តីពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ ជា​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​កម្ពុជា រយៈ​ពេល ៦​ខែ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​០១ ខែ​មករា រហូត​ដល់ ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ស្រប​ពេល​ដែល​ និន្នាការ​ចរាចរ ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​លើ​ពិភព​លោក និង​ក្នុង​តំបន់ ​កំពុង​ជៈ​ឥទ្ធិពល​ដល់​កម្ពុជា​ ដែល​មាន​ការ​រីក​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ ពី​ទីក្រុង​ រហូត​ដល់​ជនបទ​ដាច់​ស្រយាល។

តាម​រយៈ​ផែនការ​យុទ្ធនាការ កម្រាស់ ៦ទំព័រ ចុះ​ហត្ថលេខា​ដោយ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តើម​បំផុស​ចលនា អប់រំ ជំរុញ​អនុវត្ត​វិធានការ​ច្បាប់ លើក​កម្ពស់​សមត្ថភាព​ព្យាបាល​ និង​ស្តារនីតិ​សម្បទា អ្នក​ញៀន​គ្រឿង​ញៀន ព្រម​ទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ បណ្តា​អង្គភាព​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​ជា​ដៃគូ ដើម្បី​បង្ការ ទប់ស្កាត់ កាត់​បន្ថយ​បទ​ល្មើស​ផ្សេង​ៗ ដែល​ជះ​ឥទ្ធិពល​ពី​គ្រឿង​ញៀន។ ក្នុង​ន័យ​វិធានការ​អប់​រំ គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ពី​ថ្នាក់​រាជធានី ដល់​ឃុំ សង្កាត់ និង​ក្រុម​ការងារ​ថ្នាក់​ជាតិ ត្រូវ​រៀបចំ​វេទិកា​សាធារណៈ ឬ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ អប់រំ​ប្រឆាំង​គ្រឿង​ញៀន ​ឲ្យ​បាន​យ៉ាង​តិច​ពីរ​លើក​ក្នុង​មួយ​ខែ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មួយ​កន្លែងៗ។

ជា​វិធានការ​រដ្ឋបាល ​ទីតាំង​អាជីវកម្ម​ណា ដែល​មាន​សកម្មភាព​ជួញដូរ ប្រើ​ប្រាស់​គ្រឿង​ញៀន នឹង​ត្រូវ​បិទ ដក​ហូត​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​មួយ​រយៈ ឬ​ជា​ស្ថាពរ។ លើស​ពី​នេះ ទណ្ឌិត ឬពិរុទ្ធជន​ដែល​ពាក់ព័ន្ធ​គ្រឿង​ញៀន ឬ​សេព​គ្រឿង​ញៀន នឹង​ក្លាយ​ជា​ប្រធាន​បទ​ពិចារណា គ្រប់​គ្រង​ដាច់​ដោយ​ឡែក បន្ថែម​លើ​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន ការ​លួច​នាំ​ចូល​សារធាតុ​ញៀន​ឲ្យ​ពិរុទ្ធជន ឬ​ទណ្ឌិត ឬ​ទំនាក់​ទំនង​ពី​ក្នុង​ទៅ​ក្រៅ​ពន្ធនាគារ។

ជាមួ​យ​គ្នា​ដែរ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បើក​យុទ្ធនាការ​ជា​ប្រចាំ បោស​សម្អាត​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដោយ​សហការ​ជាមួយ អាណាព្យាបាល​ សាលារៀន ឬ​សហគមន៍​ ដើម្បី​អប់រំ ព្យាបាល​នៅ​តាម​សហគមន៍ ឬ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល និង​ស្តារនីតិ​សម្បទា ករណី​ចាំបាច់​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​ក្រោម ៤៨​ម៉ោង ដោយ​ឲ្យ​ធ្វើ​ការងារ​ហត្ថកម្ម ឬ​អនាម័យ​តាម​ទីសាធារណៈ។ គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី ខេត្ត នឹង​ត្រូវ​ពិនិត្យ​លទ្ធភាព និង​លើក​សំណើ​ដើម្បី​បង្កើត​មណ្ឌល​បណ្តោះ​អាសន្ន​សម្រាប់​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន នៅ​មូលដ្ឋាន​របស់​ខ្លួន។

យុទ្ធនាការ​នេះ ដឹកនាំ​ដោយ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន និង​ឧបនាយករដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆំាង​គ្រឿងញៀន លោក កែ គឹមយ៉ាន ជា​អនុប្រធាន សំដៅ សម្រេច​ឲ្យ​បាន ការ​ប្តេជ្ញា​ចិត្ត​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿង​ញៀន និង​រក្សា​គ្រួសារ​នីមួយ​ៗ​ជា គ្រួសារ​ស្អាត​ស្អំ​គ្មាន​គ្រឿង​ញៀន។

គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ​២០១៦ អាជ្ញាធរ​កម្ពុជា បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន បាន​ជាង ៤.១៩១ ករណី (៤ពាន់ករណី) ចាប់​ជន​សង្ស័យ​បាន ៩.៨០២នាក់ (ជិត មួយមឺននាក់) និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង ១៧៥គីឡូក្រាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI